ភ្នំពេញ ៖ ស្រ្តីម្នាក់ដឹកដៃកូនស្រី ទៅប្តឹងប៉ូលីសប៉ុស្តិ៍កាកាប ឲ្យជួយអន្តរាគមន៍ បន្ទាប់ពីលោកប្តីប្រើកណ្តាប់ដៃ វាយប៉ោងក្បាល ដោយសារខឹងសុំលុយទៅលេងល្បែង ជល់មាន់មិនបាន កាលពីវេលាម៉ោង ១២ថ្ងៃ ត្រង់ទី២១ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅផ្ទះជួលរបស់ប្តី ក្នុងភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ។

ស្រ្តីខាងលើឈ្មោះ ហុិន ស្រីពៅ អាយុ៣៥ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិវិហារខាងជើង ឃុំវិហាសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ ចំណែកប្តីមនឈ្មោះ សែម រដ្ឋា អាយុ៣៨ឆ្នាំ មុខរបរ បើកបររថយន្តដឹកសិស្ស ស្នាក់នៅផ្ទះជួល ភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ មានស្រុកកណើត ឃុំតានី ស្រុកអង្គជ័យ ខេត្តកំពត ។ គ្រួសារខាងលើ មានកូនស្រីម្នាក់ អាយុ៥ឆ្នាំ ក្នុងបន្ទុកគ្រួសារ ។

តាមសម្តីស្រ្តីជាប្រពន្ធ បានឲ្យដឹងថា រាល់ថ្ងៃចុងសប្តាហ៍ ទំនេរពីការងារដឹកសិស្ស លោកប្តីតែងតែទៅផ្ទះ លេងប្រពន្ធកូន តែសម្រាប់សប្តាហ៍នេះ ប្តីបានទូរស័ព្ទប្រាប់ហើយថា មិនបានទៅលេងប្រពន្ធទេ ទើបគាត់ជាប្រពន្ធ នាំកូនស្រីមកលេងប្តីវិញ។ ស្រ្តីដដែលបន្តទៀតថា ប្តីរបស់គាត់ រាល់ថ្ងៃស្រឡាញ់ ស្នេហាបក្សីកីឡា «ប្រជល់មាន់» ស្រឡាញ់ល្បែងប្រភេទនេះ ជាងស្រឡាញ់ប្រពន្ធកូនទៅទៀត ខណៈដែលប្រពន្ធ ខំមកលេងប្តីដល់បន្ទប់ជួល នឹកថាឲ្យសប្បាយជិត ត្បិតក្រុមគ្រួសារជួបជុំគ្នា តែផ្ទុយទៅវិញ នៅវេលាម៉ោងខាងលើ ប្តីខឹងសុំលុយ១០ម៉ឺនរៀល យកទៅលេងល្បែងប្រជល់មាន់ តែកុហកថា យកចាក់ប្រេងរថយន្ត ប្រពន្ធគ្មានលុយឲ្យ គ្រាន់តែថា ចុះលុយនៅក្នុងកាបូបរបស់ខ្លួនឯង ម្តេចមិនយកទៅ ធ្វើឲ្យលោកប្តីខឹងច្រឡោត ប្រើកណ្តាប់ដៃវាយ ទះ បណ្តាលឲ្យប៉ោងក្បាលខាងឆ្វេង ហើយចាកចេញទៅបាត់ ដោយទ្រាំមិនបាន ដោយទង្វើររបស់ប្តី ប្រើបង្កហឹង្សាក្នុងគ្រួសារ ដឹកដៃកូនស្រី ទៅប្តឹងនគរបាលប៉ុស្តិ៍កាកាប១ ដើម្បីឲ្យជួយហៅលោកប្តី មកអប់រំចេញម្តង ។

រឿងរ៉ាវហឹង្សាក្នុងគ្រួសារខាងលើ សមត្ថកិច្ចរងចាំហៅអញ្ជើញ ភាគីខាងប្តី មកធ្វើការអប់រំតាមសំណូមពរ ពីភាគីខាងប្រពន្ធ ៕