ខេត្តពោធិ៍សាត់៖ បុរសល្មោមកាមម្នាក់បានជាប់ពន្ធនាគារពីបទចាប់រំលោភសេពសន្ថវៈ ហើយទើបនឹងចេញពីគុក ប៉ុន្តែគេមិន​ព្រមកែខ្លួនឲ្យក្លាយជាមនុស្សល្អ ដោយបណ្ដែតបណ្ដោយទុកឲ្យកាមតណ្ហាពុះកញ្ជ្រោលឡើង រហូតអត់ទ្រាំមិនបាន ក៏ដើរទៅឃើញស្ត្រីរងគ្រោះនៅក្នុងផ្ទះ ក៏ចាប់នាងផ្លួលទៅគ្រែ រំលោភ​បាន​សម្រេចចំនួន២ដង ក្នុងមួយរំពេច តែប៉ចំថ្ងៃស៊យ ត្រូវប្អូនថ្លៃរបស់ជនរងគ្រោះមកទាន់ទាំងខ្លួន​ននល​គក កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ នៅក្នុងផ្ទះជន​រងគ្រោះ ស្ថិត​ក្នុងភូមិ​ស្នាអន្សា ឃុំស្នាអន្សា ស្រុកក្រគរ។

មន្ត្រីនគរបាលស្រុកក្រគរ បានឲ្យដឹងថា ជនសង្ស័យជាប់ពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទរំលោភសេពសន្ថវៈ ហើយរត់គេចខ្លួននោះ ឈ្មោះ ស៊ឹម ខន អាយុ៣៤ឆ្នាំ រស់នៅក្នុងភូមិស្វាយស ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ជននេះមានប្រវត្តិមិនសូវល្អ គឺធ្លាប់ជាប់ពន្ធនាគារ ពីបទចាប់រំលោភសេពសន្ថវៈ ដែលបានប្រព្រឹត្ត កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នា២០១២ ហើយគេទើបនឹងចេញពីពន្ធនាគារ កាលពីពេលថ្មីៗនេះ។ រីឯស្ត្រីរងគ្រោះ ឈ្មោះ ក ស អាយុ២៨​ឆ្នាំ ជាមនុស្សមានសតិមិនប្រក្រតី។

បើតាមសម្ដីរបស់ស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា មុនពេល​កើតមាននូវករណីចាប់រំលោភសេពសន្ថវៈនោះ នាងបាននៅក្នុងផ្ទះ​តែម្នាក់ឯង។ លុះមកដល់វេលាខាងលើ នាងបានឃើញជនសង្ស័យ ​ឈ្មោះ ស៊ឺម ខន ដើរ​ចូលមកក្នុង​ផ្ទះរបស់នាង ហើយគេប្រើល្បិចធ្វើជា​សុំ​ទឹក​ផឹក ទើបនាងដើរទៅដង​ទឹកយកមកឱ្យគេផឹក។ ដោយអាងតែជាមនុស្ស រស់នៅក្នុងស្រុកភូមិនឹងគ្នា នាងក៏បានដើរទៅដង​ទឹក​មកឲ្យជនសង្ស័យផឹក ស្រាប់តែគេដើរតាមនាងពីក្រោយនាងរហូតដល់ក្នុងផ្ទះ។ នៅពេលឃើញឱកាសល្អ ជនសង្ស័យបានចាប់ឱបនាងថើបសព្វសព៌ាងកាយ រួចហើយបោកផ្តួលនាងទៅលើគ្រែរំលោភសេពសន្ថវៈ រហូតបានសម្រេច។

ស្ដ្រីរងគ្រោះ បានបន្តថា បន្ទាប់ពីជនសង្ស័យរំលោភនាងបានសម្រេចម្ដងរួចហើយ គេក៏មិនទាន់គេចខ្លួនទៅណាឡើយ គឺនៅឱបនាងជាប់នៅក្នុងដៃគេរហូត ធ្វើឲ្យនាងមិនអាចរើបម្រះចេញរួចពីក្រញ៉ាំបិសាចតណ្ហារបស់គេបានទេ។ លុះមួយសន្ទុះក្រោយមក ជនសង្ស័យបាន​ចាប់រំលោភនាងជាលើកទី ២ម្ដងទៀត ទើបប្អូនថ្លៃរបស់នាងមកទាន់ ធ្វើឲ្យជនសង្ស័យភ័យលើកខោ បម្រុងរត់គេចខ្លួន តែត្រូវបងប្អូនរបស់នាងចាប់ជាប់។

បើតាម​ការបំភ្លឺ​របស់​ប្អូនថ្លៃជនរង​គ្រោះ បាន​ឱ្យដឹង​ថា នៅមុនពេលកើតមានករណីចាប់រំលោភសេពសន្ថវៈនេះបន្តិ​ច គាត់​បានឃើញ​ជន​សង្ស័យ ឈ្មោះ ស៊ឺម ខន ដើរទៅកាន់ផ្ទះម្តាយក្មេក​របស់គាត់ដែលមានចម្ងាយពីផ្ទះរបស់គាត់ប្រហែល ៤០ម៉ែត្រ។ នៅពេលនោះ គាត់មានការសង័្សយខ្លាចកើតមានករណីអាក្រក់ណាមួយកើតឡើង ទើបគាត់ដើរទៅកាន់ផ្ទះនោះ ពីព្រោះម្ដាយក្មេករបស់គាត់មិននៅផ្ទះ ហើយនៅតែបងថ្លៃស្រី​ម្នាក់ឯងដែលមានសតិមិនប្រក្រតី។ លុះពេលគាត់ដើរទៅដល់ផ្ទះម្ដាយក្មេក ស្រាប់តែប្រទះឃើញជនសង្ស័យ​កំពុងរំលោភ​ជន​រងគ្រោះ។

