មនុស្សប្រមាណ ៥៦០នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗដោយសង្ស័យថាពុលអាហារ មានទាំងកម្រិតធ្ងន់និងស្រាល បន្ទាប់ពីបានញ៉ាំនំសាច់ bánh mì ពីហាងមួយនៅភាគខាងត្បូងប្រទេសវៀតណាម។
ហាងនំប៉័ងដែលមានមូលដ្ឋាននៅខេត្ត Dong Nai ប្រទេសវៀតណាម បច្ចុប្បន្ននេះត្រូវបានបិទជាបណ្ដោះអាសន្នហើយ។ តាមរយៈហេតុការណ៍ វាត្រូវបានគេជឿថានំប៉័ងសាច់ទាំងនោះ អាចខូចដោយសារអាកាសធាតុក្តៅខ្លាំងពេក ។ ទោះជាយ៉ាងណា ការចុះត្រួតពិនិត្យដំបូងក៏បានបង្ហាញថា ហាងនំប៉័ងមួយកន្លែងនេះ មិនបានបំពេញតាមស្តង់ដារសុវត្ថិភាពអាហារត្រឹមត្រូវនោះទេ។
កាលពីថ្ងៃទី៦ ខែឧសភានេះ អាជ្ញាធរក្រុង Long Khanh បានបញ្ជាក់ថា មនុស្សយ៉ាងហោចណាស់ ៥៦០នាក់បានធ្លាក់ខ្លួនឈឺ បន្ទាប់ពីទទួលទាននំប៉័ងពីទីតាំងតែមួយ។ យោងតាមអាជ្ញាធរក្នុងតំបន់បានឱ្យដឹងថា ហាងនំប៉័ងដែលមានមូលដ្ឋានលើផ្លូវ Tran Quang Dieu ក្រុង Long Khanh ប្រទេសវៀតណាមនេះ ក្នុងមួយៗថ្ងៃលក់បានប្រមាណនឹង ១១០០ ដើមឯណ្ណោះ។
របាយការណ៍របស់មន្ទីរពេទ្យក្នុងតំបន់បាននិយាយថា ចំនួនករណីសង្ស័យពុលអាហារបានកើនឡើងជាលំដាប់ជារៀងរាល់ថ្ងៃ។ ចំពោះរោគសញ្ញានៃអាការៈពុលអាហារនេះវិញគឺ រួមមាន រាក ក្អួត ក្តៅខ្លួន និងឈឺពោះធ្ងន់ធ្ងរ។
កាសែតវៀតណាមមួយឈ្មោះថា Health and Life ក៏បានលើកឡើងពីស្ត្រីម្នាក់ដែលកូនបីនាក់កំពុងសម្រាកព្យាបាលនៅបន្ទប់សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកុមារ Dong Nai ។ តាមការបញ្ជាក់ពីម្តាយគឺបានធ្វើការទិញនំសាច់ចំនួនបីដើមឲ្យកូនៗរបស់នាង។ ក្នុងរយៈពេលត្រឹមតែ២៤ ម៉ោង ពួកគេទាំងអស់ចាប់ផ្តើមបង្ហាញរោគសញ្ញានៃការពុលអាហារភ្លាមៗតែម្តង។ យ៉ាងណាមិញ តាមការបញ្ជាក់ពីអាជ្ញាធរ ពួកគេនឹងបើកការស៊ើបអង្កេតលើមូលហេតុនៃការពុលអាហារជាបន្តបន្ទាប់ទៀតផងដែរ៕










