ខេត្តព្រះសីហនុ៖ បន្ទាប់ពីរាជរដ្ឋាភិបាលបានប្រគល់សិទ្ធិឲ្យក្រុមហ៊ុន​វិនិយោគ​ក្នុងស្រុក​ចំនួន​២ ​អភិវឌ្ឍលើ​កោះទន្សាយ​ដែលមាន​ផ្ទៃដី​ជាង​៥០​ហិ​កតារនោះមក សម្ដេចនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ នៅ​​ក្នុង​ពិធី​សម្ពោធ​​សណ្ឋាគារ​លំដាប់​ផ្កាយ​៥ «​ដឹ​រ៉ូ​យ៉ា​ល់ សេន កោះ​រ៉ុ​ង​» របស់​លោក​ឧកញ៉ា គិត ម៉េ​ង ស្ថិត​ភូមិ​សុខសាន្ដ សង្កាត់​កោះ​រ៉ុ​ង ខេត្ត​ព្រះ​សីហ​នុ នា​ព្រឹក​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០១៨​នេះថា រាជរដ្ឋាភិបាលបានសម្រេចដកហូតកោះនោះមកអភិវឌ្ឍដោយខ្លួនឯងវិញ និង​ព្រមាន​ដក​យក​កោះ​ចំនួន​៣០​ពី​ក្រុមហ៊ុន​ឯកជន​ត្រឡប់​មក​វិញ ដោយសារ​ក្រុមហ៊ុនមិន​មានការ​អភិវឌ្ឍ។

សម្ដេចតេជោ ហ៊ុន សែន បានបន្តថា ដី​នៅ​លើ​កោះ​រ៉ុ​ង មិនមែន​ជាដីរបស់អ្នកឧកញ៉ា គិត ម៉េ​ង នោះ​ទេ គឺជា​ដី​របស់​រដ្ឋ ហើយ​រដ្ឋ​បាន​ប្រគល់​សិទ្ធិ​ឱ្យក្រុមហ៊ុន​ឯកជន​អភិវឌ្ឍន៍។ កោះ​រ៉ុ​ង​ជា​សម្បត្តិ​របស់​រដ្ឋ គ្រាន់តែ​រដ្ឋ​ផ្តល់​សិទ្ធិ​ឱ្យ​ក្រុមហ៊ុនឯកជនវិនិយោគ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ និង​ផ្តល់​ការងារ​ដល់​ពលរដ្ឋតែប៉ុណ្ណោះ។ ដី​នៅ​លើ​កោះ​រ៉ុ​ង​នេះ ជា​ដី​របស់​រដ្ឋ ហើយ​កោះ​ដទៃ​ក៏​ដូច​គ្នា​ដែរ​។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បាន​ព្រមាន​ដល់មន្ត្រី​មាន​អំណាច​មួយ​ចំនួន​ដែល​នៅ​ពីក្រោយ​ខ្នងប្រជាពលរដ្ឋ​ លើ​បញ្ហា​ទំនាស់​ដីធ្លី​ នៅ​លើ​កោះ​រ៉ុ​ង ដោយសម្ដេចបាន​ជំរុញ​ឱ្យ​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់ ដោះស្រាយ​នូវ​បញ្ហាជម្លោះ​ដីធ្លី​ប្រជាពលរដ្ឋចំនួន៥៨៤​ក្បាលដី នៅ​កោះ​រ៉ុ​ង ដែល​អ្នកខ្លះ​ទើប​តែទៅ​រស់នៅ។

សម្ដេចនាយករដ្ឋមន្ត្រី បានបន្តថា មន្ត្រី​ទាំងអស់​ត្រូវតែ​អនុវត្ត​តាម​ច្បាប់ មិន​ត្រូវ​អនុវត្ត​តាម​បទបញ្ជា​នោះ​ទេ ហើយ​ថាបើ​អ្វី​ៗ​ទាំងអស់ ចាំបាច់​តែ​នាយក​រដ្ឋមន្ត្រី​ដោះស្រាយ​នោះ មិនបាច់​ចាំ​មាន​រដ្ឋមន្ត្រី​តាម​ក្រសួង​នោះ​ទេ។ នៅ​អាណត្តិ​ក្រោយ សម្ដេច​នឹង​មិន​ដាក់​រដ្ឋមន្ត្រី​ណា​ដែល​អសកម្ម មិន​ធ្វើការ ហើយបែរជា​ទុក​ការងារ​ឲ្យ​នាយក​រដ្ឋមន្ត្រី​ធ្វើ ​និង​ដោះស្រាយ។

