ព្រៃវែង៖ បច្ចុប្បន្ននេះ យើងសង្កេតឃើញវិទ្យាសាស្ត្រ មានភាពរីកចម្រើនខ្លាំង គួរឲ្យកត់សំគាល់ ដែលធ្វើឲ្យមនុស្សជំនាន់ក្រោយ មិនសូវជឿលើ អបិយជំនឿ វិញ្ញាណ ខ្មោចព្រាយ បិសាច និងបារមីអរូបិយប៉ុន្មានឡើយ ប៉ុន្តែជាមួយគ្នានេះ ក៏មានមនុស្សជាច្រើន នៅតែមានជំនឿលើផ្លូវងងឹកទាំងអស់នេះ ពោលគឺសូម្បីតែ ប្រទេសលោកខាងលិច ដែលមានការរីកចម្រើនខ្លាំង ទៅលើវិស័យបច្ចេកវិទ្យា វិទ្យាសាស្រ្ត ក៏នៅតែមិនទាន់ មានអំណះអំណាងច្បាស់លាស់ នៅឡើយទេថា នៅលើលោកនេះមាន ឬគ្មាន វិញ្ញាណខ្មោច ព្រាយ ជាដើម ។

ទាក់ទងជាមួយគ្នានេះដែរ ថ្ងៃនេះក្រុមការងារយើង បានលើកយករឿងមួយ ដែលមនុស្សចាស់ៗ រស់ក្នុងឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង អះអាងថាជារឿងពិត ដែលវាបានកើតឡើងប្រហែលជាង១០ឆ្នាំមុន ប៉ុន្តែរឿងនេះនៅតែដិត ជាប់អារម្មណ៍ពួកគាត់ជានិច្ច ។ អ្នកស្រុកអ្នកភូមិ រស់នៅតំបន់ខាងលើ បានលើកយកផ្ទះមួយខ្នង ស្ថិតក្នុងភូមិមាត់ព្រៃ ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង ដោយកាលពីជាង១០ឆ្នាំមុន ផ្ទះមួយខ្នងនេះ ត្រូវបានម្ចាស់បោះបង់ចោល ទុកឲ្យនៅព័ន្ធព័ទ្ធទៅដោយព្រៃក្រាស់រុំជញ្ជាំង និងដំបូលផ្ទះ ដែលមើលទៅគួរឲ្យខ្លាចបំផុត ។

រឿងហេតុដែលបណ្ដាល ឲ្យម្ចាស់ផ្ទះសម្រេចចិត្ត​ នាំគ្នាទៅរស់នៅកន្លែងផ្សេង ហើយបោះបង់ផ្ទះ ដែលទើបសង់មិនទាន់ទាំងបាន រស់នៅស្រួសខ្លួនផងនោះ គឺដោយសារ មានរឿងរាវចម្លែកៗ ព្រឺក្បាលកើតឡើងជាច្រើន ដូចជាមានសំឡេង មនុស្សសើចសប្បាយនៅក្នុងផ្ទះ មានសំឡេងដាំបាយធ្វើម្ហូប លាងចាន ហើយមិនតែប៉ុណ្ណោះ មានសំឡេងស្រែកហៅម្ចាស់ផ្ទះ មកហូបបាយជាមួយក៏មានដែរ ទាំងកណ្ដាលយប់អាធ្រាត និងកណ្ដាលថ្ងៃត្រង់ក៏មាន ពេលដែលម្ចាស់ផ្ទះ មកសម្រាន្តលេង ជុំគ្រួសារនៅខាងក្រោមផ្ទះ ។

លោកអ៊ុំម្ចាស់ផ្ទះធ្លាប់បានប្រាប់ អ្នកស្រុកអ្នកភូមិថា ថ្ងៃមួយពេលថ្ងៃត្រង់ គាត់មកពីស្រែអស់កម្លាំង ក៏បានប្រាស់ដេក នៅលើអង្រឹងក្រោមផ្ទះ ហើយមិនដឹងថា ពេលនោះកូន និងប្រពន្ធរបស់គាត់ទៅចំការទេ ព្រោះគាត់បានឮសំឡេង រណ្ដំចានឆ្នាំង ហើយមានក្លិនឈ្ងុយធ្វើម្ហូបផងដែរ ។ ដោយសារក្លិនឈ្ងុយ នៅតែបន្តយូរទៅៗ ទើបលោកអ៊ុំអត់ទ្រាំមិនបាន ក៏បានស្រែកចំឈ្មោះប្រពន្ធគាត់ថា «…បានម្ហូបអី? យូរម៉េស មិនទាន់បានបាយស៊ីទៀត…» គ្រាន់តែគាត់ស្រែកសួរប៉ុណ្ណឹង សំឡេងរណ្ដំចានឆ្នាំ និងក្លិនឈ្ងុយដែលជះចេញពីចង្រ្កាន បានបាត់ទាំងអស់។

