ខេត្តកំពង់ចាម៖ អគ្គីបានលេបត្របាក់ផ្ទះអស់មួយខ្នង បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០ និង១០នាទីព្រឹក ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ នៅក្នុងភូមិប្រាសាទ ឃុំវិហារធំ ស្រុកកំពង់សៀម។

ប្រភពព័ត៌មានពីអ្នកភូមិ បានឲ្យដឹងថា មុនពេលកើតមាននូវគ្រោះអគ្គិភ័យនោះ ម្ចាស់ផ្ទះបានបិទទ្វារផ្ទះចេញទៅក្រៅបាត់ ហើយក្មេងៗ​បាននាំគ្នាលេងភ្លើងនៅខាងក្រោមផ្ទះ។ លុះមកដល់វេលាខាងលើ ស្រាប់តែកើតមាននូវគ្រោះអគ្គិភ័យបែបនេះតែម្ដង។

មន្ត្រីនគរបាលស្រុកកំពង់សៀម បានឲ្យដឹងថា ផ្ទះដែលរងនូវគ្រោះអគ្គិភ័យនោះ មានបណ្ដោយប្រវែង១២ម៉ែត្រ និងទទឹងប្រវែង៥ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស័ង្កសី និងជញ្ជាំងសង័្កសី មានម្ចាស់ឈ្មោះ ចយ ហ៊ន់ ភេទប្រុស អាយុ៦៣ឆ្នាំ រស់នៅក្នុងភូមិ-ឃុំខាងលើ។ ក្នុងការជួយអន្តរាគមន៍ពន្លត់អគ្គិភ័យនេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តចំនួន៣គ្រឿង ដោយប្រើប្រាស់ទឹកអស់៤ស៊ីទែន។

ទោះជាយ៉ាងណា នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យ មិនមានអ្នកណាម្នាក់រងរបួសនោះទេ។ រីឯទំហំ នៃការខូចខាត ក៏សមត្ថកិច្ចមិន​ដឹង​ដែរ៕