ប្រទេសអូស្ត្រាលី ៖ មុនសម្រេចចិត្តចិញ្ចឹមឆ្មា អ្នកចិញ្ចឹមឆ្មាភាគច្រើនពុំបានគិតដល់ចំណុចនេះទេ! អាជ្ញាធរអូស្ត្រាលីកំណត់ឱ្យពលរដ្ឋចិញ្ចឹមឆ្មាក្នុងផ្ទះ ដោយសារមូលហេតុមួយដែលគួរឱ្យភ្ញាក់ផ្អើល ។ ពលរដ្ឋអូស្ត្រាលីបានចិញ្ចឹមឆ្មាកាន់តែច្រើននាពេលបច្ចុប្បន្ន បើតាមការកត់ត្រាបង្ហាញថា មានឆ្មាសរុបស្មើរហូតដល់ជាង៥លានក្បាល ហើយម្ចាស់ឆ្មាភាគច្រើនបានព្យាយាមចិញ្ចឹមឆ្មានៅតែក្នុងផ្ទះ ឬឱ្យឆ្មារត់ទៅ-មកនៅបរិវេណទទួលខុសត្រូវ ។
បច្ចុប្បន្ន អាជ្ញាធរក្នុងតំបន់មួយចំនួនបានកំណត់ឱ្យពលរដ្ឋចិញ្ចឹមឆ្មាក្នុងផ្ទះប៉ុណ្ណោះ ប៉ុន្តែមានឆ្មាផ្សេងទៀតរត់លេងនៅបរិវេណក្រៅផ្ទះ, ដើរតាមផ្លូវ ឬដើរតាមសួនច្បារក្រោយផ្ទះអ្នកជិតខាង ។ អាជ្ញាធរក្នុងតំបន់១ក្នុងចំណោម៣ នៅប្រទេសអូស្ត្រាលីបានកំណត់ឱ្យពលរដ្ឋទាំងអស់ត្រូវទុកឆ្មាក្នុងផ្ទះនៅពេលយប់ ឬទុកឆ្មាក្នុងផ្ទះរយៈពេល២៤ម៉ោង ។ ការកំណត់បែបនេះភាគច្រើនស្ថិតនៅទីក្រុងក្នុងរដ្ឋ Australian Capital Territory និង Victoria ។ ចំណែកមូលហេតុដែលអាជ្ញាធរប្រាប់ឱ្យពលរដ្ឋទុកឆ្មានៅក្នុងផ្ទះរបស់ខ្លួន ដោយសារឆ្មាជាទីស្រឡាញ់ទាំងនេះអាចរំខានអ្នកជិតខាង ។

បើតាមរបាយការណ៍បង្ហាញថា ឆ្មាអាចសម្លាប់សត្វស្លាបជាច្រើនក្បាលក្នុង១ថ្ងៃ ហើយសត្វស្លាបស្មើជាង៩៩% បានរស់នៅតាមតំបន់ធម្មជាតិ និងជាសត្វសាបជិតផុតពូជស្មើជាង៧១ប្រភេទ ។ ជាទូទៅ ឆ្មាគ្មានម្ចាស់បានសម្លាប់សត្វស្លាបជាមធ្យមចំនួន៣១៦លានក្បាលក្នុង១ឆ្នាំ ខណៈឆ្មាមានម្ចាស់បានសម្លាប់សត្វស្លាបអស់៦១លានក្បាលក្នុង១ឆ្នាំ ។
សមាគមអភិរក្សសត្វរបស់អង់គ្លេសលើកឡើងថា ក្នុង១ឆ្នាំៗ ឆ្មាបានសម្លាប់សត្វស្លាបស្មើជាង២៧លានក្បាល ទើបអង្គការ International Union for Conservation of Nature (IUCN) បានចាត់ចំណាត់ថ្នាក់ឱ្យឆ្មាស្ថិតក្នុងបញ្ជីប្រភេទសត្វឈ្លានពាន និងគួរឱ្យខ្លាចបំផុតលើពិភពលោក ។ ការចិញ្ចឹមឆ្មានៅក្នុងផ្ទះ គឺជាការកាត់បន្ថយការសម្លាប់សត្វស្លាប និងសត្វតូចៗ ហើយនឹងធ្វើឱ្យវាមានសុខភាពល្អផងដែរ ។ វានឹងពុំឆ្លងជំងឺពីខាងក្រៅ ហើយអាចចម្លងជំងឺនេះមកមនុស្ស ។
ទោះយ៉ាងណា គោលនយោបាយកំណត់ឱ្យឆ្មាគ្រប់ក្បាលនៅតែក្នុងផ្ទះ ឬស្ថិតនៅផ្ទះពេលយប់នឹងទទួលបានលទ្ធផល បើមានអ្នកអនុវត្តតាម ។ ហេតុនេះ សាកលវិទ្យាល័យ Monash បានស្ទង់មតិមនុស្សជាង៣.៤០០នាក់ ដើម្បីចង់ដឹងថា តើពួកគេនឹងគាំទ្រគោលនយោបាយកំណត់ឱ្យម្ចាស់ឆ្មាទុកឆ្មាក្នុងផ្ទះដែរឬទេ?
តាមលទ្ធផលការស្ទង់មតិបង្ហាញថា អ្នកឆ្លើយតបភាគច្រើនស្មើនឹង៦៦% បានគាំទ្រឱ្យទុកឆ្មានៅក្នុងផ្ទះ ខណៈអ្នកឆ្លើយតប៨% ជំទាស់ ។ រីឯអ្នកឆ្លើយតប២៦%ទៀត មិនច្បាស់លាស់ ។ ក្រៅពីនេះ ឆ្មាស្មើ២លាន២សែនក្បាល (ឬស្មើ៤២%) ត្រូវបានម្ចាស់របស់វាចិញ្ចឹមនៅក្នុងផ្ទះស្រាប់ហើយ ។
ការចិញ្ចឹមឆ្មានៅក្នុងផ្ទះ គឺងាយស្រួលគ្រប់គ្រងពួកវា ប៉ុន្តែបញ្ហាលំបាកបំផុត គឺពិបាកគ្រប់គ្រងឆ្មាគ្មានម្ចាស់ ។ ការប្រមូលឆ្មាគ្មានម្ចាស់បញ្ជូនទៅកន្លែងចិញ្ចឹមឆ្មា និងចាប់ក្រៀវ អាចជាវិធីដោះស្រាយបញ្ហាឆ្មាអនាថាដើរតាមផ្លូវ ដែលតែងតែសម្លាប់សត្វស្លា និងសត្វតូចៗជាប្រចាំ ៕