ខេត្ត​ព្រះ​សីហ​នុ​៖​ នៅក្នុងអំឡុងចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៤-១៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិបានសម្រុកទៅដើរលេងកម្សាន្ដ នៅតាមតំបន់រមណីយដ្ឋាននានា ក្នុងខេត្តព្រះសីហនុ មានចំនួន៩ម៉ឺននាក់។

លោក​តាំង​ សុចិត្រ​គ្រឹ​ស្នា​ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះ​សីហ​នុ​ បាន​ឲ្យ​ដឹង​ថា នៅក្នុងប្រទេសកម្ពុជាយើងសម្បូរទៅដោយតំបន់ទេស​ចរណ៍​ប្រវត្តិសាស្រ្ដ និងធម្មជាតិ ដែលជាជាអាទិភាពដ៏សំខាន់បំផុត ក្នុងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិឲ្យចូលមកទស្សនាកម្សាន្ដ។ ដោយឡែកនៅក្នុងខេត្តព្រះសីហនុ ក៏មានតំបន់ទេសចរណ៍ធម្មជាតិជាច្រើនដែលអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យចូលមកទស្សនា ហើយតំបន់ដែលជាអាទិភាពក្នុងទាក់ទាញរបស់ខេត្តនេះ គឺបន់ឆ្នេរ​សមុទ្រ​ តំបន់​កោះ​ និង​​រមណីយដ្ឋាន​ធម្មជាតិ​ជាច្រើនទៀត។

លោកប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានបន្តថា នៅក្នុងអំឡុងបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិន វៀតណាម និងកូរ៉េ រយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៤-១៨ ខែកុម្ភៈ​នេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិបានសម្រុកមកទស្សនាតំបន់ទេសចរណ៍នានា ជាពិសេសតំបន់កោះ ក្នុង​មួយ​ថ្ងៃៗ​មាន​ទេសចរ​ចន្លោះ​ពី​៤ពាន់​ទៅជិ​ត៥ពាន់​នាក់​។ ចំណែក​សុវត្ថិភាព​ សន្តិសុខ​ទូទៅ​សម្រាប់​អ្នក​ទេសចរ ​គឺ​ល្អប្រសើរ​បំផុត​ ដោយ​មាន​កិច្ច​គាំពារ​ ថែរក្សា​ការពារ​ពី​សមត្ថកិច្ច​គ្រប់​ផ្នែក​ រួមមានទាំង​នៅ​លើគោក​ និង​នៅ​ក្នុង​ទឹក៕