សណ្ឋាគារដ៏ទំនើបនេះ គឺបានចំណាយទឹកប្រាក់សាងសង់អស់ប្រមាណជា៤០លានដុល្លារក្នុងដំណាក់កាលទី១ដែលមាន​លក្ខណៈជាវីឡាចំនួន​៦៧ខ្នង(១៤៨បន្ទប់) ដែលបានបង្ហាញពីសក្ដានុពលទេសចរណ៍របស់ប្រទេសកម្ពុជា និងការរីកចម្រើន​ នៃសេវាកម្មទេសចរណ៍លំដាប់អន្តរជាតិនៅលើទឹកដីប៉ែកនិរតី នៃតំបន់សមុទ្រនេះ ។

សម្តេចតេជោ ហ៊ុន សែន មានសេចក្តីរីករាយ ដែលបានអញ្ជើញមកកាន់កោះរ៉ុងជាលើកទី១នេះ និងមោទនភាពចំពោះការវិនិយោគសណ្ឋាគារលំដាប់ផ្កាយ៥ដើម្បីបំពេញសេចក្តីត្រូវការ និងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្តល់នូវអនុសាសន៍ដល់ក្រសួងជំនាញពាក់ព័ន្ឋទាំងអស់ គឺមិនអោយក្រុមហ៊ុនវិនិយោគសាងសង់ខ្ពស់ជាង៣ជាន់ឡើយនៅតាមឆ្នេរកោះបែបនេះ។ សម្តេចតេជោ សង្ឃឹមថានឹងមានកោះជាច្រើនទៀតដែលមានការវិនិយោគកើតឡើងជាបន្តបន្ទាប់ដូចកោះរ៉ុងនេះ។

នៅថ្ងៃនេះដែរ​ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍​បញ្ជាក់ជាចុងក្រោយថា កោះរ៉ុង និងកោះដទៃទៀត នៅក្នុងប្រទេសកម្ពុជា គឺជាកោះរបស់រដ្ឋ មិនមែនជារបស់ឯកជន​នោះទេ​រួមទាំងកោះរ៉ុងនេះក៏មិនមែនជារបស់​ ឧកញ៉ា​ គិត​ ម៉េង ដែរ។ ប៉ុន្តែរាជរដ្ឋាភិបាលបានប្រគល់សិទ្ធិជូនក្រុមហ៊ុន​ Royal Group ដើម្បីអភិវឌ្ឍន៍ក្នុងរយះពេលសមស្របមួយដែលបានកំណត់​ដោយអាជ្ញាប័ណ្ណវិនិយោគ។

កន្លងមកគឺមានក្រុមហ៊ុនមួយចំនួនបានទទួលអាជ្ញាប័ណ្ណនិងសិទ្ឋិវិនិយោគលើ​កោះ ប៉ុន្តែពួកគេមិនបានធ្វើអ្វីទាំងអស់ គឺសម្តេចតេជោបានបញ្ជាទៅឲ្យក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាសើរើពិនិត្យ នឹងដកហូតយកមកវិញទាំងអស់។ ទន្ទឹមនឹងនោះ​ គឺមានក្រុមហ៊ុនមួយចំនួនក៏បានយកទៅលក់អោយក្រុមហ៊ុនដទៃដែលខុសនឹងច្បាប់រដ្ឋ។ ដូច្នេះត្រូវដកយកមកវិញទាំងអស់។​ សម្តេចតេជោបានបញ្ជាក់ថា​ កោះទន្សាយ​ គឺត្រូវដកយកមកមុនគេ។

