ខេត្តព្រៃវែង៖ នៅថ្ងៃទី២០ មេសា ២០១៨ ម្សិលមិញនេះ ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តព្រៃវែង លោក អ៊ន ប៊ុនលី បានចេញដីការឃុំខ្លួន ឃាតកដែលរំលោភសម្លាប់ ក្មេងស្រីអាយុ៥ឆ្នាំ ដាក់ពន្ធនាគារបណ្តោះអាសន្ន ។

បើតាមសម្តីរបស់មន្ត្រីនៅតុលាការ បានប្រាប់ថា ឃាតកដ៏សាហាវម្នាក់នេះ ត្រូវបានព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តព្រៃវែង ចោទពីបទឃាតកម្ម មានស្ថានទំងន់ទោស ដោយមានទារុណកម្ម និងអំពើឃោរឃៅ ឬអំពើរំលោភសេពសន្ថវៈ អាចកំណត់ការផ្តន្ទារទោស ដាក់ពន្ធនាគារ អស់មួយជីវិត ។

មិត្តអ្នកអាន ប្រាកដជាបានដឹងហើយថា ឃាតកខាងលើនេះ ត្រូវបាននគរបាលខេត្តព្រៃវែង ចាប់ខ្លួន ​កាលពី​រសៀលថ្ងៃទី១៨​ ខែមេសា​ ឆ្នាំ២០១៨ បន្ទាប់ពីបាន​រំលោភ​ សេពសន្ថវៈ​កុមារីរងគ្រោះ ឈ្មោះ ចាន់ ស្រីជេត អាយុ៥ឆ្នាំ​ រស់​នៅភូមិសទ្ធាឃុំរំចេក ស្រុកព្រះស្តេច ក្នុងចេតីយ៍វត្ត”សន្ធោ” រួចច្របាច់កសម្លាប់ យកសពបោះចោលក្នុងស្រះទឹក ជិតកន្លែងកើតហេតុ កាលពីរសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨។

បន្ទាប់ពីចាប់ខ្លួនបាន ទើបឃាតកបានសារភាពរឿងរ៉ាវ ផ្សេងមួយទៀត ដែលកាលពីឆ្នាំ២០១៧ ជននេះបានចាប់រំលោភ សេពសន្ថវៈបងបង្កើត កុមារីរងគ្រោះម្តងរួចមកហើយ ដែលនាងទើបតែអាយុ១០ឆ្នាំ តែកាលណោះត្រូវបានគ្រួសាររបស់កុមារីរងគ្រោះ សម្របសម្រួលគ្នាស្ងាត់ៗ មិនឲ្យសមត្ថកិច្ចដឹងឮឡើយ ៕