ខេត្តកំពង់ធំ៖ ស្រ្ដីមេម៉ាយវ័យចំណាស់ម្នាក់ ទំនងជាខូចចិត្តនឹងវាសនារបស់ខ្លួន កើតមកមិនមានសំណាង និងទទួលបានសុភមង្គល នៅក្នុងគ្រួសារដូចអ្នកដទៃ ទើបសម្រេចចិត្តយកស្រាមកផឹកជាប្រចាំ ហើយសម្រេចចិត្តចងកធ្វើអត្តឃាត បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១ និង​៣០នាទីយប់រំលងអធ្រាត្រ ឈានចូល ថ្ងៃអាទិត្យ ៨រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៨ នៅក្នុងភូមិត្រពាំងខ្លង ឃុំច្រនាង ស្រុកបារាយណ៍។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតមាននូវរឿងអកុសលនោះ គឺមួយរយៈពេលចុងក្រោយនេះ ជនរងគ្រោះទំនងជាមានវិបត្តិនៅក្នុងចិត្ត ទើបគាត់យកស្រាមកផឹកជាប្រចាំ ស្ទើរតែភ្លេចបាយទឹក។ លុះមកដល់ថ្ងៃកើតហេតុ កូនរបស់ជនរងគ្រោះ​បានដើរចូលទៅក្នុងបន្ទប់ ស្រាប់តែប្រទះឃើញម្ដាយរបស់ខ្លួន​ បានចងកសម្លាប់ខ្លួន ក៏ស្រែកផ្អើលដល់អ្នកភូមិ និងរាយការណ៍ទៅសមត្ថ​កិច្ចឲ្យចុះមកពិនិត្យ។

មន្ត្រីនគរបាលស្រុកបារាយណ៍ បានឲ្យដឹងថា ជនរងគ្រោះដែលគិតខ្លីសម្រេចចិត្តចងកធ្វើអត្តឃាតនោះ ឈ្មោះ ម៉ម មី អាយុ៥១ឆ្នាំ ជាស្ត្រីមេម៉ាយ រស់នៅភូមិ-ឃុំខាងលើ។ ជនរងគ្រោះបានឡើងឈរលើអាងទឹកបង្គន់ នៅខាងក្រោយផ្ទះ ហើយយកក្រមាមកចងក ភ្ជាប់នឹងផ្លានដំបូលបង្គន់។

ក្រោយពេលពិនិត្យរួច សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះពិតជាបានសម្លាប់ដោយសារការចងកធ្វើអត្តឃាតប្រាកដមែន។ បន្ទាប់មក​ សមត្ថកិច្ចជំនាញបានធ្វើកំណត់ហេតុប្រគល់សាកសពរបស់ជនរងគ្រោះទៅឲ្យសាច់ញាតិ និងក្រុមគ្រួសារ រៀបចំធ្វើបុណ្យតាមប្រពៃណី៕