នៅថ្ងៃនេះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមាន​ប្រសាសន៍បញ្ជាក់សង្កត់ធ្ងន់ៗទៅកាន់អ្នកមានអំណាច និងអ្នកមានទ្រព្យមួយចំនួនដែលកន្លងមកតែងតែមកកាងកាន់កាប់ និងទន្ទ្រានយកដីរដ្ឋមួយចំនួននៅតំបន់កោះរ៉ុងនេះ គឺត្រូវតែដកខ្លួនចេញជាបន្ទាន់។ ពួកអ្នកមកទន្រ្ទាន គឺភាគច្រើនមិនមែនរស់នៅកោះរ៉ុងនោះទេ គឺមួយចំនួនរស់នៅក្រុងភ្នំពេញ ឬកន្លែងផ្សេងៗ។ ទន្ទឹមនឹងនេះ សម្តេចតេជោ បានបញ្ជាក់ប្រាប់ឲ្យលោកអភិបាល​ខេត្តព្រះសីហនុ​ ពិនិត្យនិងបញ្ឈប់សកម្មភាពកាប់ឈើទន្ទ្រានយកដី ឬយកឈើលក់ខុសច្បាប់ គឺត្រូវតែឈប់ជាបន្ទាន់។

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ និងបញ្ជាអោយក្រសួងរៀបចំដែនដីពិនិត្យដោះស្រាយក្បាលដីចំនួន៥៨៤ក្បាលដី ជូនប្រជាពលរដ្ឋអោយបានត្រឹមត្រូវ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏សំនូមពរអោយប្រជាពលរដ្ឋទាំងអស់ដែលរស់នៅកោះរ៉ុងនេះត្រូវចូលរួមសហការជាមួយអាជ្ញាធរ ក៏ដូចជាក្រុមហ៊ុនអភិវឌ្ឍន៍នានា ដើម្បីថែរក្សា និងអភិវឌ្ឍន៍កោះរ៉ុងនេះអោយកាន់តែមានភាពស្រស់បំព្រងបន្ថែមទៀត។ ផ្ទៃដីដែលប្រគល់ជូនគឺពលរដ្ឋអាចអាស្រ័យផល និង​រស់នៅបាន ប៉ុន្តែពុំមានសិទ្ឋិចាត់ចែងឡើយ។

នៅក្នុងដំណើរ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានអញ្ជើញមកកាន់ទឹកដីកោះរ៉ុងថ្ងៃនេះគឺបានបិទបញ្ចប់ជម្លោះដីធ្លីនៅទីនេះទាំងស្រុង និងបានបញ្ចប់សកម្មភាពកាប់ឈើល្មើសច្បាប់ទាំងស្រុង ព្រមទាំងសម្រេចដកយកកោះដែលជាសម្បត្តិរបស់រដ្ឋទាំងអស់ត្រឡប់មកវិញពីក្រុមហ៊ុននានាដែលបានទទួលអាជ្ញាប័ណ្ណវិនិយោគហើយប៉ុន្តែពួកគេមិនបានធ្វើអ្វីទាល់តែសោះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ច្បាស់ថា នឹងគ្មានការទូទាត់សងនូវប្រាក់កក់វិញ និងសំណងនៃការខូចខាតអ្វីឡើយ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះ ក្រុមហ៊ុន អ្នកឧកញ៉ា គិត ម៉េង ដែលបានសហការជាមួយដៃគូបរទេសចូលរួមអភិវឌ្ឍន៍កោះរ៉ុងអោយមានសោភ័ណភាព និងទាក់ទាញទេសចរកាន់តែច្រើនឡើង។ សម្តេចតេជោ ក៏បានជូនពរបងប្អូនប្រជាពលរដ្ឋនៅទីនេះ សូមជួបប្រទះតែសេចក្តីសុខចម្រើនគ្រប់ៗគ្នា។ បន្ទាប់មកសម្តេចតេជោនាយកដ្ឋន្ត្រីបានអញ្ជើញកាត់ខ្សែបូរ​សម្ពោធសណ្ឋាគារ The Royal Sands Koh Rong » នៅខេត្តព្រះសីហនុ អោយដំណើរការជាផ្លូវការចាប់ពីពេលនេះតទៅ។

