ភ្នំពេញ៖​ បន្ទាប់ពីលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ បានអំពាវនាវដល់ជនរួមជាតិកុំឲ្្យចេញទៅបោះឆ្នោតនោះមក អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ចេតនាដ៏អាក្រក់នេះ នឹងគ្មានឥទ្ធិពលដល់ប្រជាពលរដ្ឋខ្មែរនោះឡើយ។

លោក​ សម រង្ស៊ី អតីតគណបក្សសង្រ្គោះជាតិ បានផ្ដល់បទសម្ភាសន៍ជាមួយនឹងវិទ្យុអាស៊ីសេរី កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៨ ម្សិល​មិញនេះ ដោយបានអំពាវនាវដល់បងប្អូនជនរួមជាតិ និងក្មួយៗ ដែលស្រលាញ់លទ្ធិប្រជាធិបតេយ្យ កុំទៅបោះឆ្នោតឲ្យសោះ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ បើមិនមានឈ្មោះគណបក្សសង្គ្រោះជាតិ នៅលើសន្លឹកឆ្នោតទេនោះ។

ជាមួយគ្នានេះ លោក សម រង្ស៊ី ក៏បានអំពាវនាវផងដែរ កុំឲ្យអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ទៅចូលរួមឃ្លាំមើលការបោះឆ្នោតបែបនេះឲ្យសោះ ពីព្រោះវាជាការបោះឆ្នោតក្លែងក្លាយ រៀបចំឡើង គ្រាន់តែដើម្បីឲ្យគណបក្សកាន់អំណាចសព្វថ្ងៃ ឈ្នះយ៉ាងងាយ ដោយបំបាត់គូប្រកួតពិតប្រាកដតែមួយគត់ គឺគណបក្សសង្គ្រោះជាតិ។

ដោយឡែក លោក សុខ ឥសនា អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ដែលជាបក្សកាន់អំណាច ​បាន​ឆ្លើយតបនឹងការអំពាវនាវ​របស់លោក សម រង្ស៊ី ថា ការអតីតប្រធានគណបក្សសង្រ្គោះជាតិ ​ញុះញង់​មិន​ឲ្យ​ពលរដ្ឋ​ទៅ​ចូល​បោះ​ឆ្នោត ពី​ក្រៅប្រទេស​នោះ គឺគ្មាន​ប្រសិទ្ធ​ភាព​ទេ។ នៅពលនេះ លោក​សម រ​ង្ស៊ី​កំពុង​ផ្សងព្រេង​ជា​ថ្មី ដើម្បី​ទទួលបាន​បរាជ័យ​ម្ដងទៀត ក្នុង​ការ​ញុះញង់​ប្រជាពលរដ្ឋ ​មិន​ឲ្យ​ទៅ​បោះ​ឆ្នោត​ នា​ខែកក្កដា​ខាង​មុខ​នេះ។ ការអំពាវនារបស់លោក សម រង្ស៊ី គឺមាន​ចេតនា​ទុច្ចរិត​ បំផ្លាញ​ការ​បោះ​ឆ្នោត នៅកម្ពុជា។ ​ប៉ុន្តែ​លោក​សម រ​ង្ស៊ី ស្គាល់​ប្រជាជន​កម្ពុជា​តិច​ពេក​ហើយ ពីព្រោះលោកបានទទួលបរាជ័យ​ផ្ទួន​ៗគ្នា ​ហើយ​លោក សម រង្ស៊ី នៅតែបន្ត​ព្យាយាម​​បំផ្លាញ​​ទៀត។

