បរទេស៖ ហាងកាហ្វេ Fringe and Ginge ដែលស្ថិតក្នុងប្រទេសអង់គ្លេសបានចេញច្បាប់ថ្មីមួយដោយហាមឃាត់អតិថិជនមិនឱ្យប្រើប្រាស់កុំព្យូទ័រយួរដៃដើម្បីធ្វើការនៅទីនេះទេ ព្រោះអាចបំផ្លាញបរិយាកាសហាងកាហ្វេ។
យោងតាមលោក Edwards ដែលជាម្ចាស់ហាងកាហ្វេបាននិយាយថា “ជារឿយៗអតិថិជនបានប្រើប្រាស់កុំព្យូទ័រយួរដៃដើម្បីមកធ្វើការនៅទីនេះ ដោយពួកគេសុំឱ្យបុគ្គលិកបិទតន្ត្រី រក្សាភាពស្ងៀមស្ងាត់សម្រាប់ការប្រជុំតាមអ៊ីនធឺណិត ខណៈដែលពួកគេគ្រាន់តែផឹកទឹកមួយកែវ និងអង្គុយរាប់ម៉ោងប៉ុណ្ណោះ”។ 
លោក Edwards បានបន្តទៀតថា អ្នកដែលធ្វើការលើកុំព្យូទ័រកំពុងបំផ្លាញបរិយាកាសហាងកាហ្វេហើយ។ ដូច្នេះយើងក៏សម្រេចចិត្តចេញច្បាប់ថ្មីមួយដោយហាមឃាត់អតិថិជនទាំងអស់មិនឱ្យប្រើប្រាស់កុំព្យូទ័រយួរដៃដើម្បីមកធ្វើការនៅទីនេះទេ ហើយក៏មិនមានករណីលើកលែងដែរ ដោយគាត់បានសម្រេចចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការលុបបំបាត់មូលដ្ឋានអតិថិជនបែបនេះ។ Edwards និងសហស្ថាបនិក Olivia Walsh បាននិយាយថា នេះគឺជាការសម្រេចចិត្តដ៏លំបាកមួយ ប៉ុន្តែទីបំផុតពួកយើងទទួលបានជោគជ័យហើយ។ Edwards និងសហស្ថាបនិក Olivia Walsh ក៏បានបន្ថែមដែរថា អ្នកដែលចង់ធ្វើការគួរតែទៅបណ្ណាល័យ ឬជួលកន្លែងផ្សេងជំនួសឱ្យហាងកាហ្វេ។
ម្ចាស់ហាងកាហ្វេរូបនេះក៏បានបន្តទៀតថា បុគ្គលិករបស់ពួកគេនៅតែរួសរាយរាក់ទាក់ ហើយសង្ឃឹមថាអ្នកទាំងអស់គ្នានឹងមានបទពិសោធន៍កាន់តែប្រសើរឡើង។ គួរបញ្ជាក់ដែរថា ហាងកាហ្វេ Fringe and Ginge បានបើកដំណើរការនៅខែកក្កដា ឆ្នាំ២០២០។ ចាប់តាំងពីហាងកាហ្វេនេះហាមឃាត់ការប្រើប្រាស់កុំព្យូទ័រយួរដៃមក Edwards បានសង្កេតឃើញអតិថិជនគឺមានភាពសប្បាយរីករាយជាងមុន ហើយហាងកាហ្វេគឺមានភាពអ៊ូអរខ្លាំង។ ទោះយ៉ាងណាក៏ដោយ អាជីវកម្មក្នុងស្រុកផ្សេងទៀតមិនយល់ស្របនឹងវិធីសាស្រ្តរបស់ហាងកាហ្វេ Fringe and Ginge ទេ។
Hannah Swann អាយុ ២៨ ឆ្នាំដែលជាអ្នកគ្រប់គ្រងហាង Garage Cafe ក្បែរនោះបាននិយាយថា នាងពិតជាអាណិតចំពោះការហាមប្រាមការប្រើប្រាស់កុំព្យូទ័រយួរដៃនេះណាស់ សម្រាប់ហាងនាងមិនធ្វើដូច្នោះទេ។ Hannah បានបន្តថា អតិថិជនរបស់នាងសុទ្ធតែមានចរិតល្អ ហើយហាងជាធម្មតាមានកន្លែងគ្រប់គ្រាន់សម្រាប់ពួកគេអង្គុយយូរដោយមិនមានការរំខាន។ នាងបាននិយាយថា ហាងកាហ្វេគឺជាកន្លែងដ៏ស្រស់ស្អាត និងស្ងប់ស្ងាត់ ដូច្នេះមនុស្សអាចផ្តោតអារម្មណ៍បានយ៉ាងងាយនៅកន្លែងនេះ។ ទោះយ៉ាងណាក៏ដោយប្រសិនបើហាង Fringe and Ginge អនុញ្ញាតឱ្យប្រើកុំព្យូទ័រយួរដៃ នោះហាងពួកគេនឹងគ្មានចំណូលពេញមួយថ្ងៃ៕










