​ភ្នំពេញ៖ បុរសម្នាក់ បានប្រើល្បិចចូលទិញបារីជក់ ហើយឃើញ​ម្ចាស់​ភ្លេចខ្លួន​ ក៏បន្លំ​លួច​ម៉ូតូ​​ជិះ​គេចខ្លួន​ ទើបម្ចាស់ស្រែកឆោឡោ ផ្អើលដល់​ប្រជាពលរដ្ឋ និងសមត្ថកិច្ចនាំគ្នាស្ទាក់ចាប់ និងស្វាគមន៍ម្នាក់មួយដៃមួយជើង ​កាលពី​ម៉ោង​៨​ និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​០៩ ខែមីនា ឆ្នាំ​២០១៨ នៅ​តាមផ្លូវលំមួយខ្សែ ស្ថិតក្នុងភូមិ​ចុង​ថ្នល់​ខាងលិច សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ។

មន្រ្ដីនគរបលាខណ្ឌសែនសុខ បានឲ្យដឹងថា ជនសង័្សយដែលសមត្ថកិច្ច ឃាត់ខ្លួនជាប់ពាក់ព័ន្ធនឹងករណីលួចម៉ូតូនោះ​​ ​ឈ្មោះ ច័ន្ទ ដា​រ៉ា អាយុ​៣៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​តាមផ្លូវ​រថភ្លើង ស្ថិតក្នុងភូមិ​២​ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ មានស្រុក​កំណើត​នៅភូមិ​បួល ឃុំ​ព្រៃ​រំដេង ស្រុក​គិរីវង់ ខេត្តតាកែវ។ រីឯម្ចាស់​ម៉ូតូ​ ឈ្មោះ ទុ​យ ហង្ស អាយុ​៣០​ឆ្នាំ មុខរបរ​ជាជាងភ្លើង មានស្រុក​កំណើត​នៅភូមិ​ក្រាំង ឃុំ​ធា​យ ស្រុក​បាភ្នំ ខេត្តព្រៃវែង ហើយបច្ចុប្បន្នស្នាក់នៅក្នុងភូមិ-សង្កាត់កើតហេតុខាងលើ។

បើតាមសម្ដីរបស់​ម្ចាស់​ម៉ូតូ ​បាន​ឲ្យដឹង​ថា មុន​ពេលកើតហេតុ​ គាត់​បានយក​ម៉ូតូ​របស់​គាត់​មួយគ្រឿង ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១២ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BN-0077 មកទុកនៅ​មុខ​កន្លែង​លក់​ចាប់ហួយ។ លុះមកដល់វេលាកើតហេតុ គាត់បានឃើញ​បុរសខាងលើដើរចូលមកកន្លែងលក់ចាប់ហួយរបស់គាត់ ដោយរកទិញបារីជក់។ ស្របពេលគាត់ភ្លេចខ្លួន ស្រាប់តែគេបានលួចកាច់កម៉ូតូ​របស់គាត់ជិះចេញទៅ។ ឃើញបែបនេះ គាត់បាន​ស្រែកថា ចោរ​ៗ.. រហូតភ្ញាក់​ផ្អើលដល់​ប្រជា​ពលរ​ដ្ឋ ដែលកំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ ​ព័ទ្ធ​ចាប់​បាន​ភ្លាម​ៗ ហើយ​វាយ​ទ្រោម​ខ្លួន មុនពេល​សមត្ថកិច្ចចុះមកដល់។

ជនសង័្សយជាប់ពាក់ព័ន្ធនឹងករណីលួចម៉ូតូ ត្រូវប្រជាពលរដ្ឋឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច

ក្រោយពេលកើតហេតុ សមត្ថកិច្ចបាននាំខ្លួនសង័្សយទៅកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាល​ទឹកថ្លា ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌ ចាត់ការបន្តតាមនីតិវិធី៕