ជាមួយគ្នានេះ អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​កា​បោះ​ឆ្នោ​យ បាប​ប្រតិកម្ម​ថា ការញុះញង់បែបនេះ គឺជា​អំពើ​មួយផ្ទុយនឹង​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ និង​ច្បាប់រដ្ឋធម្មនុញ្ញ​ ហើយអ្នកប្រព្រឹត្ត​នឹង​ទទួលទោស​តាម​ច្បាប់​ដែល​មាន​ចែង​ជា​ធរមាន។ គ​.​ជ​.​ប​.​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន ​នៅ​ថ្ងៃ​ទី​៩ ខែមេ​សា ឆ្នាំ២០១៨​នេះ​ថា ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្ រ​កំពុង​ប្រព្រឹត្ត​ទៅ​ដោយស្រប​តាម​ច្បាប់បោះឆ្នោត។ គ​.​ជ​.​ប កំពុង​ដំណើរការ​យ៉ាង​រលូន រៀបចំ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ស្រប​តាម​ច្បាប់ និង​ធម្មនុញ្ញភាព​របស់​ខ្លួន​ ដូច​មាន​ចែង ​ក្នុង​មាត្រា​១៥០​ថ្មី នៃ​រដ្ឋធម្មនុញ្ញ ​របស់​ព្រះរាជា​ណាចក្រ​កម្ពុជា។

មន្រ្ដីដដែល បានបន្តថា ការ​ចេញ​សេចក្តីថ្លែងការណ៍ ធ្វើ​សកម្មភាព​គាំទ្រ ឬ​ការ​បង្ហាញនូវ​ភាព​លម្អៀង ​មាន​ជា​អាទិ៍ ការ​សរសេរ​ជា​លាយលក្ខណ៍អក្សរ ឬ​ផ្តល់​បទ​សម្ភាសន៍​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ ​ក្នុង​ន័យ​គាំទ្រ​គណបក្ស​នយោបាយ​ណាមួយ ឬ​បេក្ខជន​ណា​ម្នាក់ ​ត្រូវទទួលទោស ​តាម​មាត្រា​១៤៨ ត្រូវ​ផាកពិន័យ​ជា​ប្រាក់​ពី​១០​លាន​រៀល ទៅ​២០​លាន​រៀល។ យោង​តាម​ខ្លឹមសារ​ និង​បទដ្ឋាន​ច្បាប់​ទាំងនេះ គ​.​ជ​.​ប សូម​អំពាវនាវ​ដល់​បុគ្គល​ទាំងនោះ​ ឲ្យ​បញ្ឈប់​ជា​បន្ទាន់​នូវ​សកម្មភាព​ដែល​ខុស​​ច្បាប់ ហើយសូម​អំពាវ​នា​ដល់​ពលរដ្ឋ​ខ្មែរ​ដែល​មានឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត ឆ្នាំ​២០១៧ អញ្ជើញ​ចូលរួម​បោះ​ឆ្នោត​ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ២០១៨​ខាង​មុខ​នេះ ឲ្យ​បាន​គ្រប់​គ្នា ពី​ព្រោះ​ជា​ឱកាស​តែ​មួយ​គត់​ នៅ​រៀង​រាល់​៥​ឆ្នាំ ដើម្បី​ជ្រើសរើស​ថ្នាក់ដឹកនាំ​របស់​ខ្លួន និង​ជា​ប្រយោជន៍​សម្រាប់​អនាគត​យើង​ផ្ទាល់។ គ​.​ជ​.​ប សូម​អំពាវនាវ​ដល់​អ្នក​សង្កេតការណ៍​ជាតិ​អន្តរជាតិ បំពេញបែបបទ​ឲ្យ​បាន​ទាន់​ពេលវេលា​។

យោង​តាម​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ គណបក្ស​ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ​ស្រប​តាម​ច្បាប់ ស្តី​ពី​គណបក្ស​នយោបាយ​មាន​សិទ្ធិ​ចុះបញ្ជី​គណបក្សនយោបាយ និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ហើយ​ក៏​គ្មាន​មាត្រា​ណាមួយ​ ក្នុង​ច្បាប់​នេះ ចែង​ថា លុះត្រា​មាន​គណបក្សប្រឆាំង​ចូលរួម​ក្នុង​ការ​បោះ​ឆ្នោត ​ទើប​ចាត់​ថា​ ការ​បោះ​ឆ្នោត​មាន​លក្ខណៈ​ស្របច្បាប់​នោះឡើយ៕