ប្អូនថ្លៃរបស់ជនរងគ្រោះ បានបន្តថា បន្ទាប់ពីឃើញជនសង្ស័យ ទាំងខ្លួនអាក្រាតកាយកំពុងដេកពីលើជនរងគ្រោះបែបនេះ គាត់បានស្ទុះទៅចាប់ជនសង្ស័យជាប់មិនឱ្យគេទៅ​ណា ហើយគាត់បាននិយាយថា បើមានរឿងអាស្រូវ​បែបនេះហើយ មានតែទៅ​ដោះស្រាយ​គ្នា នៅ​ក្នង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល ​ដើម្បីស្វែងរកយុត្តិធម៌ជូនបងថ្លៃស្រីរបស់គាត់។ ប៉ុន្តែនៅពេលនោះ ជន​សង្ស័យ​បានឆ្លើយប្រាប់គាត់ និងបងប្អូន​ថា ខ្ញុំដឹងអំ​ពីរឿងនេះ…ខ្ញុំស្រឡាញ់នាងខ្លាំងពេក ទើបខ្ញុំដាច់ចិត្តប្រព្រឹត្តបែបនេះ។ ដូច្នេះទុកឱកាសឲ្យខ្ញុំទៅជួប​ម្តាយរបស់​ខ្ញុំ ដើម្បីមកស្តី​ដណ្តឹង​នាងតាម​ផ្លូវច្បាប់។

ប្អូនថ្លៃរបស់ជនរងគ្រោះ បានប្តថា បន្ទាប់មក គាត់បាន​​ស្លៀកពាក់ខោអាវឲ្យជន​រងគ្រោះ រួចហើយគាត់បានប្រាប់ទៅបងប្អូនថា ឃាត់​ជន​សង្ស័យនៅទីនេះសិន…ចាំខ្ញុំទៅប្រាប់បងប្អូនឲ្យមកនិយាយគ្នាសិន។ ភ្លាមៗនោះ គាត់បានដើរ​ទៅផ្ទះ​ ដើម្បីទៅហៅបង​ប្អូនបន្ថែមទៀត។ លុះពេលគាត់​ត្រឡប់​មកដល់​ផ្ទះម្តាយ​ក្មេកវិញ​ ស្រាប់តែបាត់ជន​សង្ស័យ ទើបគាត់សួរទៅបងថ្លៃថា តើអាខន (ជនសង្ស័យ)ទៅណាហើយ​? បងៗរបស់គាត់បាន​ឆ្លើយថា វាសុំបង​ទៅយក​ម៉ូតូបន្តិច។ បន្ទាប់ពី​ស្តាប់ការ​រៀបរាប់​របស់បងៗរួចហើយ​ ពួកគាត់នាំគ្នានៅរង់​ចាំ​ជន​​សង្ស័យ អស់រយៈពេលយ៉ាងយូរ ប៉ុន្តែមិនឃើញគេត្រឡប់មកដោះស្រាយជាមួយគ្នា ទើបពួកគាត់ទៅប្ដឹងសមត្ថកិច្ច​ឲ្យជួយអន្តរាគមន៍ ដើម្បីស្វែងយកយុត្តិធម៌ជូនបងថ្លៃស្រីរបស់គាត់។

លោកវរសេនីយ៍ទោ ឯម រុន អធិការស្រុកក្រគរ បានឲ្យដឹងថា ជនសង្ស័យ​ខាងលើ មាន​ប្រវត្តិ​មិនល្អ ពីព្រោះគេធ្លាប់​ជាប់ពន្ធនាគា​រ ពី​បទ​ចាប់​រំលោភសេពសន្ថវៈ ​កាលពីថ្ងៃ​ទី៣០ ខែធ្នូ ឆ្នាំ២០១២ ដោយមាន​ទោសរហូត​ដល់ទៅ​១៥ឆ្នាំ ហើយគេ​ទើបតែចេញ​ពីពន្ធនាគារកាលពីពេលថ្មីៗនេះ។ ប៉ុន្តែឥឡូវជនសង្ស័យ បានចាប់រំលោភសេពសន្ថវៈទៅលើស្រី្ដមានសតិប្រក្រតីបន្តទៀត។

លោកវរសេនីយ៍ទោ ឯម រុន អធិការស្រុកក្រគរ បានបន្តថា ក្រោយពេល​ទទួលបានពាក្យ​បណ្តឹង​ពីក្រុម​គ្រួសាររបស់​ជនរង​គ្រោះរួចមក សមត្ថកិច្ចជំនាញបាន​ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួនជន​សង្ស័យ ដើម្បីនាំមកផ្តន្ទាទោស​តាមច្បាប់៕