ភ្នំពេញ៖ បុរសបរទេសម្នាក់កាត់ពីប្រទេសអង់គ្លេស ចូលមកលេងប្រទេសកម្ពុជា អត់លុយកាក់ គ្មានការងារធ្វើ ដើរដេកតាមទី​សាធារណៈ ទើបសមត្ថកិច្ចចុះទៅឃាត់ខ្លួន​ កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃព្រហស្បត្តិ៍ ៦កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ នៅក្នុងទឹកដីសង្កាត់បឹងរាំង ខណ្ឌដូនពេញ។

មន្ត្រីនគរបាលខណ្ឌដូនពេញ បានឲ្យដឹងា បុរសបរទេសដែលសមត្ថកិច្ចឃាត់ខ្លួន ឈ្មោះ ANTHONY MOORHOUSE អាយុ៥៤ កើតថ្ងៃទី២៧ ខែមិថុនា ឆ្នាំ១៩៦៤ ជនជាតិអង់គ្លេស។ បុរសបរទេសម្នាក់នេះ គ្មានលិខិិតឆ្លងដែន និងកន្លែងស្នាក់នៅពិតប្រាកដ។

មន្ត្រីនគរបាលដដែល បានបន្តថា បន្ទាប់ពីពិនិត្យឃើញជនបរទេសម្នាក់នេះ ដើរដេកតាមទីសាធារណៈនោះមក សមត្ថកិច្ចក៏បានចុះទៅឃាត់ខ្លួន និងបញ្ជូនមកកាន់ការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៅតាមផ្លូវលេខ១៥៨ សង្កាត់បឹងរាំង ខណ្ឌដូនពេញ។ ក្រោយ​មក សមត្ថកិច្ចបានជួយបញ្ជូនខ្លួនជនបរទេសម្នាក់នេះទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ពីព្រោះគេគ្មានការងារធ្វើ គ្មានលុយ និងដើរដេកតាមផ្លូវសាធរណៈ និងគ្មានកន្លែងស្នាក់នៅពិតប្រាកដ។

មន្ត្រីនគរបាលដដែល បានបន្តថា ក្រោយពេលបញ្ជូនទៅដល់ការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី សមត្ថកិច្ចជំនាញបានត្រួតពិនិត្យឯកសារ រកឃើញថា ជនបរទេសម្នាក់នេះ គ្មានលិខិតឆ្លងដែន និងកន្លែងស្នាក់នៅមិនពិតប្រាកដ ទើបបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តតាមច្បាប់របស់កម្ពុជា៕