ភ្នំពេញ៖ បន្ទាប់ពី​ព្រឹទ្ធសភាកម្ពុជា បានអនុម័តទាំងស្រុង លើ​សេចក្តី​ព្រាងច្បាប់​វិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់បន្ថែមទោស លើការប្រមាថព្រះមហាក្សត្រ កាលពីព្រឹក ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨នេះមក មន្រ្ដី​ជំនាញ​ផ្នែក​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ បាន​សម្តែង​​នូវ​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​​ដំណើរ​ការ​លទ្ធិប្រជាធិបតេយ្យ ​នៅ​មុន​​ការ​បោះ​ឆ្នោត​ជាតិ​ ដែលនឹងចូលមក​ដល់​នៅ​ក្នុង​ឆ្នាំ​នេះ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ការិយាល័យ​ឧត្តម​ស្នង​ការ​សិទ្ធិ​មនុស្ស ​នៃ​អង្គការ​សហប្រជាជាតិ។

មន្ត្រី​ជំនាញ​​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ ចំនួន២រូប គឺ​លោក​ស្រី​ រ៉ូណា ស្មីត អ្នក​រាយការណ៍​ពិសេស​ស្តី​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កម្ពុជា និង​លោក​ David Kaye អ្នក​រាយការណ៍​ពិសេស​លើ​បញ្ហា​លើក​ស្ទួយ​ និង​ការពារ​សិទ្ធិ សេរីភាព ​នៃ​ការ​បញ្ចេញ​មតិ បាន​សម្តែងនូវ​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង​ទៅ​លើ​ចំណុច ​នៃ​សេចក្តី​ព្រាង​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ដែល​តម្រូវ​ឲ្យ​គណបក្ស​នយោបាយ និង​បុគ្គល​ទាំង​អស់​ត្រូវ​តម្កល់​ផល​ប្រយោជន៍​ជាតិ​ជា​ធំ និងចំណុច​ប្រឆាំង​នឹង​ការ​ជ្រៀត​ជ្រែក​ពី​បរទេស។

មន្រ្ដី​ជំនាញ​ខាងលើនេះ ​បាន​កត់​សម្គាល់​ថា ក្នុង​ចំណោម​ចំណុច​ត្រូវ​ធ្វើវិសោធនកម្ម ​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​នោះ ក៏​មាន​ចំណុច​មួយ​ បើក​ផ្លូវ​ឲ្យ​មាន​ការ​ព្យូរ ​ឬ​​ដក​សិទ្ធិ​បោះ​ឆ្នោត​របស់​ប្រជាជន​កម្ពុជា​។ ត្រង់​ចំណុច​នេះ លោក​ស្រី ​រ៉ូណា ស្មីត និង​លោក​ David Kaye ក៏បានបញ្ជាក់​ដូច​គ្នា​ថា សិទ្ធិ​នៃ​ការ​ចូល​រួម​របស់​គណបក្ស​នយោបាយ និង​សេរីភាព​បញ្ចេញ​មតិ គឺ​ជា​បញ្ហា​សំខាន់​នៅ​ក្នុង​ដំណើរ​ការ​រៀប​ចំ​ការ​បោះ​ឆ្នោត។ រីឯ​អាជ្ញាធរ​ត្រូវ​តែទទួលខុស​ត្រូវ​ក្នុង​ការ​ធានា​ថា ពលរដ្ឋ គណបក្ស​នយោបាយ និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ ​អាច​ធ្វើ​ការងារ​បាន ​ដោយ​គ្មាន​បញ្ហា។

ក្រៅពីការស្នើធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនោះ មន្រ្ដី​ជំនាញ​​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ ទាំង២រូបខាងលើនេះ ក៏បានលើកឡើងទៀតថា ​ការ​ស្នើ​ធ្វើ​វិសោធនកម្ម​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា​ ដោយ​បន្ថែម​នូវ​មាត្រា​ដាក់​ទោស​ទណ្ឌ​ដល់​ជន​ដែល​ជេរ​ប្រមាថ​ព្រះ​មហាក្សត្រ។ ចំពោះ​ចំណុច​នេះ អ្នក​ជំនាញ​ទាំង​ពីរ​អះអាង​ថា ច្បាប់នេះ​នឹង​ធ្វើ​ឲ្យ​ហានិភ័យ​ នៃ​ការ​បំពាន​ច្បាប់​ស្តី​ពី​សិទ្ធិ​មនុស្ស​ កាន់​តែ​ធ្ងន់ឡើង។ ដូច្នេះ​ពួក​គេបាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា ត្រូវ​វាយ​តម្លៃ​ឡើង​វិញ​ឲ្យ​បាន​ហ្មត់ចត់​ លើ​សេចក្តី​ព្រាង​វិសោធនកម្ម​ទាំង​នេះ ដើម្បី​ធានា​ថា ​វាអនុលោម​តាម​ច្បាប់ និង​ស្តង់ដា​រសិទ្ធិ​មនុស្ស​អន្តរជាតិ ហើយ​ថា សេចក្តី​ព្រាង​វិសោធនកម្ម​ទាំង​នេះ ជា​ពិសេស​ទាក់​ទង​នឹង​រដ្ឋធម្មនុញ្ញ ​គួរ​ត្រូវ​បើក​ឲ្យមានការ​ជជែក​ពិភាក្សាគ្នា​ជា​សាធារណៈ​ដោយ​សេរី។

