ខេត្តបន្ទាយមានជ័យ៖ ក្មេងទំនើង២ក្រុមចូលរាំធុងប៉ាស់ ឌឺដងដាក់គ្នាចុះឡើង ទាញដាវកាប់គូទំនាស់ បណ្ដាលឲ្យដាច់ដៃ និងស្លឹកត្រចៀក ហើយរត់គេចខ្លួនបាន២ថ្ងៃ ក៏អស់លក្ខណ៍ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់ កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៨ នៅក្នុងក្រុងប៉ោយប៉ែត។

ប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតមាននូវអំពើកាប់ប្រហារគ្នាយ៉ាងសាហាវនោះ គឺ​នៅព្រលប់​ ថ្ងៃ​ទី​១៣ ខែមេ​សា​នោះ នៅ​ភូមិ​សូ​រិ​យា សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែ​ត​ អ្នកភូមិបាននាំគ្នាចាក់ធុងបាស់រាំលេងកម្សាន្ដលេង។ ស្របពេលនោះ ទាំងជនរងគ្រោះ និងជន​សង័្សយបាននាំគ្នាចូលរាំលេង ហើយឌឺដងដាក់គ្នាចុះឡើង ស្រាប់តែជនបង្កបានផ្ទុះកំហឹងយ៉ាងក្រេវក្រោធឡើង ទាញដាវកាប់ប្រហារទៅលើ​ជនរងគ្រោះ បណ្ដាលឲ្យ​របួស​ដាច់​ស្លឹកត្រចៀក និង​ដៃ។ ដំបូង​សមត្ថកិច្ច​បានឃាត់ខ្លួន​ជនសង្ស័យ​បានម្នាក់ ខណៈ​ម្នាក់​ទៀត​គេចខ្លួន ហើយ​ទីបំផុត​ ដោយសារខ្លាច​បញ្ហា​កាន់តែ​ធំ ទើប​ពុក​របស់គេដឹក​ជនសង្ស័យនាំមក​ប្រគល់​ឲ្យ​សមត្ថកិច្ច​។

មន្ត្រីនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ជនសង័្សយជាប់ពាក់ព័ន្ធនឹងអំពើហិង្សាខាងលើ ទី១-​ឈ្មោះ ​ជិន សា​មឿ​ន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ និងទី២-​ឈ្មោះ ​ជិន សា​មិត្ត ភេទ​ប្រុស អាយុ​៣០​ឆ្នាំ។ ពួកគេទាំង២នាក់បងប្អូនបង្កើត មានមុខរបរ​ជា​កម្មករ​សំណង់ រស់នៅ​ភូមិ​សូ​រិ​យា សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែ​ត​។ រីឯជន​រង​គ្រោះ​ ទី១-ឈ្មោះ​ ឃុន ឈឿ​ត ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ រងរបួសដាច់​ស្លឹកត្រចៀក​ឆ្វេង (​ឪ​ពុក​ក្មេក​) និងទី២-​ឈ្មោះ​ យ៉ាង សុភាព ​ភេទ​ប្រុស អាយុ​២៦​ឆ្នាំ របួស​ស្មា (​​កូនប្រសា​) រស់នៅ​ក្នុងភូមិ​កើតហេតុ។

សមត្ថកិច្ចដដែល បានបន្ត​ថា ដំបូង​គ្រួសារ​រង​គ្រោះ និង​គ្រួសារ​ជន​ដៃដល់​នាំ​គ្នា​ចាក់​ធុងបាស់​រាំ​លេង​ អបអរ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី លុះ​ភាគី​ទាំង​២​ផឹកស៊ី​ចាក់​បាស់​រាំ​យូរៗ​ទៅ ក៏ចាប់ផ្ដើមកាច់កុង​គ្នា រហូត​ក្លាយជា​ជម្លោះ ពីរឿងបើកបាស់ឮខ្លាំងៗ។ ភ្លាមៗនោះ ​ជនសង្ស័យបានផ្ទុះកំហឹងឡើង​ ស្ទុះ​ផ្លោះ​របង​ទៅ​វាយ និង​កាប់​ជន​រង​គ្រោះ​ដល់​ផ្ទះ​តែ​ម្តង។

សមត្ថកិច្ច​បន្ត​ថា បើតាម​ជន​រង​គ្រោះជា​ឪ​ពុក​ក្មេក​ បានអះអាង​ថា ខណៈ​ឃើញ​គេ​វាយ និង​កាប់​កូនប្រសា គាត់បានរ​ត់ទៅ​ជួយ​ដោយ​យក​បំពង់​ទីប​ទៅ​រង​ដឹង​អី ​មុខកាំបិត​ផ្លា​តនឹងបំពង់​ដែក​ទីប ​ក៏​ត្រូវ​គាត់​ដាច់​ស្លឹកត្រចៀក​តែ​ម្តង។ ដោយឡែកជនសង្ស័យ​ទាំង​២វិញបាន​សារភាព​ថា ពួកគេបាន​វាយ និង​កាប់​លើ​ជន​រង​គ្រោះ​ពិតប្រាកដ​មែន។

ក្រោយពេលទទួលបានចម្លើយសារភាពពីជនសង័្សយ និងមានពាក្យបណ្ដឹងពីជនរងគ្រោះផង សមត្ថកិិច្ចបានកសាងសំណុំរឿងបញ្ជូន​ជន​សង័្សយទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