ភ្នំពេញ៖ សន្តិសុខក្រុមហ៊ុន MPA ខឹងគ្នារឿងចាក់បាស់ឮខ្លាំងពេក វាយគ្នាបែកក្បាល និងបាក់ដៃម្ខាងបង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២និង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី៩ ខែមិនា ឆ្នាំ២០១៨ នៅចំណុចគោលដៅក្នុងផែស្ងួតតែងឡាយ ​ស្ថិតនៅភូមិ​ជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះមានឈ្មោះ ញ៉ឹក ភារី ភេទប្រុស អាយុ ៤៩ឆ្នាំ មុខរបរសន្តិសុខក្រុមហ៊ុន MPA យាមផែស្ងួតតែងឡាយ ស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។ ជនបង្កឈ្មោះនឹម ថេន ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរសន្តិសុខក្រុមហ៊ុន MPA យាមនៅផែស្ងួតតែងឡាយ ជាមួយគ្នា ស្នាក់នៅផ្ទះជួល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពព័ត៌មានពីជនរងគ្រោះ បាននិយាយប្រាប់ថា នៅមុនពេលកើតហេតុរូបគាត់ ឃើញជនបង្កខាងលើចាក់បាស់នៅកន្លែងយាមក្នុងផែស្ងួតតេងឡាយ ឮសម្លេងខ្លាំងរំខាន ពេក បន្ទាប់មកគាត់បានទៅឃាត់ ថាកុំចាក់ឮពេក បើកស្តាប់តែគ្នាឯងនឹងទៅបានហើយ ។

ប្រភពដដែលបានបន្តទៀតថា ខណៈពេលជនរងគ្រោះទៅឃាត់ ជនបង្កខាងលើ បានជេរ​ជនរងគ្រោះថា «ម៉េចអាចោម្រាយ អញចាក់តែអញតើស!» ហើយនៅពេលនោះដែរ ជនរងគ្រោះបានជេរតទៅវិញថា «ហ្ហែងក៏ឈ្លើយម៉េសអាចោម្រាយ» ស្រាប់តែជនបង្កបានស្ទុះទៅយកបំពង់ទីបមកវាយទៅលើជនរងគ្រោះចំនួន ៧បំពង់ទីប បណ្តាលអោយជនរងគ្រោះបែកក្បាល និងបាក់ដៃខាងឆ្វេងរងរបួសធ្ងន់ ។

ក្រោយពេលកើតហេតុ ជនរងគ្រោះបានទូរស័ព្ទ​ប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ ហើយនាំជនបង្កខាងលើ ទៅសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងក្រសាំង ហើយជនរងគ្រោះទាមទារសំណងចំនួន ៣ពាន់ដុល្លារ តែជនបង្កអត់មានលុយសង កម្លាំងនគរបាលប៉ុស្តិ៍ត្រពាំងក្រសាំងបានកសាងសំណុំរឿងបញ្ជូនទៅជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យចាត់ការតាមនីតិវិធី ​៕