ទោះជាយ៉ាងណា លោក ​សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច បាន​ប្រតិកម្ម​តប​វិញ​ថា ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធមនុញ្ញ​ ​ក៏​ដូច​ជា​ក្រម​ព្រហ្មទណ្ឌ គឺ​ដើម្បី​ដាក់​ទោស​ទណ្ឌ​លើ​អ្នក​ប្រមាថ​ព្រះ​មហាក្សត្រ។ នេះមិន​មែន​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​នោះ​ឡើយ តែវា​ជាការ​ការពារ​ទាំង​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​ទៅ​វិញ​ទេ។ រីឯអ្នក​ដែល​ជេរ​ប្រមាថ​ព្រះ​មហាក្សត្រ គឺ​ជា​អ្នក​រំលោភ​សិទ្ធិ​មនុស្ស​ដែល​រដ្ឋាភិបាល​កម្ពុជា​ចាំ​បាច់​ត្រូវ​បង្កើត​ច្បាប់ ដើម្បី​ការពារ​ការ​រំលោភ​សិទ្ធិ​មនុស្ស​។

សូមបញ្ជាក់ថា​ កាលពីថ្ងៃទី១៤កុម្ភៈ សមាជិករដ្ឋសភា១២៣រូបបានអនុម័តទាំងស្រុងលើសេចក្ដីព្រាងច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញ និង​សេចក្ដី​ព្រាង​ច្បាប់ដាក់ទោសអ្នកប្រមាថព្រះមហាក្សត្រ ឲ្យជាប់ពន្ធនាគារពី១ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី១០លាន ទៅ៥០​លាន​រៀល ប្រសិន​​បើ​តុលាការរកឃើញថាមានទោស។ បន្ទាប់ពីរដ្ឋសភាបានអនុម័័តរួចមក លោកស្រី រ៉ូណា ស្មីត បានចេញនូវសេចក្ដីថ្លែងការណ៍របស់ខ្លួនថា សេចក្ដីព្រាងច្បាប់ទាំងពីរនេះ ប្រើប្រាស់ពាក្យ​ពេចន៍​មិនច្បាស់​លាស់ ដូចជា «តម្កល់ផលប្រយោជន៍ជាតិជាធំ» និងប្រឆាំងដាច់ខាតចំពោះ «ការជ្រៀតជ្រែងពីខាងក្រៅ»។

ស្របគ្នានេះ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្ដរជាតិ កាលពីថ្ងៃព្រហស្បតិ៍ទី១៥ ខែកុម្ភៈ ក៏បានហៅសេចក្ដីព្រាងច្បាប់ទាំងពីរនេះថា វាជា​ឧបករណ៍​​ថ្មី​មួយទៀតរបស់រដ្ឋាភិបាល ដើម្បីបង្ក្រាបបក្សប្រឆាំង និងសំឡេងរិះគន់។ ប៉ុន្ដែអ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង ទាត់ចោលនូវការចោទប្រកាន់នេះ ដោយចាត់ទុកថា រដ្ឋាភិបាលកំពុងធ្វើច្បាប់ការពារអធិបតេយ្យភាព​ ផលប្រយោជន៍ជាតិ និងកិត្តិនាមព្រះមហាក្សត្រ។

ថ្វីបើមានមតិរិះគន់ជាច្រើនក្តី នៅព្រឹកថ្ងៃពុធទី២១កុម្ភៈ ព្រឹទ្ធសភាកម្ពុជា បានអនុម័តទាំងស្រុង លើ​សេចក្តី​ព្រាងច្បាប់​វិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់បន្ថែមទោស លើការប្រមាថព្រះមហាក្សត្រ៕