វីដេអូដែលបានចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបង្ហាញពីកំពូលភ្នំជាច្រើន នៅឯប្រទេសចិន ស្រដៀងទៅនឹងប្រាសាទពីរ៉ាមីតនៃប្រទេសអេហ្ស៊ីប ដែលបានបង្កឱ្យមានការជជែកវែកញែកតាមអ៊ីនធឺណិតអំពីការករកើតភ្នំមួយនេះថាត្រូវបានបង្កើតឡើងដោយធម្មជាតិឬក៏សុប្បនិម្មិត្ត។
រូបភាពចែកចាយពីបណ្តាញសង្គម នៃជួរភ្នំមួយកន្លែងស្ថិតនៅតំបន់ Anlong ខេត្ត Guizhou ភាគនិរតីនៃប្រទេសចិន បានធ្វើឱ្យអ្នកនិយមលេងអ៊ីនធឺណិតចាប់អារម្មណ៍យ៉ាងខ្លាំង។ ភ្ញៀវទេសចរគ្រប់ៗរូបដែលគ្មានឱកាសទៅទស្សនាប្រាសាទពីរ៉ាមីតនៅឯប្រទេសអេហ្ស៊ីប គឺអាចមកទស្សនាភ្នំពីរ៉ាមីតនៅឯប្រទេសចិននេះជំនួសវិញបាន។ ខណៈដែលបច្ចុប្បន្ន វាបាននឹងកំពុងក្លាយទៅជាកន្លែងទាក់ទាញដ៏ពេញនិយមក្នុងចំណោមភ្ញៀវទេសចរមកពីទូទាំងប្រទេសចិន និងជុំវិញពិភពលោក។

ទោះជាយ៉ាងណា យោងតាមសាស្ត្រាចារ្យ Zhou Qiuwen ភូគព្ភវិទូមកពីសកលវិទ្យាល័យ Guizhou Normal បានឲ្យដឹងថា ភ្នំដែលមានរាងដូចពីរ៉ាមីតប្រទេសចិនទាំងនេះ មិនមែនជាសំណង់ដែលបង្កើតឡើងដោយមនុស្ស ឬជាកន្លែងផ្នូរបុរាណដូចទៅនឹងការលើកឡើងរបស់សាធារណជននោះទេ។ ផ្ទុយទៅវិញ ភ្នំនេះគឺបង្កើតឡើងដោយធម្មជាតិ។
Guizhou ជាខេត្តមួយនៅភាគនិរតីនៃប្រទេសចិន ត្រូវបានកំណត់លក្ខណៈដោយជួរភ្នំជាច្រើនដែលមានកំពូលភ្នំដ៏ចោតស្រួចនិងជ្រលងជ្រៅ។ ភ្នំដែលមានរាងបែបនេះគឺកើតឡើងដោយសារតែការរលាយនៃថ្មកាបូនរលាយតាមធម្មជាតិរបស់វា។
លោកសាស្ត្រាចារ្យរូបនេះបានពន្យល់ទៀតថា៖«ការហូរច្រោះទឹកពីលើកំពូលភ្នំចុះក្រោមតាមជ្រលងភ្នំបានបណ្តាលឲ្យមានការសឹករិចរើល ជាពិសេសគឺថ្មដែលស្ថិតនៅផ្តុំបរិវេនផ្នែកខាងលើនៃកំពូលភ្នំ ទើបបណ្តាលឲ្យមានរាងស្រួចនៅចុងកំពូលបែបនេះ។ ថ្មនៃភ្នំទាំងនេះទៀតសោត គឺជាប្រភេទថ្មកំបោរ ដែលត្រូវបានប៉ាន់ស្មានថាមានអាយុកាលជាង ២០០ លានឆ្នាំមកហើយផងដែរ៕