ខេត្តព្រៃវែង៖ បុរសម្នាក់លែងលះប្រពន្ធមិនទាន់ដាច់ស្រេច ក៏ទាក់ទងនឹងស្រីថ្មី លុះពេលនាងសុំបែក បែរជាផ្ទុះកំហឹងយ៉ាងក្រេវក្រោធឡើង ទាញកន្រ្ដៃចាក់ប៉ុនប៉ងសម្លាប់ខ្លួន បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧ និង២៤នាទីយប់ ថ្ងៃសុក្រ ៦កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិ​ស័ក ពស2562 ត្រូវថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ នៅមុខផ្ទះលក់គ្រឿងសម្អាង ស្ថិតក្នុងភូមិឡឥដ្ឋ ឃុំគ្រញូង ស្រុកកំចាយមារ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះមានកូន និងប្រពន្ធរួចទៅហើយ លុះក្រោយមកជីវិតប្ដីប្រពន្ធរបស់ពួកគេ​បានដើរដល់ផ្លូវបំបែក ប៉ុន្តែពួកគេមិនបានលែងលះគ្នាដាច់ស្រាច់នៅឡើយ។ ដោយសារតែការរស់នៅមិនចុះសម្រុងគ្នាជាមួយនឹងប្រពន្ធទើបជនរងគ្រោះមានទំនាក់ទំនងជាមួយនឹងស្រ្ដីម្នាក់ រហូតក្លាយទៅជាសង្សារនឹងគ្នា។

ប្រភពព័ត៌មានដដែល បានបន្តថា ដោយសារតែស្រ្ដីជាសង្សាររបស់គេគិតថា សង្សាររបស់ខ្លួនមិនទាន់លែងលះគ្នាជាមួយនឹងប្រពន្ធរបស់គេឲ្យដាច់​ស្រេច ហើយណាមួយកុំឲ្យមានការជាប់ពាក់ព័ន្ធនឹងគ្នា ដែលមានឈ្មោះថា ជាមនុស្សដណ្ដើមប្ដីគេផង ទើបនាងសុំបែកពីជនរងគ្រោះ។ នៅពេលឮថា សង្សាររបស់ខ្លួនសុំបែកបែបនេះ ធ្វើឲ្យជនរងគ្រោះផ្ទុះកំហឹងឡើង ទាញកន្រ្ដៃចាក់ទៅលើខ្លួនឯង ប៉ុនប៉ងសម្លាប់ខ្លួន បណ្ដាលឲ្យរងរបួសនៅលើពោះ។

មន្ត្រីនគរបាលស្រុកកំចាយមារ បានឲ្យដឹងថា បុរសគិតខ្លីដែលប៉ុនប៉ងសម្លាប់ខ្លួន មិនបានសម្រេចនោះ ឈ្មោះ ឡាញ់ ថៃ អាយុ ៣៨ឆ្នាំ រស់នៅភូមិធ្នង់លិច ឃុំស្មោងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង។ គេមានសង្សារម្នាក់ ឈ្មោះ អៀម លីណា ហៅ ស្រីផល អាយុ៣៤ឆ្នាំ មុខរបរលក់គ្រឿងសម្អាង រស់នៅភូមិកើតហេតុខាងលើ។

ក្រោយពេលកើតហេតុ សាច់ញាតិបានបញ្ជូនជនរងគ្រោះ​ ទៅព្យាបាលរបួស នៅក្នុងគ្លីនិកឯកជន៕