ខេត្តរតនគិរី៖ បុរស​ល្មោភកាមម្នាក់មិនបានគិតពីគុណធម៌ ឃើញកូនស្រីរបស់ប្ដីដើមស្អាត និងមានវ័យនៅក្មេងខ្ចី ទុកឲ្យតណ្ហាដឹក​ច្រមុះ ចូលទៅចាប់រំលោភសេពសន្ថវៈសម្រេចជាច្រើនលើកច្រើនសា នៅក្បែរគុម្ពចេក ហើយគំរាមនាងមិនឲ្យយករឿងដ៏អាស្រូវនេះទៅប្រាប់អ្នកដទៃ ប៉ុន្តែចុងក្រោយក៏អស់លក្ខណ៍ ត្រូវប្រពន្ធមកទាន់លើកខោរត់គេចខ្លួនបាត់ស្រមោល កាលពីវេលាម៉ោង៦ និង២០នាទីល្ងាច ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨ នៅក្នុងឃុំលុងឃុង ស្រុកបកែវ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតមាននូវអំពើចាប់រំលោភសេពសន្ថវៈនោះ ជនសង្ស័យបានចាកចេញពី​ស្រុក​កំណើតរបស់គេ​ មកស្នាក់នៅ និងធ្វើចម្លារ​ នៅក្នុងឃុំលុងឃុង ស្រុកបកែវ ខេត្តរតនគិរី។ លុះក្រោយមក គេបានទាក់ទងនឹង​ម្ដាយរបស់​ក្មេងស្រីរងគ្រោះ ហើយបានយកគ្នាជាប្ដីប្រពន្ធ រហូតមក។

ប្រភពព័ត៌មានដដែល បានបន្តថា​ បន្ទាប់ពីរួមរស់នៅជាមួយគ្នានោះមក ជនសង្ស័យចេះតែលួចសម្លក់សម្លឹងទៅលើកូនស្រីរបស់ប្ដីដើមប្រពន្ធរបស់ខ្លួន ហើយឆ្លៀតពេលប្រពន្ធរបស់ខ្លួនមិននៅ គេក៏ឧស្សាហ៍លូកលាន់ទៅលើនាងចុះឡើង និងចាប់អូសដៃនាងចូលព្រៃចេកក្បែរផ្ទះ រំលោភជាញឹក​ញាប់។ លុះមកដល់វេលាម៉ោង៦ និង១៥នាទីល្ងាច ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨ ជនសង្ស័យបានក្រឡេកមើលខេងខាង​ចុះឡើង មិនឃើញប្រពន្ធនៅផ្ទះ ក៏ចាប់ដៃក្មេងស្រីរងគ្រោះ អូសទៅរំលោភ​នៅក្នុងព្រៃចេកក្បែរផ្ទះ តែជាចៃដន្យ ប្រពន្ធមកទាន់ ​ធ្វើឲ្យបុរសមានចិត្តជាសត្វតិរច្ឆាននេះភ័យ រត់គេចខ្លួនបាត់ស្រមោល។

ប្រភពព័ត៌មានដដែល បានបន្តថា បន្ទាប់ពីបែកការនូវរឿងអាស្រូវកូនស្រីរបស់ខ្លួន ត្រូវប្ដីចុងចាប់រំលោភនោះមក ស្ត្រីជាម្ដាយបានកើត​នូវវិប្បដិសារី នៅក្នុងចិត្តយ៉ាងខ្លាំង ដោយគិតថា មិនគួរណាគាត់យកប្ដីមានចិត្តជាសត្វតិរច្ឆាន ហើយបំផ្លាញអនាគតកូនស្រីរបស់​ខ្លួន​បែបនេះសោះឡើយ។ លុះមកដល់ព្រឹក ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨ ស្ត្រីជាម្ដាយបាននាំកូនស្រីរបស់គាត់ទៅដាក់ពាក្យបណ្ដឹង នៅក្នុងប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំលុងឃុង ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគន៍ ស្វែងរកយុត្តិធម៌ជូនដល់កូនស្រីរបស់គាត់ និងតាមចាប់ខ្លួនជនសង្ស័យនាំមកផ្ដន្ទាទោសតាមច្បាប់។

មន្ត្រីនគរបាលស្រុកបកែវ បានឲ្យដឹងថា ជនសង្ស័យជាប់ពាក់ព័ន្ធនឹងអំពើចាប់រំលោភអនីតិជននោះ ឈ្មោះ នួន សាំង អាយុ៤៦ឆ្នាំ មាន​ស្រុកកំណើតនៅភូមិផ្សារដំបង ឃុំដើមដូង ស្រុកអង្គរជ័យ ខេត្តកំពត។ រីឯក្មេងស្រីរងគ្រោះ ឈ្មោះ ក រ អាយុ១១ឆ្នាំ រស់នៅក្នុងឃុំកើត​ហេតុខាងលើ។

ក្រោយពេលទទួលបានពាក្យបណ្ដឹងពីអាណាព្យាបាលរបស់ជនរងគ្រោះរួចមក នៅពេលនេះ នគរបាលស្រុកបកែវកំពុងទាក់ទងទៅសមត្ថ​កិច្ចពាក់ព័ន្ធ ដើម្បីស្វែងរកចាប់ខ្លួនជនសង្ស័យ​ នាំមកផ្ដន្ទាទោសតាមច្បាប់៕