បរទេស៖ ថ្មីៗនេះមានវីដេអូមួយកំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្តាញសង្គម ខណៈភ្លៀងធ្លាក់ខ្លាំងស្រាប់តែមានត្រីរាប់ពាន់លានក្បាលបានធ្លាក់ពីលើមេឃនៅក្នុងតំបន់ Yasuj ប្រទេសអ៊ីរ៉ង់ បានបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីល្ងាចថ្ងៃទី៦ ខែឧសភា។
នៅក្នុងវីដេអូនោះបានបង្ហាញឱ្យឃើញថា ត្រីរស់ជាច្រើនក្បាលបានធ្លាក់ពីលើអាកាសអមជាមួយទឹកភ្លៀងតាមដងផ្លូវ ហើយបុរសដែលជាអ្នកថតវីដេអូនោះបាននិយាយថា “ភ្លៀងត្រីធ្លាក់មកហើយ” ដោយគាត់ក៏បានរើសត្រីមួយក្បាលដែលធ្លាក់ពីលើមេឃ ដើម្បីបង្ហាញថាត្រីនៅមានជីវិត និងអាចផ្លាស់ទីបាន។ បាតុភូតដ៏កម្រនេះត្រូវបានគេជឿថា បណ្តាលមកពីព្យុះកំបុតត្បូងមួយ បានបោកបក់ត្រីឡើងទៅលើមេឃ រួចក៏ទម្លាក់ចុះក្រោមវិញបន្ទាប់ពីមានភ្លៀងធ្លាក់។ ទោះជាយ៉ាងណាសម្រាប់មូលហេតុពិតប្រាកដនៅមិនទាន់ដឹងនៅឡើយទេ។ ![]()
យោងតាមសារព័ត៌មានបរទេស MINT ឧប្បត្តិហេតុភ្លៀងត្រីបានកើតឡើងបន្ទាប់ពីមានខ្យល់ព្យុះយ៉ាងខ្លាំងចម្ងាយជិត ២៨០ គីឡូម៉ែត្រពីច្រាំង ដែលនេះត្រូវបានគេចាត់ទុកថា បាតុភូតដ៏កម្រ។ ទោះជាយ៉ាងណានៅពេលដែលវីដេអូនេះត្រូវបានចែកចាយ ក៏មានអ្នកនិយមលេងអ៊ីនធឺណិតជាច្រើនបានបញ្ចេញមតិថា ពិតជាអស្ចារ្យណាស់នេះជាលើកទីមួយហើយដែលខ្ញុំបានឃើញ។ អ្នកខ្លះទៀតក៏បញ្ចេញមតិថា តើវាអាចបង្កឱ្យមានគ្រោះធម្មជាតិទេ? បើយោងតាមអ្នកវិទ្យាសាស្ត្របាននិយាយថា ភ្លៀងត្រីទំនងជាកើតឡើងដោយសារខ្យល់ព្យុះ។ នៅពេលដែលខ្យល់ព្យុះកំបុតត្បូងឆ្លងកាត់សមុទ្រ ឬមហាសមុទ្រ វានឹងបក់យកត្រី កង្កែប អណ្តើក និងក្តាម ដោយមានខ្យល់បក់ឡើងលើមេឃ។ បន្ទាប់មកសត្វទាំងនេះនឹងផ្លាស់ទីតាមខ្យល់ព្យុះ ហើយវាក៏បន្តនៅលើមេឃរហូតដល់ល្បឿនខ្យល់ថយចុះ។ 
នៅពេលដែលល្បឿនខ្យល់ថយចុះបន្តិចម្តងៗ សត្វទាំងនេះក៏ចាប់ផ្តើមធ្លាក់មកលើដី រួមជាមួយនឹងទឹកភ្លៀងផងដែរ ដែលមើលទៅវាហាក់ដូចជាត្រីកំពុងភ្លៀង។ គួរបញ្ជាក់ដែរថានេះមិនមែនជាលើកទីមួយទេ ដែលត្រីធ្លាក់ពីលើមេឃ កាលពីអំឡុងឆ្នាំ ២០១០ ក៏មានករណីភ្លៀងធ្លាក់ស្រដៀងគ្នានេះដែរ ដែលវាកើតឡើងនៅក្នុងប្រទេសហុងគ្រីមានកង្កែបធ្លាក់ពីលើមេឃ។ ហើយក្នុងឆ្នាំ ២០០៧ នៅសហរដ្ឋក៏មានភ្លៀងជន្លេនធ្លាក់មកផងដែរ យោងតាមអ្នកទីនោះបាននិយាយថាភ្លៀងជន្លេនធ្លាក់មកអំឡុងម៉ោង ១១ ថ្ងៃត្រង់ប៉ុន្តែធ្លាក់តែប៉ុន្មាននាទីប៉ុណ្ណោះ ដោយអ្នកវិទ្យាសាស្ត្រមិនអាចបកស្រាយបានឡើយ៕










