ខេត្តក្រចេះ៖ បុរសម្នាក់បានព័ទ្ធវង់ជាមួយអ្នកភូមិ ផឹកស្រាសអស់ជាច្រើនលីត្រ រហូតស្រវឹងជោកជាំ ក៏ចាប់នឹកឃើញរឿងចាស់ ធ្វើឲ្យគេផ្ទុះភ្លើងប្រចណ្ឌ ទាញពូថៅទៅកាប់ប្រហារមកលើជនរងគ្រោះ​ ចំនួន២ពូថៅ បណ្ដាលឲ្យរងរបួសធ្ងន់ កាលពីល្ងាច ថ្ងៃទី២២ ខែមីនា ឆ្នាំ​២០១៨ នៅចំណុចអូរអណ្ដូង ភូមិចឹង ឃុំឃ្សឹម ស្រុកស្នួល។

មន្រ្ដីនគរបាលស្រុកស្នួល បានឲ្យដឹងថា ជនសង្ស័យជាប់ពាក់ព័័ន្ធនឹងករណីអំពើហិង្សា ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួននោះ ឈ្មោះ ធី សុផល អាយុ២៩ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ។ រីឯជនរងគ្រោះ ឈ្មោះ សាន់ សារឿន អាយុ៥០ឆ្នាំ (រងរបួសធ្ងន់) រស់នៅភូមិជាមួយគ្នា។

ប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតមាននូវអំពើហិង្សានោះ ជនសង័្សយបានអង្គុយព័ទ្ធវង់ផឹកស្រាជាមួយនឹងអ្នកភូមិ អស់ជាច្រើនលីត្រ រហូតស្រវឹង​ជោកជាំ ក៏ចាប់ផ្ដើមនឹកឃើញរឿងចាស់ កើតក្ដីប្រចណ្ឌប្រពន្ធរបស់ខ្លួនជាមួយនឹងជនរងគ្រោះ។ ភ្លាមៗនោះ ជន​សង័្សយបានចាប់ផ្ដើមផ្ទុះកំហឹងឡើងយ៉ាងក្រេវក្រោធ ទាញពូថៅកាន់ក្នុងដៃ ដើរសំដៅមកផ្ទះរបស់ជនរងគ្រោះ ហើយឃើញគាត់កំពុងអង្គុយលេង​ នៅក្នុងផ្ទះ ក៏កាប់ប្រហារ​ចំនួន២ពូថៅ បណ្ដាលឲ្យរងរបួសធ្ងន់។

មន្រ្ដីនគរបាលដដែល បានបន្តថា បន្ទាប់ពីមានសេចក្ដីរាយការណ៍ អំពីករណីហិង្សាបែបនេះភ្លាម សមត្ថកិច្ចនគរបាលស្រុកស្នួល បានសហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាល និងប្រជាការពារភូមិ ឃាត់ខ្លួនជនសង្ស័យ នាំមកកាន់អធិការដ្ឋាននគរបាលស្រុកស្នួល ដើម្បីសាកសួរ។ នៅពេលនោះ ជនសង្ស័យ បានសារភាពថា មូលហេតុដែលគេកាប់ជនរងគ្រោះនោះ គឺដោយសារគេប្រចណ្ឌប្រពន្ធរបស់ខ្លួនជាមួយនឹងជនរងគ្រោះ។

ក្រោយពេលកើតហេតុ ក្រុមគ្រួសារបានបញ្ជូនជនរងគ្រោះទៅព្យាបាល នៅក្នុងមណ្ឌលសុខភាពឃុំឃ្សឹម ស្រុកស្នួល។ ដោយឡែក ជនសង្ស័យ ត្រូវសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