ទ្រាំមិនបានដោយមានការសង្ស័យ លោកអ៊ុំបានឡើង តាមជណ្ដើរផ្ទះទៅមើល ស្រាប់តែឃើញ ទ្វារផ្ទះបិទជិត ថែមទាំងចាក់សោរក្រៅថែមទៀតផង។ ឃើញដូចនេះ មិនបង្អង់យូរ លោកអ៊ុំបានដាក់មេប្រូច ទៅអង្គុយដង្ហត់នៅផ្ទះអ្នកជិតខាង រង់ចាំប្រពន្ធកូន មកពីចំការវិញ ទើបហ៊ានចូលផ្ទះ ។ គួរបញ្ជាក់ថា រឿងរ៉ាវដដែលៗនេះ នៅតែបន្តឲ្យដឹងឮគ្រប់គ្នា នៃសមាជិកគ្រួសាររបស់ម្ចាស់ផ្ទះមួយខ្នងនេះ​ រហូតទ្រាំមិនបាន ក៏សម្រេសចិត្តចាកចេញពីផ្ទះ ទៅរស់នៅលើដីចំការ របស់ពួកគាត់ក្បែរជើងភ្នំ ។

ក្រោយមកទៀត បន្ទាប់ពីម្ចាស់បានបោះបង់ហើយ ផ្ទះមួយខ្នងនោះ ត្រូវបានអ្នកស្រុកភូមិហៅថា «ផ្ទះតាស្រ៊ុន» ហើយគ្រាន់តែឮឈ្មោះផ្ទះនេះ ក៏មានអារម្មណ៍ព្រឺឆ្អឹងខ្នងដែរ ព្រោះទាំងក្មេង ចាស់ ប្រុសស្រី នៅក្នុងភូមិ សុទ្ធតែដឹងថា ផ្ទះមួយខ្នងនោះ មានគ្រួសារខ្មោចរស់នៅ ។ អ្នកភូមិបាននិយាយថា ថ្ងៃមួយមានបុរសអ្នកដឹកជ្រូកលក់ម្នាក់ (ជំនាន់នោះ គេជិះកង់ឌុបជ្រូក) ជាអ្នកស្រុកផ្សេង ត្រូវបានខ្មោចស្រី នៅក្នុងផ្ទះនោះ លងទាំងកណ្ដាលថ្ងៃ ដោយបានបង្ហាញខ្លួន ដូចមនុស្សធម្មតា មានពកូ​ននៅចង្កេះទៀតផង ហើយបានស្រែកហៅ អ្នកលក់ជ្រូកនោះ ឲ្យឈប់ព្រោះចង់ទិញជ្រូកចិញ្ចឹម។

គាត់បាននិយាយបន្តថា គ្រាន់តែបត់កង់ចូលផ្ទះខ្មោចខាងលើភ្លាម ស្រាប់តែគ្មានឃើញមនុស្សសូម្បីតែម្នាក់ ហើយផ្ទះក៏មានសភាព ព្រៃដុះជិតជុំថែមទៀត ធ្វើឲ្យបុរសនោះព្រឺក្បាលបណ្ដើរ ជិះកង់រត់មិនងាកក្រោយឡើយ។ ហេតុការណ៍ខ្មោចលង នៅក្នុងផ្ទះតាស្រ៊ុន នៅតែដក់ជាប់អារម្មណ៍ អ្នកស្រុកអ្នកភូមិ ប៉ុន្តែកាលពីប៉ុន្មានឆ្នាំមុន ម្ចាស់ផ្ទះបាននាំគ្នា មករស់នៅវិញ ដោយមានពិធីសែនព្រេន សូត្រមន្តបណ្ដេញឧបទ្រពចង្រៃចេញពីផ្ទះ ហើយរុះរើគ្រឿងផ្ទះចាស់ៗ យកទៅប្រគេនព្រះសង្ឃ និងរស់នៅយ៉ាងសុខសាន្ត ដោយបានប្រាប់អ្នកជិតខាងថា «ស្ងប់ស្ងាត់វិញហើយ» ៕

https://3.bp.blogspot.com/-GxiRZXZr7ls/WuM1Nh_0WlI/AAAAAAAAHeA/utA0xmxnSoIWjDhkKpSnvTohiraFy6AYgCLcBGAs/s1600/Screen%2BShot%2B2018-04-27%2Bat%2B9.35.10%2BPM.jpg