យោងតាម Statista ដែលជាគេហទំព័ររបស់អាល្លឺម៉ង់មានជំនាញក្នុងការប្រមូលទិន្នន័យតាមរយៈការស្ទង់មតិ និងការវិភាគក៏ដូចជាការពិនិត្យជាក់ស្តែង បានឱ្យដឹងថា ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ទី ៧ ក្នុងចំណោមប្រទេសនាំចេញអង្ករកំពូលទាំង ១០ នៅលើពិភពលោកក្នុងឆ្នាំ ២០២៤។ ក្នុងនោះប្រទេសឥណ្ឌាស្ថិតនៅចំណាត់ថ្នាក់ទី១ ជាអ្នកនាំចេញអង្ករធំជាងគេលើលោកដែលមានចំនួន ១៦,៥ លានតោនគិតត្រឹមឆ្នាំ ២០២៣/២០២៤។ ខណៈថៃជាប្រទេសនាំចេញអង្ករធំជាងគេទីពីរដោយមានអង្ករប្រហែល ៨,២ លានតោននៅទូទាំងពិភពលោក។
រីឯចំណាត់ថ្នាក់ទី ៣ វិញបានទៅលើប្រទេសវៀតណាមដែលជាអ្នកនាំចេញអង្ករ ៧,៦ លានតោន តាមពីក្រោយដោយប៉ាគីស្ថាន ៥ លានតោនជាប់ចំណាត់ថ្នាក់ទី៤, សហរដ្ឋអាមេរិក ២,៦ លានតោន, ចិន ២,២ លានតោន ជាប់ចំណាត់ថ្នាក់ទី៥ និង ៦ រៀងគ្នា។ ខណៈចំណាត់ថ្នាក់ទី ៧ បានទៅលើប្រទេសកម្ពុជាជាអ្នកនាំចេញអង្ករ ១,៩ លានតោននៅទូទាំងពិភពលោកគិតត្រឹមឆ្នាំ ២០២៣/២០២៤។ រីឯចំណាត់ថ្នាក់បន្ទាប់បានទៅលើប្រទេសភូមា (១,៨ លានតោន), ប្រេស៊ីល (១,៣ លានតោន) និងប្រទេសអ៊ុយរូហ្គាយ (៩៥០ លានតោន) ជាប់ចំណាត់ថ្នាក់ទី ៨,៩,និង ១០ រៀងគ្នា។
បើយោងតាមប្រភពដដែលបានឱ្យដឹងទៀតថា បច្ចុប្បន្នប្រទេសកម្ពុជាបានឃើញការនាំចេញអង្កររបស់ខ្លួនកើនឡើងជាង ២០ ភាគរយក្នុងអំឡុងខែដំបូងនៃឆ្នាំ ២០២៤។ យោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា ប្រទេសនេះក៏បាននាំចេញអង្ករទៅកាន់គោលដៅចំនួន ៥ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍រួមមានទីម័រខាងកើតចំនួន ១១ ៩៩៩ តោន ដែលមានតម្លៃ ៨,៣០ លានដុល្លារ។ បន្ថែមពីនេះ កម្ពុជាក៏បាននាំចេញអង្ករចំនួន ៥,១៧១ តោន មានតម្លៃ ២,៩៣ លានដុល្លារទៅកាន់ប្រទេសចិន ក៏ដូចជាទៅកាន់គោលដៅចំនួន ១៣ ផ្សេងទៀតដូចជា អាហ្រ្វិក មជ្ឈិមបូព៌ា សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី និងនូវែលសេឡង់ ដែលសរុបចំនួន ៤.០៤៦ តោន មានតម្លៃ ២,៥៥ លានដុល្លារ។ នេះបានកត់សម្គាល់ការកើនឡើង ២៦ ភាគរយនៃបរិមាណនាំចេញបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។ 
លើសពីនេះអង្ករកម្ពុជាក៏រកឃើញផ្លូវចូលទៅក្នុងប្រទេសអឺរ៉ុបចំនួន ២២ សរុបចំនួន ២៥ ០០៥ តោន ដែលមានតម្លៃសរុប ៨,៨៥ លានដុល្លារផងដែរ។ ដូច្នេះអឺរ៉ុបបានលេចចេញជាទីផ្សារធំជាងគេ ដែលមានចំនួន ៥៤ ភាគរយនៃការនាំចេញអង្ករសរុបរបស់កម្ពុជា។ ដូច្នេះសរុបមកអង្ករចំនួន ៤៦.២២១ តោន ដែលមានតម្លៃ ៣២,៦២ លានដុល្លារ ត្រូវបាននាំចេញតាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៣២ ទៅកាន់គោលដៅចំនួន ៤២ ជុំវិញពិភពលោក។ របាយការណ៍ក៏បានគូសបញ្ជាក់ដែរថាប្រទេសនេះក៏បាននាំចេញអង្ករមិនទាន់កិនជិត ៦០ម៉ឺនតោនទៅកាន់ប្រទេសជិតខាង ដែលមានតម្លៃជាង ១៨៤ លានដុល្លារផងដែរ ហើយអង្ករកម្ពុជាដែលពេញនិយមបំផុតទូទាំងពិភពលោកគឺអង្ករផ្កាម្លិះ៕










