ថៃ៖ ក្រោយពីវីដេអូឃ្លីបមួយ ដែលបង្ហាញពីសកម្មភាពអ្នកកំដរកូនកំលោះនាំគ្នាបាញ់កាំភ្លើងចូលព្រៃក្នុងថ្ងៃរៀបការ ត្រូវបានស៊ែជាច្រើននាក់រួចមក ស្រាប់តែប៉ូលិសតាមចាប់ខ្លួនបានចំនួន ១០នាក់ ដែលហេតុការណ៍មិនធ្លាប់កើតមានមកនេះ បានកើតឡើងនៅភូមិ៩ ឃុំ ហាន ភូត ស្រុកខោឆៃសន ខេត្តផាតផាលុង ប្រទេសថៃ ។

ប៉ូលិសបានឱ្យដឹងថា ក្រោយពីមានសេចក្ដីរាយការណ៍ជុំវិញករណីខាងលើនេះ សមត្ថកិច្ចក៏បានចុះទៅដល់កន្លែងកើតហេតុ ព្រមទាំងរឹបអូសបានកាំភ្លើងខ្លីប្រវែង ៩មីលីម៉ែត្រចំនួន ៩ដើម និងកាំភ្លើងវែងចំនួន ៦ដើម គ្រាប់ចំនួន ៤៥គ្រាប់ ។

ក្រោយកើតហេតុ ប៉ូលិសក៏បានចាប់ខ្លួនមនុស្សពាក់ព័ន្ធ ព្រមទាំងកូនកំលោះក្រមុំផងដែរ ដើម្បីសាកសួរ ។ នៅចំពោះមុខសមត្ថកិច្ច កូនកំលោះបាននិយាយថា ខ្លួន និងបក្ខពួកពុំមានបំណងអាក្រក់អ្វីឡើយ ពោលគឺគ្រាន់តែចង់សប្បាយប៉ុណ្ណោះ មិននឹកស្មានថាមានកំហុសដល់ថ្នាក់ហ្នឹងឡើយ ។
ខណៈនេះ ក្រុមប៉ូលិសកំពុងធ្វើឯកសារ បញ្ជូនជនទាំងនេះទៅកាន់តុលាការ ដើម្បីដោះស្រាយតាមច្បាប់ ៕
សហការី KBN
ប្រភព៖ kapook