សូមជម្រាបថា កោះទន្សាយ​មាន​ទីតាំង​ស្ថិត​នៅ​ប៉ែក​អាគ្នេយ៍ ​នៃ​ទីក្រុង​កែប មាន​ចម្ងាយ​៤,៥​គីឡូម៉ែត្រ​ពី​ទីក្រុង​កែប​។ កោះទន្សាយ​ គឺ​ជា​រមណី​យដ្ឋា​ន​ធម្មជាតិ​ដ័ស្រស់ត្រកាលរបស់ទីក្រុងជាប់នឹងឆ្នេរសមុទ្រមួយនេះ ហើយកោះនេះមាន​ឆ្នេរ​ខ្សាច់​ចំនួន​២​កន្លែង ដែល​មាន​វាល​ខ្សាច់​ស​ពី​ធម្មជាតិ ដែលអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលទៅកម្សាន្ដនៅទីនោះ។ ឆ្នេរសមុទ្រដ៏វែងនៅទីនេះមានទឹក​រាក់​ព័ទ្ធ​ជុំវិញ​កោះ​ ធ្វើឲ្យអ្នកទេសចរចូលចិត្ត​ហែល​ទឹក​លេង​កម្សាន្ត​។ នៅក្រោម​ទឹកសមុទ្រ មាន​ផ្កាថ្ម សត្វ​សមុទ្រ រុក្ខជាតិ​សមុទ្រ ជាអំណោយ​ផល​ដ៏ល្អដល់​ការ​ស្រាវជ្រាវពី​ប្រព័ន្ធ​បរិស្ថាន​ចម្រុះ​។

កោះទន្សាយ​មាន​ផ្ទៃដី​ប្រមាណ២​គីឡូ​ម៉ែត្រការ៉េ។ ពី​ដើម​ជា​កន្លែង​កែប្រែ​អ្នកទោស​ឱ្យ​កសាង​ជីវភាព​ថ្មី និងនៅ​ការពារ​ទឹកដី​កោះ​នោះផង​។ ហេ​ដ្ឋា​រចនា​សម្ព័​ន​ទេសចរណ៍​ នៅលើ​កោះទន្សាយ​ត្រូវបាន​កសាង​ឡើង​​នា​សម័យ​រាជរដ្ឋាភិបាល​ នៃសង្គមរាស្ត្រនិយម មាន​ដូច​ជា​ផ្លូវ​រទេះសេះ​ជុំវិញ​ដី​កោះ ម៉ូ​តែ​ល​សង់​អំពី​ឈើ​ប្រក់​ស្បូវ ភោ​ជនីយ​ដ្ឋា​ន​សង់​អំពី​ឈើ​ប្រក់​ស័ង្កសី ប្រព័ន្ធ​ទឹក​ស្អាត និងសំណង់​រដ្ឋ​ផ្សេង​ៗ​ទៀត…។ ប៉ុន្តែក្រោយពេលមានសង្គ្រាម​ជាង​២​ទស​វត្ស​កន្លង​មកនេះ ​ហេ​ដ្ឋា​រចនា​សម្ព័​ន​ទាំងនេះ​ត្រូវបានបំផ្លិចបំផ្លាញស្ទើរតែ​ទាំងអស់​។ សព្វថ្ងៃនៅលើកោះនោះ​មាន​ប្រជាជន​ចំនួន៧​គ្រួ​សារបាន​បោះទីតាំង​រស់នៅ​ ដោយប្រកប​របរ​​នេសាទ​ ជាលក្ខណៈគ្រួសារ និងថែរក្សា​ចម្ការ​ដូង​។ ​ការ​ធ្វើ​ដំណើរ​មួយ​​ទៅកាន់​កោះ​នេះ ទាំងទៅ និង​ត្រឡប់​​វិញ ភ្ញៀវទេសចរអាចចំណាយប្រហែល២០ដុល្លារ​ ទៅលើការជិះ​ទូក​៕