ភ្នំពេញ៖ លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណៈការនិងដឹកជញ្ជូន ធ្លាប់បានសន្យា ជាមួយប្រជាពលរដ្ឋថា​ដាក់ឱ្យដំណើ​រការគ​ម្រោងធំៗទំាង៤ នៅមុនថ្ងៃបុណ្យចូលឆ្នំាថ្មី ប្រពៃណីជាតិខ្មែរ នូវរថភ្លើងពីប៉ោយប៉ែត-សិរីសោភ័ណ, ដឹកអ្នកដំណើរតាមផ្លូវទឹកព្រែកព្នៅ-តាខ្មៅ, រថភ្លើងភ្នំពេញ-ព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងស្ពានអាកាសផ្សារដីហុយ គិតមកដល់ថ្ងៃទី ១២មេសា នេះ លោកស៊ុនចាន់ថុល បានសម្រេចការសន្យារបស់ខ្លួនជាមួយប្រជាពលរដ្ឋ។
គួរំលឹកថាគម្រោងទី១ -រថភ្លើងពីប៉ោយប៉ែត-សិរីសោភ័ណបានដាក់ឱ្យដំណើរការនៅថ្ងៃទី៤ មេសា,ទី២-ការដឹកអ្នកដំណើរតាមផ្លូវទឹកព្រែកព្នៅ-តាខ្មៅ ថ្ងៃទី៦មេសា,ទី៣- រថភ្លើងភ្នំពេញ-ព្រលានយន្តហោះអន្តរជាតិភ្នំពេញកលពីថ្ងៃទី១០ មេសា និងទី៤-ស្ពានអាកាសផ្សារដីហុយថ្ងៃទី ១២មេសានេះ។
ថ្លែងក្នុងពិធីបើកឱ្យដំណើរបណ្តោះអាសន្នស្ពានអាកាសផ្សារដីហុយ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ មានប្រសាសន៍ថា ស្ពានអាកាសផ្សារដីហុយ នេះមានបណ្ដោយប្រវែង ៦១០ ម៉ែត្រ, ទទឹង ១៦,៥ ម៉ែត្រ មាន៤គន្លង (២គន្លងទៅ ២គន្លងមក) ផ្លូវក្រោមកាត់ស្ពាន២៣ម៉ែត្រ និងកម្ពស់៥,៥ម៉ែត្រ ចំណាយថវិកាអស់ ប្រមាណ១៦,៧៨លានដុល្លារ។
លោកទេសរដ្ឋមន្ត្រីបញ្ជាក់ថា «ស្ពានអាកាសផ្សារដីហុយ នេះស្ថិតក្នុងគម្រោងក្រវ៉ាត់ក្រុងទី២ ដែលមានប្រវែង១៦,៥គីឡូម៉ែត្រ ដែលចំណាយថវិកាទាំង​ស្ពាន និងផ្លូវសរុបប្រមាណ៦១លានដុល្លារអាមេរិក ក្រោមហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងថវិកា​បដិភាគ​របស់​រាជរដ្ឋាភិបាលកម្ពុជា។ ស្ពាននេះចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍នៅតាមដងផ្លូវសហព័ន្ធរុស្សី ដែលកន្លង​មកប្រជាព​លរដ្ឋតែងមានការត្អូញត្អែរជួបការលំបាកក្នុងការធ្វើដំណើរឆ្លងកាត់»។

ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ រាជរដ្ឋាភិបាលបានបើកឱ្យប្រើប្រាស់ស្ពានអាកាសនេះជាបណ្ដោះអាសន្ន ដើម្បីស​ម្រួល​ដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី និងផ្លូវផ្សារដីហុយ។ស្ពានអាកាសខ្វាត់ខ្វែង​ក្នុងរាជធានីភ្នំពេញ​នាពេលប​ច្ចុប្ប​ន្ននេះ គឺជាសមិទ្ធផលដែលកើតចេញពីសុខសន្តិភាព និងស្ថេរភាពនយោបាយដ៏រឹងមាំ ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិតរ​បស់សម្តេច​អគ្គមហា​សេ​នាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕​រូបប្រភព​ហេ្វសប៊ុក​​