ភ្នំពេញ៖ បុរសម្នាក់ផឹកស៊ីស្រវឹងរករឿងឈ្លោះប្រកែកជាមួយប្រពន្ធ ខឹងខ្លាំងពេកគំរាមដុតផ្ទះចោល ប្រជាពលរដ្ឋភ័យខ្លាចប្តឹងសមត្ថកិច្ច នាំបុរសខាងលើទៅអប់រំ តែបុរសខាងលើ មិនចេញមុខដោះស្រាយ បែរជាពួនក្នុងផ្ទះ ត្រូវប្រពន្ធ​ចេញមុខដោះស្រាយជំនួស ដែលករណីនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើល កាលវេលាម៉ោង១០យប់ថ្ងៃទី២២ខែមេសាឆ្នាំ២០១៨ នៅផ្ទះជួល ភូមិ ត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ​។

ជនបង្កឈ្មោះ សៀង វណ្ណា ភេទប្រុស អាយុ ៥៣ឆ្នាំ មុខរបរលក់ដូរចាប់ហួយ ចំណែក​ប្រពន្ធឈ្មោះ វ៉ាន់ លក្ខិណា ​អាយុ៥៣ឆ្នាំ រស់នៅផ្ទះជួលភូមិកើតហេតុខាងលើ។
តាមប្រភពព័ត៌មានពីអ្នកជិតខាង បានឱ្យដឹងថា អ្នកមុនពេលកើតហេតុ ពួកគាត់បានឃើញជនបង្ក បានផឹកស៊ីជាមួយអ្នកផ្ទះជួលជិតកន្លែងកើតហេតុ ហើយបានឈ្លោះប្រកែកគ្នាជា​មួយអ្នកផឹកស៊ីជាមួយគ្នាម្ដងរួចទៅហើយ ​។

បន្ទាប់មកបុរសខាងលើ បានឈ្លោះជាមួយប្រពន្ធ យ៉ាងតឹងសរសៃក ​បន្ទាប់មក ស្រាប់តែបុរសខាងលើ បានយកសាំងបម្រុង ដុតផ្ទះចោល ធ្វើឱ្យប្រជាពរដ្ឋ មានការភិតភ័យខ្លាចឆេះ រាលដាលដល់បន្ទប់ជួល ដែលនៅជិតកន្លែងកើតហេតុ ​នៅពេលនោះដែរ ប្រពន្ធរបស់ជនបង្កខាងលើ ឃើញប្ដីយកប្រេងសាំង ចាក់លើគំនរដូង បន្ទាប់មក ស្ត្រីជាប្រពន្ធបានយកស្រាមកចាក់លើសាំងកុំ
ឱ្យប្ដីដុតឆេះ ​។

ស្ត្រីជាប្រពន្ធរបស់ជនបង្ក បានឱ្យដឹងថា នៅមុនពេលកើតហេតុ ប្ដីរបស់គាត់ និងកូនប្រុសរបស់គាត់ បានផឹកស៊ីជាមួយអ្នកជិតខាង ជិតផ្ទះជួលខ្លួនស្រវឹង ហើយមក
រករឿងឈ្លោះប្រកែកជាមួយគាត់ ហើយបន្ទាប់មកប្ដីរបស់គាត់បម្រុងដុតផ្ទះចោល ដោយយកស្រាចាក់លើគំនរដូង មិនមែនយកប្រេងសាំងចាក់ទេ ។
ដោយសារតែមានពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋហើយ ជនបង្កមិនហ៊ានចេញមុខដោះ​ស្រាយជាមួយសមត្ថកិច្ច ទើបប្រពន្ធជាអ្នកចេញមុខធានា មិនឱ្យមានលើកក្រោយទៀត​ទេ៕