ប្រទេសឥណ្ឌូនេស៊ី៖ កាលពីពេលថ្មីៗនេះ កាសែតដេលីមែល បានចុះផ្សាយហេតុការណ៍ ដ៏រន្ធត់មួយ បានកើតឡើងនៅក្នុងប្រទេស ឥណ្ឌូនេស៊ី ដោយបុរសដែលជាសន្តិសុខម្នាក់ ឈ្មោះ រ៉ូបឺត ណាបាបាន់ អាយុ៣៧ឆ្នាំ ដែលត្រូវបានសត្វពស់យក្ស ដ៏ធំនិងវែងមួយក្បាល ដេញវាយប្រហារ។

បើតាមព័ត៌មាន បានឲ្យដឹងថា ពស់យក្សនោះ បានដេញវាយប្រហារបុរសខាងលើ ខណៈពេលដែលរូបគាត់ កំពុងតែដើរត្រលប់ទៅផ្ទះរបស់គាត់វិញ តែសំណាងខ្លាំងណាស់ ដែលលោករ៉ូបឺត មិនខ្លាចសត្វពស់ ហើយគាត់មានស្មារតីរឹងមាំ តស៊ូជាមួយសត្វពស់យក្សនោះ អស់ពីកម្លាំងកាយរបស់គាត់ ដោយមិនព្រមឲ្យសត្វពស់យក្ស មួយក្បាលនោះលេបរូបគាត់បានឡើយ ។

ហេតុការណ៍នេះ បានកើតឡើង កាលពីថ្ងៃទី៣០ ខែកញ្ញា ២០១៧ ថ្មីៗនេះ ដោយលោករ៉ូបឺត និងមិត្តភក្តិម្នាក់ទៀត បានដើរត្រលប់ទៅផ្ទះវិញ ដែលស្ថិតនៅក្នុងភូមិ អ៊ិក រ៉ាគិរី ហូឡូ ខេត្តរិអាវ ភាគកណ្តាលកោះសុម៉ាត្រា ប្រទេសឥណ្ឌូនេស៊ី។

ខណៈពេលដែលដើរ ដល់កណ្តាលផ្លូវ ពួកគេបានប្រទះឃើញ ពស់ថ្លាន់យក្សមួយក្បាល ដែលមានប្រវែង៧ម៉ែត្រ វានៅលើផ្លូវ ហើយពេលនោះ ពួកគេបានរត់គេចចេញពីសត្វពស់នោះ តែសត្វពស់យក្សនោះ បានវារចូលទៅចឹក និងលេបលោករ៉ូបឺត។ ពេលនោះពស់ថ្លាន់ បានចឹកចំដៃខាងឆ្វេង របស់លោករ៉ូបឺត បន្ទាប់មកចាប់ផ្តើម យកខ្លួនរបស់វា រឹតជើងរបស់គាត់ទៀតផង។

ខណៈពេលដែលពស់ថ្លាន់ រឹតជើងរបស់បុរសខាងលើ មិត្តភក្តិរបស់គាត់ បានចូលទៅជួយ ហើយបានស្រែកហៅអ្នកភូមិ ដែលនៅក្បែរនោះមកជួយ ចាប់ពស់យក្សនេះបាន ហើយលោករ៉ូបឺត ត្រូវបានគេបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យភ្លាមៗផងដែរ តែគាត់មិនមានគ្រោះថ្នាក់ដល់ជីវិតនោះទេ តែរងរបួសខ្លាំងគួរសម ។

ពស់ថ្លាន់យក្សនោះ ត្រូវបានប្រជាជនវាយសម្លាប់ ហើយអូសយកទៅចងក្នុងភូមិ ដោយប្រជាពលរដ្ឋដែលរស់នៅ ក្នុងភូមិនេះ បាននាំគ្នាថតរូបទុកផងដែរ។ ដោយឡែកប្អូនស្រីបុរសរងគ្រោះ បានថតរូបពស់ខាងលើ បង្ហោះក្នុងគណនីរបស់ខ្លួន ដោយសរសេរថា “មហាសំណាង ដែលមានប្រជាជន និងមិត្តភក្តិគាត់បានឃើញ កុំអីមិនដឹងថា រូបគាត់ទៅជាយ៉ាងណានោះឡើយ” ៕

ប្រភព៖ សារព័ត៌មាន កាពូក
ដោយ rin KBN