ខេត្តកំពង់ស្ពឺ៖ ​ក្មេង​ពាលមួយក្រុមបានចូលទៅរាំធុងបាស់ ហើយជាន់ជើងគ្នា ស្រាប់តែផ្ទុះកំហឹងយ៉ាងក្រេវក្រោធ លបកាប់ប្រហារ​មកលើគូទំនាស់ បណ្ដាលឲ្យរងរបួសធ្ងន់ម្នាក់ ហើយត្រូវសមត្ថកិច្ចក្របួចកជាប់ភ្លាមៗ កាលពី​វេលា​ម៉ោង​១២ ​និង​៣០​នាទី​រំលងអធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​៨ ខែមីនា ឆ្នាំ​២០១៨ នៅ​ក្នុងមិ​ថ្មី​ទម្លាប់ ឃុំ​ចាន់​សែន ស្រុក​ឧដុង្គ។

មន្ត្រីនគរបាលស្រុកឧដុង្គ បានឲ្យដឹងថា ជនដៃដល់ដែលសមត្ថកិច្ចឃាត់ខ្លួន ជាប់ពាក់ព័័ន្ធនឹងអំពើហិង្សានោះ​ ឈ្មោះ ហ៊ី​ម រស់ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ក្រាំង​ត្រប់ ឃុំ​ត្រាច​ទង ស្រុក​ឧដុង្គ។ រីឯ​ជន​រង​គ្រោះ ​ឈ្មោះ ឌុន ត្មោល ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់​ភូមិ​-​ឃុំ​កើតហេតុ។

មន្រ្ដីនគរបាល​ស្រុក​ឧដុង្គ ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតមាននូវអំពើហិង្សានោះ នៅក្នុងភូមិកើតហេតុខាងលើ មានរៀបចំពិធីបុណ្យមួយ ហើយម្ចាស់បុណ្យក៏បានដាក់ធុងបាស់ ចាក់ឲ្យភ្ញៀវជិតឆ្ងាយចូលរាំលេងកម្សាន្ដ។​ ស្របពេលនេះ ជនរងគ្រោះ និងក្មេងពាលមួយក្រុមនោះក៏បានចូលរាំលេងកម្សាន្ដដែរ ប៉ុន្តែនៅពេលពួកគេរាំញាក់ចុះឡើង ក៏ជាន់ជើងគ្នា ធ្វើឲ្យក្រុមក្មេងពាលទាំងនោះ កើតនឹងការខឹងសម្បា។ លុះ​ពេលរាំចប់ ជន​រង​គ្រោះបាន​ដើរ​ត្រឡប់​ទៅ​ផ្ទះវិញ ​ស្រាប់តែ​ជន​ដៃដល់​ ព្រមទាំង​បក្ខពួក ​បាន​ស្ទាក់​កាប់​ប្រហារមកជន​រង​គ្រោះ ​បណ្តាល​ឱ្យ​រង​របួស ​បង្កឲ្យភ្ញាក់​ផ្អើ​ក​ដល់​សមត្ថកិច្ច​ចេញទៅធ្វើអន្តរាគមន៍​ និងឃាត់ខ្លួនជនដៃដល់តែ​ម្តង។

មន្រ្ដីនគរបាលដដែល បានបន្តថា បន្ទាប់ពីឃាត់ខ្លួនបានភ្លាម សមត្ថកិច្ចបាននាំជនសង័្សយមកសាកសួរ​ ទើបគេ​ឆ្លើយ​សារភាពថា មូលហេតុ​ដែល​បណ្តាល​ឱ្យ​រូបគេ​ និងបក្ខពួក​ ស្ទាក់ផ្លូវ​កាប់ប្រហារទៅ​លើ​ជន​រង​គ្រោះនោះ គឺ​ដោយសារ​ពេល​រាំ​​ ជន​រង​គ្រោះ​រាំ​ជាន់​ជើង​​គេ។ តាម​ចម្លើយសារភាពនេះ សមត្ថកិច្ចនគរបាលស្រុក​ឧដុង្គ ​បានកសាងសំណុំរឿង ​បញ្ជូន​ជនសង្ស័យ​ទៅ​កាន់​ការិយាល័យ​នគរបាលព្រហ្មទណ្ឌ​កម្រិត​​ស្រាល នៃស្នងការដ្ឋាននគរបាលខេត្ត ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី៕