រាជធានីភ្នំពេញ៖ កាលពីវេលាម៉ោង ១រំលងអាធ្រាត ថ្ងៃទី២១ មេសា ២០១៨នេះ នារីវ័យក្មេង រូបស្រស់សោភាម្នាក់ រួមដំណើរនិងមិត្តស្រី២នាក់ទៀត បើករថយន្តឡិចស៊ីសស៊េរី ទំនើប១គ្រឿង បោះពួយយ៉ាងលឿន គេចពីម៉ូតូ ជ្រុលចង្កូតខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុកក្បាលនាគចែកទ្រូងផ្លូវ បើងអស់មួយកង់ បណ្តាលឱ្យរថយន្ត ខ្ទេចផ្នែកខាងមុខ បុកខាងឆ្វេង ទៅមុខលែងរួច សំណាងល្អមិនបង្កឱ្យមានអ្នករងរបួស។

ហេតុការណ៍នេះ បានកើតឡើង នៅចំណុចស្តុបសាលាសន្ធរមុក តាមបណ្តោយផ្លូវកម្ពុជាក្រោម កែងនឹងផ្លូវម៉ៅសេទុង ក្នុងសង្កាត់ ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ហើយបើយោងតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុគេឃើញ មានរថយន្តស៊េរីទំនើប១គ្រឿង ម៉ាកឡិចស៊ីស RX350 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AR-5052 បើកបរដោយនារីរូបស្រស់សោភាម្នាក់ រួមដំណើរនិងមិត្តស្រី រូបស្រស់២នាក់ទៀត ធ្វើដំណើរតាមបណ្តោយផ្លូវកម្ពុជាក្រោម ទិសដៅពីកើតទៅលិច បោះពួយយ៉ាងលឿនដូចហោះ និងទំនងជាស្រវឹងស្រាផង លុះមកដល់ចំណុចកើតហតុ កែងនឹងផ្លូវម៉ៅសេទុង បានគេចពីម៉ូតូ១-​គ្រឿង បើកនៅខាងមុខ មកខាងឆ្វេងដៃ បានជ្រុលចង្កូតទៅបុកក្បាលថ្មចែកទ្រូងផ្លូវ យ៉ាងពេញទំហឹង ប៉ើងជាង​១ម៉ែត្រ ចេញពីកន្លែងដើម។

បន្ទាប់ពីបុកហើយ រថយន្តបង្កមិនទាន់បានឈប់ទេ គឺបានជ្រុលទៅមុខប្រមាណជា១០ម៉ែត្រទៀត ទើបទៅលែងរួច តែសំណាងណាស់ ហេតុការណ៍នេះមិនបណ្តាលឲ្យ មានអ្នករងរបួសនោះទេ។ ក្រោយពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះទៅពិនិត្យ និងបានឃាត់ខ្លួនអ្នកបើករថយន្ត មួយភ្លែងដើម្បីធ្វើការត្រួតពិនិត្យ ហើយបានឃើញថាមិនមាន អ្នករងរបួសក៏បាន ឲ្យស្ត្រីអ្នកបើកបរ ត្រលប់ទៅផ្ទះវិញ ចំណែករថយន្ត ត្រូវសមត្ថកិច្ចយកទៅរក្សាទុក នៅការិយាល័យចរាចរផ្លូវគោក រងចាំដោះស្រាយសងការខូចខាត ទ្រព្យសម្បត្តិសាធារណៈ ៕