ខេត្តព្រៃវែង៖ ក្មេងស្ទាវមួយក្រុមបានប្រើល្បិច នាំយុវតីម្នាក់ទៅដើរ ក្នុងអំឡុងបុណ្យចូលឆ្នាំ ហើយនាំនាងចូលក្នុងផ្ទះសំណាក់ចាប់​រំលោភ​បូក ក៏ត្រូវសមត្ថកិច្ចចុះទៅឃាត់ខ្លួន កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ នៅក្នុងភូមិសទ្ធា ឃុំរំចេក ស្រុកព្រះស្ដេច។

បើតាមសម្ដីរបស់ជនរងគ្រោះ បានឲ្យដឹងថា កាលពីវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៨​ ទើបនឹងកន្លងផុតទៅថ្មីៗនេះ ជនសង័្សយ ឈ្មោះ តុន រាជ និងឈ្មោះ ផន សីហា​ បានប្រើល្បិចល្បួងនាង នាំទៅចាប់រំលោភសេពសន្ថវៈ នៅក្នុងផ្ទះសសំណាក់ជ័យជំនះ ស្ថិតក្នុងភូមិអ្នកលឿង ឃុំអ្នកលឿង ស្រុកពាមរក៏ ខេត្តព្រៃវែង។ បន្ទាប់ពីកើតមាននូវរឿងអាស្រូវបែបនេះ នាងបានយករឿង​រ៉ាវទាំងនោះ មកប្រាប់ឪពុកម្ដាយ ទើបនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ ឪពុកបង្កើតរបស់នាង ​បាននាំនាងបានទៅដាក់ពាក្យប្ដឹង។

មន្ត្រីអាវុធហត្ថស្រុកព្រះស្ដេច បានឲ្យដឹងថា ជនសង័្សយជាប់ពាក់ព័ន្ធឹងករណីចាប់រំលោភសេពសន្ថវៈ ដែលសមត្ថកិច្ចឃាត់ខ្លួន ទី១-ឈ្មោះ វន់ សុខរិទ្ធី ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិសទ្ធា ឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែង ទី២-ឈ្មោះ ផន សីហា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាសិស្ស រស់នៅភូមិសទ្ធា ឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែង និង ទី៣-ឈ្មោះ តុន រាជ ភេទ ប្រុស អាយុ២១ឆ្នាំ រស់នៅភូមិសទ្ធា ឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ រីឯនារីរងគ្រោះ ឈ្មោះ ប ស អាយុ១៧ឆ្នាំ មុខរបរជាកម្មការិនីរោងចក្រ មានលំនៅក្នុងឃុំរំចេក ស្រុកព្រះស្ដេច។

មន្ត្រីអាវុធហត្ថស្រុកព្រះស្ដេច បានបន្តថា​ បន្ទាប់ពីមានពាក្យបណ្ដឹងពីជនរងគ្រោះ ទើបសមត្ថកិច្ចបានចុះទៅឃាត់ខ្លួនជនសង័្សយទាំង៣នាក់ខាងលើ នាំមកសាកសួរ។ នៅពេលនោះ ជនសង័្សយបានសារភាពប្រាប់សមត្ថកិច្ចថា ពួកគេទាំង៣នាក់ពិតជាបានចាប់នារីរងគ្រោះរំលោភសេពសន្ថវៈប្រាកដមែន។ ចំណែកឈ្មោះ វន់ សុខរិទ្ធី មិនបានរំលោភនាងទេ គឺគ្រាន់តែបានចាប់ឱបថើបជនរងគ្រោះតែប៉ុណ្ណោះ។

ក្រោយទទួលបានចម្លើយសារភាពរបស់ជនសង័្សយ និងមានពាក្យបណ្ដឹងពីជនរងគ្រោះផង សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនជន​សង័្សយទៅបញ្ជូនទៅតុលាការ ផ្ដន្ទាទោស តាមច្បាប់៕