បច្ចុប្បន្នរដូវកាលផ្លែទុរេនក៏បានមកដល់ហើយ ជឿជាក់ថាអ្នកដែលចូលចិត្តផ្លែទុរេនខ្លាំងប្រាកដជាបានទិញមកបរិភោគរួចទៅហើយផងដែរ។ យ៉ាងណាមិញ ចម្ងល់មួយគឺតែងតែលេចឡើងនៅក្នុងចំណោមមហាជន ទាំងអ្នកដែលចូលចិត្តនិងមិនចូលចិត្តផ្លែទុរេន ខណៈពាក្យចចាមរាមមួយបានលើកឡើងថា ការបរិភោគផ្លែទុរេន ស្របពេលដែលផឹកស្រា កូកា ឬកាហ្វេនោះ នឹងបណ្តាលឲ្យពុ.លស្លា.ប់ភ្លាមៗតែម្តង តើវាជាពិតឬទេ?
ទុរេនគឺផ្លែឈើហូបផ្លែម៉្យាងដែលមានតម្លៃថ្លៃ និងជាទីពេញនិយមបំផុតក្នុងចំណោមប្រជាជននៅក្នុងប្រទេសកម្ពុជា ព្រោះតែវារសជាតិផ្អែមឆ្ងាញ់ ប្លែកនិងមានក្លិនក្រអូប ថែមទាំងកម្រដាំបានទៀតផង។ ទោះជាយ៉ាងណា ក៏នូវមានមនុស្សមួយចំនួនទៀតដែលមិនចេះទទួលទានផ្លែទុរេននេះទេ ដោយគេលើកឡើងថាផ្លែរបស់វាគឺមានក្លិនស្អុយទៅវិញ។

យោងតាមការបញ្ជាក់ពីគេហទំព័រ Hello គ្រូពេទ្រ ,លោកវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសជំងឺទូទៅ បានប្រាប់ឲ្យដឹងថា បន្ទាប់ពីបរិភោគទុរេនហើយ អាហារ២ប្រភេទដែលអ្នកមិនគួរទទួលទានតាមក្រោយភ្លាមៗនោះគឺ ប្រភេទអាហារដែលមានជាតិហ្គាស និងអាហារមានជាតិផ្អែម។
លោកវេជ្ជបណ្ឌិតបានសង្កត់ធ្ងន់ថា ការញ៉ាំអាហារ២ប្រភេទនេះភា្លម ក្រោយញ៉ាំទុរេន អាចបណ្តាលឲ្យមានអាការៈមួយចំនួនដែលអាចនឹងផ្តល់ផលអវិជ្ជមានទៅកាន់រាងកាយ។ ចំពោះអាហារមានជាតិហ្គាស នឹងបណ្តាលឈឺពោះ, ឆ្អល់ពោះ ,ហើមពោះ, រាក,និងក្អួត។ ហើយបើញ៉ាំអាហារមានជាតិស្ករថែមទៀត អាចបណ្តាលឲ្យរងាក់រងើក ដោយសារលើសជាតិស្ករផងដែរ។ ទាំងនេះហើយគឺជាកត្តារួមចំណែកនៃការស្លាប់ដោយសារតែការបរិភោគផ្លែទុរេន។
បើយោងតាមការសិក្សាស្រាវជ្រាវផ្សេងទៀតបានឲ្យដឹងថា ការទទួលទានទុរេនក្នុងពេលតែមួយជាមួយស្រាអាចបណ្តាលឱ្យមានបញ្ហាសុខភាព ដូចជា ក្អួតចង្អោរ និងញ័រទ្រូង។ អ្នកវិទ្យាសាស្ត្រជឿជាក់ថាសមាសធាតុដូចទង់ដែងនៅក្នុងទុរេនអាចការពារអង់ស៊ីមមួយចំនួនពីការបំបែកជាតិអាល់កុលដែលបណ្តាលឱ្យកម្រិតជាតិអាល់កុលកើនឡើងនៅក្នុងឈាម ធ្វើឲ្យស្ទះឬដាច់សរសៃឈាម។ បន្ថែមពីនេះក៏នឹងមានបញ្ហាដល់ការរំលាយអាហារ និងខ្យល់ដង្ហើមមិនល្អជាដើម។
ចំណែកការផឹកកាហ្វេនិងភេសជ្ជៈមានជាតិហ្គាសវិញ បន្ទាប់ពីពិសារទុរេនរួចនឹងងាយប្រតិកម្ម បណ្ដាលឲ្យតានតឹងក្នុងសារពាង្គកាយឈានទៅដល់គាំងបេះដូងបាន។ លើសពីនេះ ទុរេនសម្បូរជាតិស្ករ កាឡូរីនិងកូឡេស្តេរ៉ូលខ្ពស់, វាគឺមិនសក្ដិសមទេសម្រាប់អ្នកមានជំងឺទឹក នោមផ្អែម អ្នកធាត់ និងអ្នកមានសម្ពាធឈាមកើនឡើងខ្ពស់។ ចំពោះអ្នកដែលមានជំងឺបេះ ដូង តម្រងនោម ក៏ពុំគួរបរិភោគទុរេនដែរ ព្រោះតែផ្លែទុរេនមានផ្ទុកនូវបរិមាណប៉ូតាស្យូមខ្ពស់ខ្លាំងណាស់ ដែលងាយប្រតិកម្មនិងគាំងបេះដូងភ្លាមៗតែម្តង៕