ខេត្តបន្ទាយមានជ័យ៖ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយ បានកើតឡើងកាលពីវេលាម៉ោង ១២និង៣០នាទី ថ្ងៃ៨ មេសា ២០១៨ បង្កឡើងដោយយុវជនឈាមរាវម្នាក់ ដែលត្រូវបានគេប្រាប់ថា ជាមនុស្សសរសៃប្រសាទ បានដើររកខ្ចីកាំបិតអ្នកស្រុក ដើម្បីយកទៅកាប់សម្លាប់ម្តាយរបស់ខ្លួន តែមិនទាន់បានប្រព្រឹត្តផង ត្រូវប្រជាពលរដ្ឋនៅទីនោះ នាំគ្នាព្រួតចាប់ចង យកទៅប្រគល់ឲ្យប៉ូលិសជាអ្នកចាត់ការតាមច្បាប់ ។

ករណីខាងលើបានកើតឡើង នៅក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយជនបង្កខាងលើ មានឈ្មោះ ជុំ វណ្ណនី ភេទប្រុស អាយុ២០ឆ្នាំ ចំណែកម្តាយដែលត្រូវជននេះ ប៉ងសម្លាប់នោះ គាត់ឈ្មោះ ង៉ែត ពៅ អាយុ៤៦ឆ្នាំ រស់នៅក្នុងភូមិកើតហេតុខាងលើ ។

បើតាមសម្តីអ្នកឃើញហេតុការណ៍ផ្ទាល់ បានប្រាប់ឲ្យដឹងថា បុរសជាកូនប្រុសខាងលើ តែងតែមានអាការៈបែកថ្នាំ រហូតកើតជំងឺសរសៃប្រសាទ ហើយជននេះតែងតែត្រូវបានក្រុមគ្រួសារ យកទៅព្យាបាលអស់រយៈពេល ជាង២ឆ្នាំរួចមកហើយ តែនៅមិនជា រហូតដល់ម្តាយបង្កើតរបស់ជនបង្កនេះ អស់ជំរើសបានបង្ខំឲ្យកូនប្រុសរូបនេះ លេបថ្នាំ ដើម្បីធ្វើឲ្យយ៉ាងឲ្យកូនបានជា។

បើតាមសម្តីម្តាយ របស់ជនខាងលើ បានប្រាប់ឲ្យដឹងថា នៅថ្ងៃកើតហេតុ កូនប្រុសរបស់គាត់ មានអាការៈក្តៅក្រហាយយ៉ាងខ្លាំង រហូតដល់ធ្វើសកម្មភាព ដើររកកាំបិតអ្នកជិតខាង ដើម្បីយកមកកាប់ខ្លួនគាត់ជាម្តាយតែម្តង តែមិនបានដូចបំណង ក៏បានដើរចូលទៅក្នុងផ្ទះឈ្មោះ សៅ កាន់តារា ត្រូវជាបងប្អូនជីដូនមួយរបស់ជនបង្ក ដើម្បីខ្ចីកាំបិតយកទីកាប់ម្តាយ តែត្រូវបងប្អូនរារាំង មិនឲ្យកាំបិតទៅកូនប្រុសគាត់ទេ ក៏បានឈ្លោះប្រកែកគ្នា ឈានដល់ព្រួតគ្នា ចាប់កូនប្រុសសរសៃប្រសាទរូបនេះ ឲ្យប៉ូលិសតែម្តង ។

ម្តាយជនបង្កបានបន្តទៀតថា កូនប្រុសរបស់គាត់ បានបាត់ម៉ូតូមួយគ្រឿងនៅខេត្តកោះកុង កាលពី២ឆ្នាំមុន ក្រោយមកក៏បានជួបរឿងរ៉ាវ កើតរោគសរសៃប្រសាទ កាន់តែខ្លាំងឡើងៗ ព្យាបាលយ៉ាងណាក៏មិនធូរស្បើយ ទើបនៅថ្ងៃកើតហេតុ ដោយសារតែខឹងគាត់បង្ខំឲ្យលេបថ្នាំ វាក៏បានដើរខ្ចីកាំបិតគេមកកាប់រូបគាត់ជាម្តាយ ហើយត្រូវគេព្រួតចាប់ឲ្យប៉ូលិសតែម្តងទៅ ៕