ជនជាតិជប៉ុន គេច្រើនប្រកាន់ទុកថា ផ្ទះបាយគឺជាជង្រុកសេដ្ឋកិច្ចមួយ នៅក្នុងគ្រួសារ ព្រោះថា ប្រសិនបើផ្ទះបាយរបស់គេរៀបចំបានត្រឹមត្រូវ តាមក្បួនខ្នាតរបស់ហុងស៊ុយ នឹងមានផាសុកភាពល្អ ហើយវាជួយឲ្យក្រុមគ្រួសាររបស់គេ ទទួលបាននូវសុភមង្គល និងមានសុខភាពល្អ ប្រកបការងារអ្វីក៏ទទួលបានផលសម្រេច តាមបំណងប្រាថ្នាដែរ ។

ខាងលើនេះមានន័យថា ប្រសិនបើមានសុខភាពល្អ កម្លាំងមាំមួនឱកាសដែលអាចរកផលចំណូល ក៏បានរលូនទៅតាមនោះផងដែរ ។

ផ្ទះបាយដែលមានលក្ខណៈត្រឹមត្រូវល្អនោះ គឺត្រូវមានទីតាំងនៅបរិវេណ មួយកំណាត់ខាងក្រោយនៃតួផ្ទះធំជានិច្ច ។ ក៏ប៉ុន្តែប្រសិនបើទីតាំងផ្ទះបាយនេះ ខិតទៅរកផ្នែកខាងមុខ នៃតួផ្ទះធំពេកនោះ លក្ខណៈបែបនេះ វានឹងបង្កឲ្យមានការបាត់បង់ តុល្បភាពនៃថាមពល ទាំងមូលនៅក្នុងផ្ទះបាន ។

បើតាមគោលការណ៍ ទីកន្លែងស្នាក់អាស្រ័យ ជាទីតាំងនៃធាតុក្តៅ ហើយទីតាំងដែលចាត់ទុកថា ជាមង្គលធំបំផុតសម្រាប់ផ្ទះបាយ គឺស្ថិតនៅទិសខាងកើត និងទិសខាងត្បូងនៃតួផ្ទះធំ ។ ទោះបីយ៉ាងណាក៏ដោយ គឺហាមសាងសង់ផ្ទះបាយ នៅទិសខាងលិចឆៀងខាងត្បូង ព្រោះអាចនឹងបង្កផលអាក្រក់ ដល់ស្ត្រីមេផ្ទះ និងមួយវិញទៀត ហាមសាងសង់ផ្ទះបាយ នៅត្រង់ទិសខាងលិចឆៀងខាងជើង ព្រោះវាអាចជះផលអាក្រក់ ដល់បុគ្គលដែលជាមេគ្រួសារ ។

នៅមានហេតុផលមួយទៀត ដែលណែនាំឲ្យចៀសវាង សាងសង់ផ្ទះបាយ នៅទិសខាងលិចឆៀងខាងជើង ក៏ព្រោះលក្ខណៈបែបនេះស្តែងឲ្យឃើញពី “ភ្លើងឆេះខ្លោងទ្វារឋានសួគ៌”។ លើសពីនេះទៅទៀត ជាការពិត ផ្ទះបាយក៏មិនគួរស្ថិតនៅ ទិសខាងលិចឆៀងខាងជើងនៃតួផ្ទះធំ ឬក៏បន្ទប់ដេករបស់អ្នកគ្រប់គ្រងផ្ទះផងដែរ ៕