តៃវ៉ាន់ ៖ អ្នកលេងបណ្តាញសង្គមតៃវ៉ាន់បានចែកចាយវីដេអូមួយគួរឱ្យភ័យខ្លា.ច គឺសត្វម្រើមព្រះរាប់សែនក្បាលបង្ហាញខ្លួនក្នុងពេលជាមួយគ្នា ពេលមើលទៅ ដូចជាទឹកទន្លេកំពុងតែហូរនៅតំបន់ព្រៃភ្នំ ។ អ្នកលេងបណ្តាញសង្គមសួរថា នៅសុខៗ សត្វជាច្រើនក្បាលបង្ហាញខ្លួនបែបនេះ តើប្រទេសជាតិនឹងកើតគ្រោះធម្មជាតិធ្ងន់ធ្ងរដែរឬទេ?
កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ ភ្ញៀវទេសចរមួយក្រុមបាននាំគ្នាទៅកម្សាន្តនៅឧទ្យានជាតិ «សេវប៉ា» ស្ថិតនៅតំបន់កណ្តាលរបស់តៃវ៉ាន់ ប៉ុន្តែពួកគេបានប្រទះឃើញហ្វូងសត្វម្រើមព្រះរាប់សែនក្បាលធ្វើដំណើរពពាក់ពពូនគ្នានៅតំបន់ភ្នំ ។ រីឯមគ្គុទ្ទេសក៍ទេសចរដែលធ្វើការក្នុងឧទ្យានជាតិនិយាយថា ពុំធ្លាប់ឃើញហេតុការណ៍នេះពីមុនមកទេ ។
មគ្គុទ្ទេសក៍ទេសចរ លោក Yang Xiaozhong ដែលមានបទពិសោធន៍ធ្វើការក្នុងឧទ្យានជាតិ «សេវប៉ា» អស់រយៈពេល១១ឆ្នាំ រៀបរាប់ថា លោកបាននាំភ្ញៀវទេសចរ៧នាក់ ធ្វើដំណើរទៅភាគខាងលិចផ្លូវ Dalu Forest ។ ប៉ុន្តែក្នុងអំឡុងពេលធ្វើដំណើរ យើងបានឃើញសត្វម្រើមព្រះរាប់សែនក្បាលគរលើគ្នាដូចស្លឹកឈើងាប់ ។
ពីដំបូង លោកយល់ថា ជាស្លឹកឈើដែលត្រូវបានខ្យល់បោកបក់ធ្លាក់ចុះមក ប៉ុន្តែពេលពិនិត្យឱ្យច្បាស់ឃើញថា វាអាចកម្រើកបាន ហើយមិនមែនជាស្លឹកឈើងាប់ទេ ។ ប៉ុន្តែជាសត្វម្រើមព្រះរាប់សែនក្បាលកំពុងវារទៅរកទិសដៅតែមួយ គឺដូចគ្នានឹងទឹកទន្លេកំពុងហូរ ។
ពេលឃើញបែបនេះ លោកក៏ប្រញាប់យកទូរស័ព្ទមកថតវីដេអូភ្លាមៗ ព្រោះលោកផ្ទាល់ក៏ពុំធ្លាប់ឃើញហេតុការណ៍ចម្លែកបែបនេះពីមុនមកទេ តាំងពីលោកមកធ្វើការនៅឧទ្យានជាតិ ។ លោកបានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានថា កងទ័ពម្រើមព្រះបានវារជាក្បួនយ៉ាងវែងរហូតដល់៥០ម៉ែត្រ និងមានទទឹង៤ម៉ែត្រ ។
មគ្គុទ្ទេសក៍ទេសចររូបនេះរៀបរាប់បន្តថា ភ្ញៀវទេសចរទាំងអស់ឃើញហើយព្រឺសម្បុរយ៉ាងខ្លាំង ហើយភ្ញៀវទេសចរខ្លះទៀតស្រែកភ្ញាក់ផ្អើល បើទោះជាពួកគេឈរនៅឆ្ងាយពីហ្វូងម្រើមព្រះក្តី ។ ចុងក្រោយ ភ្ញៀវទេសចរទាំងអស់សុំដើរនៅលើផ្លូវក្រាលថ្មតែប៉ុណ្ណោះ ព្រោះខ្លាចជាន់ម្រើមព្រះ ។
មគ្គុទ្ទេសក៍ទេសចរទទួលស្គាល់ថា ពេលឃើញរូបភាពនេះហើយធ្វើឱ្យលោកគិតថា វាជាសញ្ញាប្រកាសអាសន្នពីគ្រោះថ្នាក់ធម្មជាតិធ្ងន់ធ្ងរកើតឡើង ខណៈមនុស្សផ្សេងទៀត ក៏គិតបែបនេះដែរ ។
ក្រោយពីវីដេអូហ្វូងម្រើមព្រះ ត្រូវបានចែកចាយច្រើនក្នុងបណ្តាញសង្គម អ្នកខ្លះបានទូរស័ព្ទសាកសួរទៅខាងឧទ្យានជាតិ «សេវប៉ា» ថា តើហេតុការណ៍នេះកើតឡើងញឹកញាប់ដែរឬទេ? ឬជាសញ្ញាប្រាប់ថា តៃវ៉ាន់នឹងកើតគ្រោះរញ្ជួយដីធ្ងន់ធ្ងរ ។ មនុស្សជាច្រើនជឿថា សត្វល្អិតបានដឹងមុនថា នឹងមានហេតុការណ៍អ្វីកើតឡើង ទើបវានាំគ្នាបម្លាស់ទី ។
ចំណែកបុគ្គលិកឧទ្យានជាតិ «សេវប៉ា» បញ្ជាក់ថា ការបម្លាស់ទីរបស់ហ្វូងម្រើមព្រះកើតឡើងតាមធម្មជាតិ គឺអាចបណ្តាលមកពីកត្តាបរិស្ថាន ឬការផ្លាស់ប្តូរអាកាសធាតុ ។ ឧទ្យានជាតិក៏សូមអភ័យទោសផងដែរ ដែលបុគ្គលិកឧទ្យានជាតិយកវីដេអូនេះទៅបង្ហោះក្នុងបណ្តាញសង្គមបណ្តាលឱ្យមហាជនភ្ញាក់ផ្អើល ហើយឧទ្យានជាតិនឹងមិនឱ្យមានហេតុការណ៍នេះកើតឡើងទៀតទេ នាថ្ងៃអនាគត ៕










