សៀមរាប៖ ក្មេងពាលមួយក្រុម អត់ការងារធ្វើ រពឹសដៃនាំគ្នាយកដាវកាប់បំផ្លាញរូបចម្លាក់លិង្គបុរាណ នៅលើក្នុងស្ទឹងលិង្គ១ពាន់ ទើប​សមត្ថកិច្ចចម្រុះចុះស្រាវជ្រាវ រហូតឃាត់ខ្លួនបាន កាលពីថ្ងៃពុធ ១២កើត ​ខែ​ចែត្រ ​ ឆ្នាំរកា ​ ​នព្វស័ក ព.២៥៦១ ត្រូវ​នឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ នៅក្នុងស្ទឹងលិង្គមួយពាន់ ស្ថិតក្នុងភូមិព្រះអង្គធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ។

មន្ត្រីនគរបាលស្រុកស្វាយលើ បានឲ្យដឹងថា ជនសង័្សយជាប់ពាក់ព័ន្ធនឹងករណីកាប់បំផ្លាញចម្លាក់លិង្គបុរាណ ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួន​នោះ ទី១-ឈ្មោះ សារឿន យ៉ត ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ និងទី២-ឈ្មោះ ព្រីង ម៉ៅ ភេទប្រុស អាយុ១៨ឆ្នាំ មុខរ បរព្រីនរូបថត។ ពួកគេទាំងពីរមានលំនៅក្នុងភូមិព្រះអង្គធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។ ក្រៅពីឃាត់ខ្លួនជនសង័្សយខាងលើ​នេះ សមត្ថកិច្ចដកហូតបានដាវចំនួន៣ដើម។

មន្ត្រីនគរបាលស្រុកស្វាយលើ បានបន្តថា បន្ទាប់ពីទទួលបានព័ត៌មានពីការបំផ្លិចបំផ្លាញ​វត្ថុបុរាណបែបនេះ លេាកឧត្តមសេនីយ៍ត្រី ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្ត បានបញ្ជាទៅកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត ការិ​យា​ល័យបេតិកភណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្ត បើកការសើុបអង្កេត រហូតឃាត់ខ្លួនជនសង័្សយទាំង២នាក់ខាងលើ។

មន្ត្រីនគរបាលដដែល បានបន្តថា បន្ទាប់ពីឃាត់ខ្លួនរួចមក ជនសង័្សយ ឈ្មោះ សារឿន យ៉ត បានឆ្លើយសារភាពថា ពួកគេពិតជាបានយកដាវទៅកាប់បំផ្លាញរូបចម្លាក់លិង្គមួយពាន់ប្រាកដមែន។ នៅពេលប្រព្រឹត្តនោះ គឺពួកគេមានគ្នា៣នាក់ រួមមាន ទី១-រូបគេផ្ទាល់ ទី២-ឈ្មោះ ព្រីង ម៉ៅ និងទី៣-ឈ្មោះ រុន រស់នៅភូមិឃុំខាងលើ។

ក្រោយពេលទទួលបានចម្លើយសារភាពរួច សមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនជនសង័្សយទៅកាន់ស្នងការដ្ឋាននគរបាលខេត្តសៀម​រាប​ ដើម្បីចាត់ការតាមច្បាប់៕