ខេត្តកំពង់ឆ្នាំង៖ ព្រះចៅអធិការមួយអង្គ បានខិតខំប្រឹងកសាងសមិទ្ធផលនានាក្នុងវត្ត បែរជាមានជនអគតិមួយចំនួនចង់ដកហូតរបស់ព្រះអង្គឲ្យចេញពីតំណែងចៅអធិការវត្តអារញ្ញ​រង្សី ហៅ​វត្ត​ព្រែក​រាំង ស្ថិត​ក្នុងភូមិ​ព្រែក​រាំង ឃុំ​ទឹក​ហូត​ ស្រុក​រលាប្អៀរ រហូតធ្វើឲ្យប្រជាពលរដ្ឋកើតទុក្ខមិនសុខចិត្តនាំគ្នាតវ៉ា និងសុំឲ្យអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធជួយដល់ព្រះអង្គ កាលពីវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨។

បើតាមសម្ដីរបស់គណៈកម្មការ​វត្ត និងពុទ្ធបរិស័ទចំណុះជើងវត្តព្រែករាំង បានឲ្យដឹងថា បន្ទាប់ពីព្រះចៅអធិការវត្តមុនៗ បានលាចាកសិក្ខាបទ(សឹក) និងអង្គខ្លះបាននិមន្តទៅគង់នៅវត្តផ្សេងៗនោះមក ទើបនៅអំឡុងឆ្នាំ២០០៩ ពួកគាត់ជាគណៈកម្មការវត្ត អាចារ្យ និងពុទ្ធបរិស័័ទចំណុះជើងវត្ត បានស្រុះស្រួលគ្នានិមន្តព្រះតេជគុណព្រះ​នាម អ៊ុ​ក ប៊ុ​ន​ថន ឲ្យធ្វើជាព្រះចៅអធិការវត្ត ដើម្បីមើលការខុសត្រូវ ​គ្រប់គ្រងភិក្ខុសាមណេរ និងដឹកនាំការកសាងក្នុងវត្ត។ ចាប់តាំងពីព្រះអង្គបានទទួលតំណែងជាព្រះចៅអធិការនោះមក ព្រះអង្គបា់នកសាង​សមិទ្ធ​ផលជាច្រើន នៅក្នុងវត្ត រួមមាន កសាងព្រះវិហារ សាលាឆាន់ កុដិ និងសមិទ្ធផលនានាជាច្រើនទៀត។ លុះមួយរយៈពេលចុងក្រោយនេះ បែរជាមានជនអគតិមួយចំនួនតូចចង់ដកព្រះអង្គចេញពីតំណែង។

ប្រភពព័ត៌មានដដែល បានបន្តថា ការដែលពួកគេចង់ដកព្រះអង្គ អ៊ុក ប៊ុនថន ចេញពីតំណែងព្រះចៅអធិការនោះ គឺដោយសារតែ​រឿង​ធ្វើ​ព្រះ​វិហារ ​ដែល​ធ្វើ​មិនបាន​តាម​កិច្ចសន្យា ហើយគេ​បែរជា​គិតតែ​ពីទារប្រាក់​ពី​ព្រះ​អង្គ​។ ក្នុង​នាម​ពួក​គាត់​ជា​គណៈកម្មការ​ អាចារ្យនិង​ពុទ្ធបរិស័ទចំណុះជើងវត្តអារញ្ញរង្សី ហៅវត្តព្រែករាំង ចំនួន៦៥៧​នាក់ បានមើលឃើញនូវទង្វើអយុត្តិធម៌បែបនេះ គឺកើតទុក្ខមិនសុខចិត្ត នាំគ្នាផ្ដិតមេដៃ សូម​សំណូមពរ​ដល់​សម្តេច​សង្ឃ សម្តេច​តេ​ជោ ហ៊ុន សែន និងលោក​អភិបាលខេត្ត សូម​មេត្តា​ជួយរក​យុត្តិធម៌​ប្រគេនដល់ព្រះ​ចៅអធិការ​វត្ត ព្រះនាម អ៊ុក ប៊ុុនថន ផង ពីព្រោះព្រះអង្គគ្មានកំហុសអ្វីនោះទេ។

