ភ្នំពេញ ៖ ស្រ្តីម្នាក់ដែលអ្នកភូមិអះអាងថា ជាមេអ្នកលក់គ្រឿងញៀនប្រចាំភូមិ ត្រូវបាននគរបាលប៉ុស្តិ៍ចោមចៅ៣ ឃាត់ខ្លួនយកទៅសាកសួរនៅប៉ុស្តិ៍ បន្ទាប់ពីប្រើប្រាស់កូនកាំបិតចុងស្រួចចាក់ទៅលើបុរសម្នាក់ ជាមួយអ្នកទិញគ្រឿងញៀនជក់ បណ្តាល របួសខ្នងហូរឈាមកក្លាក់ ខណៈដែលកំពុងផឹកសុីជាមួយប្តីរបស់ស្រ្តីបង្កនៅក្នុងបន្ទប់ជួល កាលពីវេលាម៉ោង២រំលងអាធ្រាត្រចូលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅបន្ទប់ជួលលេខ០២១ ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។

ស្រ្តីសង្ស័យឈ្មោះ តូច ចិន្តា អាយុ ៣២ឆ្នាំ មុខរបរអ៊ុតសក់ និងលក់ថ្នាំញៀនប្រចាំភូមិ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុ មានស្រុកកំណើតភូមិកន្សៃបន្ទាយ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានប្តីឈ្មោះ លឹម ហេង អាយុ ២៨ឆ្នាំ មុខរបរជាងភ្លើង ។ ចំណែកជនរងគ្រោះឈ្មោះ ប៉ុក ធារិន ហៅខ្មៅ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ សន្តិសុខក្រុមហ៊ុនឯកជន មានទីលំនៅក្នុងភូមិកើតហេតុ ហើយត្រូវជាមិត្តភក្ដិរបស់ប្តី ស្រ្តីសង្ស័យផងដែរ ។

ករណីហិង្សាបង្កឱ្យមានរបួសស្នាមខាងលើ មានប្រភពផ្សេងៗគ្នាលើកឡើង ។ បើតាមស្រ្តីសង្ស័យបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ ត្រូវជាមិត្តភក្ដិរបស់ប្តីខ្លួន ឧស្សាហ៍ចេញចូលបន្ទប់ ផឹកសុី រាប់អានគ្នា ហើយជនរងគ្រោះម្នាក់នេះ ចិត្តហាន ដៃដល់លូកលាន់រាងកាយនាងជាញឹកញាប់ ។ នៅយប់ថ្ងៃកើតហេតុ ខណៈដែលជនរងគ្រោះ ចូលមកផឹកសុីក្នុងបន្ទប់ រហូតដល់កណ្តាលអាធ្រាត្រ ជនរងគ្រោះ បន្លំលូកចាប់សុដន់ ហាមហើយមិនស្តាប់ លូកម្តងហើយម្តងទៀត ទើបទ្រាំងលែងបាន យកកូនកាំបិតចាក់តែម្តង ។

បើតាមសម្តីជនរងគ្រោះបានឱ្យដឹងថា ខ្លួនបានស្គាល់រាប់អានគ្នាជាមួយប្តីជនបង្ក ជាមិត្តភក្ដិ ហើយនៅយប់កើតហេតុ បានចូលទៅក្នុងបន្ទប់ស្ត្រីសង្ស័យគ្នា ៣នាក់ តែផឹកគ្នាតែ ២នាក់ទេ ជជែកបណ្តើរផឹកបណ្តើរ លេងសើច លុះដល់វេលាម៉ោងខាងលើ ជនសង្ស័យដេញខ្លួនឱ្យចេញក្រៅ មិនទាន់ចឹញផង ត្រូវបានជនសង្ស័យយកកូនកាំបិតមកចាក់ពីក្រោយតែម្តង ។

តែបើតាមអ្នកភូមិវិញ សន្និដ្ឋាននិងដាក់ការសង្ស័យ ផ្សេងពីភាគីទាំង២នាក់ខាងលើ ស្រ្តីសង្ស័យ និងជនរងគ្រោះ ជាមនុស្សទិញលក់ថ្នាំញៀនជាមួយគ្នារាល់ថ្ងៃ ប្រចាំភូមិទៅហើយ សង្ស័យទំនាស់រឿងពាក់ព័ន្ធគ្រឿងញៀន ទើបឈានដល់បង្កហិង្សាដាក់គ្នា ។ ពលរដ្ឋបានលើកឡើងថា បានសមត្ថកិច្ចចាប់ខ្លួនទាំង ២នាក់ ទាំងបង្កទាំងរងគ្រោះក៏ល្អម្យ៉ាងដែរ បានស្ងាត់ភូមិផង អសន្តិសុខក្នុងភូមិរាល់ថ្ងៃផ្តើមចេញពី មនុស្សទាំង ២នាក់ខាងលើ ទិញលក់ ជក់ សេពគ្រឿងញៀន ក្នុងបន្ទប់របស់ស្ត្រីសង្ស័យ រាល់យប់រាល់ថ្ងៃទៅហើយ ។

ទោះជាយ៉ាងណាក្តី សមត្ថកិច្ចនាំខ្លួនជនទាំង ២នាក់ ទៅសាកសួរនៅប៉ុស្តិ៍ចោមចៅ៣ ដើម្បីរកហេតុផល និងកសាងសំណុំរឿងតាមនីតិវិធី ៕