ភ្នំពេញ៖ កន្លែងលក់ម៉ូតូអេឡិចត្រូនិច ត្រូវភ្លើងឆាបឆេះ ខួចខាតអស់ម៉ូតូជាច្រើនគ្រឿង បានបង្កការភ្ងាក់ផ្អើលដល់សន្តិសុខ ផ្សារដើមគរនិងសន្តិសុខ ធានាគារកាណាឌីយ៉ា នាំយកបំពង់ពន្លត់អគ្គីភ័យ មកជួយបាញ់ទាន់ពេលវេលា មិនបង្កអោយមានអ្នករងរបួសឡើយ។ ហេតុការណ៍ខាងលើនេះ កើតឡើងកាលពីវេលាវេលាម៉ោង ៩និង១០នាទីយប់ ថ្ងៃទី១៧ ខែមិនា ឆ្នាំ២០១៨នៅចំណុចហាងលក់ម៉ូតូ អេឡិចត្រូនិច ផ្លូវម៉ៅសេទុង សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បើតាមសំដីរបស់ស្រ្តីឈ្មោះ សោម ខៃណា អាយុ៥៤ឆ្នាំ ជាបុគ្កលិកដែលគាត់ នៅក្នុងហេតុការណ៍ខាងលើ បានប្រាប់អោយដឹងថា នៅមុនពេលកើតហេតុ គឺរូបគាត់បើកកង្ហា ហើយអង្គុយនិយាយទូរសព្ទ័ បានមួយសន្ទុះស្រាប់តែ ឃើញឆ្លងចរន្តខ្សែភ្លើង បណ្ដាលអោយឆាបឆេះ ឆ្លងរៀលដាលដល់ម៉ូតូ បង្កជាអណ្ដែតភ្លើងចេញមក ធ្វើអោយគាត់ភ័យយ៉ាងខ្លាំង។ បន្ទាប់មកគាត់រត់ចេញមកក្រៅ ស្រែកអោយគេជួយ ភ្លាមៗនោះសន្តិសុខផ្សារដើមគរ និងសន្តិសុខយាមធានាគារ កាលណាឌីយ៉ា នាំគ្នារត់យកបំពង់ពន្លត់អគ្គីភ័យ មកជួយបាញ់អស់ជាច្រើនបំពង់ ទើបរលត់។

ក្រោយពេលកើតហេតុ សម្ថតកិច្ចចុះមកដល់ បានធ្វើការសួរនាំ សំភារៈដែលខួចខាត មានកង់ប្រើអាគុយទាំងអស់១៧ ខួចខាតទាំងស្រុងចំនួន៦គ្រឿង និងមួយទៀតជាម៉ូតូប្រើសាំង តែគ្រាន់ឆេះកែបប៉ុណ្ណោះ ក្នុងហេតុការអគ្គីភ័យនេះដែរ គឺមិនបង្កគ្រោះថ្នាក់ដល់មនុស្សឡើយ៕