ព្រះតេជគុណ​ព្រះ​នាម អ៊ុ​ក ប៊ុ​ន​ថន ចៅអធិការ​វត្ត​ព្រែក​រាំង បានមាន​ថេរ​ដី​កា​ថា រឿងដែលគេចង់ដកអាត្មាចេញពីតំណែងព្រះចៅ​អធិការ​នោះ គឺផ្ដើមចេញពីរឿង​កសាង​ព្រះ​វិហារ​។ ក្នុងការកសាងព្រះវិហារនោះ មាន​ជាង​ចំនួន៤​នាក់រួចមកហើយ​ ក្នុងនោះ ទី​១-ជាងកសាង​ពី​គ្រឹះ រហូត​ដល់​ពិ​តាន អស់​ប្រាក់ជាង​៩​ម៉ឺន​ដុល្លារ ទី​២-ជាង​ម៉ៅ​ការ​ធ្វើ​ផ្ទោង​ តែក្រោយមកគាត់​សុំ​ឈប់វិញ ទី៣-ជាង​ឈ្មោះ ប៊ុ​ន សេង ជាអ្នក​ម៉ៅ​ការ​ធ្វើ​បន្ត​ ក្នុង​តម្លៃ​៨​ម៉ឺន​ដុល្លារ ហើយ​បាន​បើកប្រាក់​ឱ្យ​អស់​ជាង​២​ម៉ឺន​ដុល្លារ សល់​ជាង​៥​ម៉ឺន​ដុល្លារ និងទី៤-​ជាង​ឈ្មោះ ប៊ុ​ន សាន និង​ប្រ​ព​ន្ធ​ឈ្មោះ សឹម ឡេ​ង ​បាន​មក​ម៉ៅ​ការ​បន្ត​ ដោយ​ធ្វើកិច្ចសន្យាឲ្យរួចរាល់នៅ​ឆ្នាំ​២០១៧។

ព្រះចៅអធិការដដែល មានថេរដីការបន្តថា បន្ទាប់ពីធ្វើ​វិហារ​មិន​ទាន់​ចេញ​ជារូបរាងអីផង ស្រាប់តែ​នៅ​ចុងខែ​វិច្ឆិកា ​ជាងនោះបានមក​បង្ខំ​ទារ​លុយ ជាពិសេសនៅ​ពេល​បុណ្យកឋិន​ និងបុណ្យផ្សេងៗទៀត។ លុះពេលវត្តគ្មានលុយឲ្យ បែរជាជាងនោះបានទៅ​ទៅ​ប្តឹង​ដល់​ព្រះ​អនុ​គណ​ស្រុក​រលាប្អៀរ​ថា អាត្មា​មិន​ឱ្យ​លុយ​ជាង។ ប៉ុន្តែបើតាមការពិត ​អាត្មាបាន​ត្រៀម​លុយចំនួន​១៥​លាន​រៀលរួចរាល់​ហើយ ពោលគឺឲ្យ​តាម​តម្លៃ​ដែល​ជាង​ធ្វើ​បានសម្រេច។ លុះក្រោយមក ​មិនដឹង​យ៉ាងម៉េច​ បាន​ជាមន្ត្រីសង្ឃ និងសមត្ថកិច្ចមក​ចង់​ដក​អាត្មា ចេញ​ពី​ព្រះចៅអធិការ​វត្ត​ទៅ​វិញ។

ព្រះចៅអធិការដដែល បានបន្តថា អាត្មាដូចជាអត់យល់ដែររឿងហ្នឹង ពីព្រោះអាត្មាគ្មានបានប្រព្រឹត្តខុសនឹងអ្វីផង ទាំងភិក្ខុសាមណេរ និងពុទ្ធបរិស័ទចំណុះជើងវត្ត មិនមានអ្នកណាស្អប់អាត្មាទេ។ រីឯរឿងដកអាត្មាចេញពីតំណែងនោះ គឺផ្ដើមចេញពីជាងធ្វើព្រះវិហារនេះឯង។ ដូច្នេះអាត្មា​សំណូមពរ​ដល់​សម្តេច​សង្ឃ​ទាំង​ពីរ​គណៈ សម្តេច​តេ​ជោ ហ៊ុន សែន និងអភិបាលខេត្ត សូម​មេត្តាជួយ​រក​យុត្តិធម៌​ដល់​អាត្មា​ផង។

ទោះជាយ៉ាងទាក់ទិននឹងការលើកឡើងខាងលើនេះ KBN មិនអាចទាក់សុំការបំភ្លឺពីមន្ត្រីសង្ឃស្រុក និងខេត្ត ក៏ដូចជាអ្្នកពាក់ព័ន្ធបានទេ នៅរសៀល ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨នេះ៕