ឥណ្ឌូនេស៊ី៖ រឿងរាវដ៏សោកសៅមួយសម្រាប់គូស្នេហ៍អភព្វមួយគូ ត្រូវបានសារព័ត៌មាន Viral ចុះផ្សាយកាលពីពេលថ្មីៗនេះ ដោយនារីជាសង្សារបង្ខំចិត្តរៀបការជាប្រុសដទៃដែលខ្លួនមិនស្រឡាញ់ ហើយខណៈដែលពិធីមង្គលការកំពុងប្រព្រឹត្តិទៅ ស្រាប់លេចមុខបុរសជាសង្សាចាស់មកជូនពរនាង ធ្វើឱ្យមានការឈឺចាប់ និងសម្រក់ទឹកភ្នែកដាក់គ្នាទៅវិញទៅមក ដែលទិដ្ឋភាពមួយនេះ ពិតជាគួរឱ្យអាណិតខ្លាំងណាស់ ។

ប្រភពព័ត៌មានបានចុះផ្សាយយ៉ាងដូច្នេះថា មង្គលការមួយបានរៀបចំឡើងនៅខេត្ត Sulawesi ភាគខាងត្បូងប្រទេសឥណ្ឌូនេស៊ី ហើយវាក៏ជាពិធីមង្គលការមួយដែលម្ដាយកូនក្រមុំបានបង្ខំនាងឱ្យរៀបការជាមួយបងប្អូនជីដូនមួយ និងហាមដាច់ខាតឱ្យផ្ដាច់ទំនាក់ទំនងជាមួយសង្សារចាស់ ។

ខណៈដែលកូនកំលោះកូនក្រមុំឡើងលើឆាក ស្រាប់តែពេលនោះលេចមុខសង្សារចាស់របស់នាងនៅក្នុងរោងការ ហើយបុរសនោះព្រមទាំងឡើងលើឆាក ជូនពរសង្សារចាស់របស់ខ្លួន ដែលទង្វើនេះធ្វើឱ្យកូនក្រមុំយំយ៉ាងខ្លាំង រហូទដល់ទន់ខ្លួនលុតជង្គង់ ចំណែកបុរសជាសង្សារចាស់នោះ ក៏លុតជង្គង់ ព្រមទាំងឱបនាង និងកូនកំលោះផងដែរ ។

ក្រោយមក កូនកំលោះ កូនក្រមុំ និងអតីតសង្សារចាស់កូនក្រមុំ បានឱបគ្នាប្រៀបដូចជាលាគ្នាយ៉ាងដូច្នេះដែរ ដែលសកម្មភាពនេះបានធ្វើឱ្យភ្ញៀវនៅក្នុងរោងការមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។
សូមបញ្ជាក់ដែរថា តាមការចុះផ្សាយគេមិនបានដឹងថា តើបន្ទាប់មកទៀតកូនក្រមុំអាចបន្តទទួលភ្ញៀវបានទៀត ឬយ៉ាងណាឡើយ ៕
សហការី KBN
ប្រភព៖ hilight