ភ្នំពេញ៖ កាលពីប៉ុន្មានម៉ោងមុននេះ មានករណីបុករះមួយទៀតហើយ ដោយបុរសអ្នកបើកបរម្នាក់ សង្ស័យស្រវឹងស្រា បានបើករថយន្តម៉ាក ឡិចស៊ីស បុករះម៉ូតូ និងរថយន្តជាច្រើនគ្រឿង ចាប់ពីខណ្ឌច្បារអំពៅ រហូតមកដល់ខណ្ឌមានជ័យ ទើបគេឃាត់រថយន្តបង្កបាន ។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង២រសៀល ថ្ងៃតី២១ មេសា ២០១៨នេះ នៅចំណុចផ្លូវជាតិលេខ១ ត្រង់ចំណុច វត្តនិរោទ៍ ហើយរថយន្តបង្ក បានបន្ថែមល្បឿនព្យាយមបើករត់ ។

យោងតាមសម្តីរបស់អ្នកដែលបាន ឃើញហេតុការណ៍បានរៀបរាប់ថា មុនពេលកើតហេតុ គេបានឃើញរថយន្តបង្កខាងលើ ពណ៌ខ្មៅ ស្លាកលេខ 2L 3636 បើកបរដោយបុរសម្នាក់ ហើយសង្ស័យថាអ្នកបើកនោះ ស្រវឹងស្រាទាំងកណ្តាលថ្ងៃ បានបើកតាមបណ្តោយផ្លូវបេតុង កោះនរាយណ៍ ក៏បានរេចង្កូតទៅប៉ះរឺម៉កដឹកទុយោ តែរថយន្តមិនបានឈប់ដោះស្រាយនោះទេ បានបន្ថែមល្បឿនទៅមុខទៀត បត់ស្តាំតាមបណ្តាយ ផ្លូវជាតិលេខ១ ក៏បានប៉ះនិងក្មេងស្រីម្នាក់ រងរបួសស្រាល ហើយក៏ជ្រុលចង្កូតបុកម៉ូតូស្កុបពី១គ្រឿងទៀត ។

បន្ទាប់ពីបុករ៉ឺម៉កនិងម៉ូតូហើយនោះ រថយន្តបានបន្ថែមល្បឿន បន្តដំណើរទៅមុខទៀត ហើយជ្រុលទៅបុករថយន្តធន់ធំមួយគ្រឿងទៀត បណ្តាលឲ្យរថយន្ត រងការខូចខាតផ្នែកខាងមុខ ហើយរថយន្តបង្កនៅតែបន្តដំណើរទៅមុខទៀត មិនព្រមឈប់ឡើយ ព្យាយាមបើកគេចរហូត មកដល់ផ្លូវបំបែកច្រមុះជ្រូក ក៏បានបត់ឆ្វេងតាមផ្លូវ៦០ម៉ែត្រ ខណៈបត់បានប្រហែល១០០ម៉ែត្រ ក៏ជ្រុលទៅបុករថយន្តមួយគ្រឿងទៀត ដែលបើកបញ្ច្រាសទិសគ្នា ម៉ាក ម៉ាសស្ដា BT50 ពាក់ស្លាកលេខ នគរបាល 2-2093 ចំពីចំហៀងពេញទំហឹង។

រថយន្តបង្កមិនទាន់អស់ល្បឿន ក៏ជ្រុលទៅបុកម៉ូតូស្មាក់ មួយគ្រឿងទៀត បណ្ដាលឲ្យបុរសម្នាក់ ជិះម៉ូតូរងរបួសបាក់ជើងឆ្វេង ចំណែករថយន្តស្លាកលេខនគរបាល រងការខូចខាតមួយចំហៀង ដោយឡែករថយន្តបង្កខ្ទេច ផ្នែកខាងមុខនិងដាច់កាឡេកង់មុខ ខាងឆ្វេង ទៅលែងរួច ភ្លាមៗអ្នកបើកបរត្រូវបានសមត្ថកិច្ច ចរាចរណ៍ប្រចាំគោលដៅក្បែរនោះ ឃាត់ខ្លួនបានភ្លាមៗផងដែរ ។

បន្ទាប់ពីឃាត់ខ្លួនរួច អ្នកបើកបររថយន្តបង្ក ត្រូវបានសមត្ថកិច្ចនាំយកទៅធ្វើការសាកសួរ នៅការិយាល័យប៉ូលិសចរាចរណ៍ក្រុង ដោយដឹកតាមរថយន្តសារ៉ែន ហើយរថយន្ត និងម៉ូតូដែលត្រូវរងគ្រោះដោយរថយន្តបង្ក រង់ចាំសមត្ថកិច្ចធ្វើការវាស់វែង និងដោះស្រាយនៅពេលក្រោយទៀត ៕