បុរសម្នាក់ ខឹងស្រីស្នេហ៍នាំប្រុសថ្មី ទៅច្រៀងខារ៉ាអូខេ ខឹងពេកយកកាំបិតអារក ប៉ុនប៉ងសម្លាប់ ​រួចរត់គេចខ្លួនត្រូវប្រជាពលរដ្ឋជិះរថយន្ត ដេញបុកឃាត់បាន វាយទ្រមខ្លួន បង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោងវេលាម៉ោង ៤និង៣០នាទីល្ងាច ថ្ងៃទី១៨ ខែកុម្ភៈ នៅតាមបណ្តោយផ្លូវ ចូលវត្តអង្គតាមិញ ស្ថិតនៅសង្កាត់អូបែកក្អម ខណ្ឌសែនសុខ ។

​ជនរងគ្រោះមានឈ្មោះ ហាត់ សុខជា ភេទស្រី អាយុ២៧ឆ្នាំ មុខកម្មការិនីរោងចក្រតុងហ្វាង ស្នាក់នៅបន្ទប់ជួល ភូមិទ្រុងមាន់ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ មានស្រុកកំណើតនៅភូមិត្នោតរលើង ឃុំវត្តអង្គ​ខាងជើង ស្រុកបន្ទាយមាស ខេត្តកំពត់។ ជនសង្ស័យមានឈ្មោះ ភាព ម៉ក់ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅម្តុំផ្លូវ អង្គតាមិញ មានស្រុកកំណើតនៅស្រុកពាមជ័រ ខេត្តព្រៃវែង ។

តាមប្រភពពត៌មាន ពីជនរងគ្រោះបាននិយាយថា រូបគាត់ត្រូវជនសង្ស័យ បានសុំស្នេហ៍អស់រយៈពេល ជាងកន្លះខែមកហើយ​ ទើបបានហ៊ាននិយាយប្រាប់នាងថា ស្រលាញ់បាន៣ទៅ៤ថ្ងៃ តែនាងមិនព្រមស្នេហ៍ឡើយ លុះនៅមុនពេលកើតហេតុ នៅវេលាម៉ោង​១០ព្រឹក ថ្ងៃទី១៨ ខែកុម្ភៈ រូបនាងអង្គុយមុខបន្ទប់ជួលតែឯង ដោយបន្ទប់ខាងលើ មិនបានបិទទ្វារ ​ស្រាប់តែបុរសខាងលើ បានលួចចូលបន្ទប់ ហើយយកប័ណ្ណសំរាកពេទ្យ(ប-ស-ស) យកមកគំរាមនាងថា ចាំមើលអញបានប័ណ្ណ បសស អញធ្វើឯងម្តង បន្ទាប់មកនាងបានប្រតាយប្រតប់ ឈ្លោះប្រកែកគ្នាហើយបុរសខាងលើ ចេញទៅបាត់។

លុះដល់វេលាម៉ោងកើតហេតុ ដោយនាងនិងបងប្អូន មានស្រីមានប្រុសប្រមាណ៦នាក់ មកផឹកស៊ីនៅក្នុងបន្ទប់ ខណៈពេលកំពង់តែ ផឹកស៊ីច្រៀងខារ៉ាអូខេ នៅផ្ទះជួលខាងលើ ស្រាប់តែឃើញជនសង្ស័យខាងលើ ចូលក្នុងបន្ទប់នាង បន្ទាប់មកស្រាប់តែជនសង្ស័យខាងលើ យកកាំបិតមកអារកនាងតែម្តង ។

បើតាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋបាននិយាយថា ​ភ្លាមៗនោះ ជនសង្ស័យបានកាន់កាំបិត រត់គេចខ្លួនហើយប្រជាពលរដ្ឋឃើញហេតុការណ៍ បាននាំគ្នាដេញចាប់ ហើយដោយជនសង្ស័យមានកាំបិត មិនមាននរណាម្នាក់ហ៊ានឃាត់ឡើយ ហើយនៅពេលនោះដែរ មានរថយន្តមួយគ្រឿង ដោយដឹងថា ជារថយន្តរបស់កងរាជអាវុធហត្ថ បានដេញបំបុក ផ្ទប់ដើមឈើនៅមុខសណ្ឋាគារ បាលីរីស៊ត ហើយប្រជាពលរដ្ឋឃាត់ខ្លួនបានភ្លាមៗ ត្រូវប្រជាពលរដ្ឋខាងលើ វាយទៅលើជនសង្ស័យ ម្នាក់មួយដៃម្នាក់មួយជើង បណ្តាលឲ្យរងរបួសធ្ងន់ ប៉ោងមុខហើម ។

បន្ទាប់ពីឃាត់បានភ្លាមៗ សង្ស័យបានសារភាពថា នៅមុនពេលកើតហេតុ ជនរងគ្រោះ និងសង្ស័យ ត្រូវជាសង្សារនិងគ្នា រយៈពេលជិតមួយខែមកហើយ ​បានទំនាក់ទំនងគ្នា ស្និតបានប្រមាណជិតមួយអាទិត្យមកហើយ នៅមុនពេលកើតហេតុ នៅថ្ងៃទី១៧ ខែកុម្ភះ ឆ្នាំ២០១៨ សង្សាររបស់ខ្លួន បាននាំមិត្តប្រុសមក ច្រៀងខារ៉ាអូខេ នៅបន្ទប់ជួល ធ្វើឲ្យគាត់ខឹងខ្លាំងពេក ណាមួយ មិត្តស្រីខាងលើ ច្រៀងខារ៉ាអូខេឌឺគាត់ពេក ទើបបណ្តាលអោយគាត់ ខឹងខ្លាំងពេកដោយ​ទប់ចិត្តពុំបាន ទើបគាត់យកកាំបិតមកអារកតែម្តង។

ប្រភពបានបន្តទៀតថា បន្ទាប់មកករណីនេះ បានឭដល់នគរបាលខណ្ឌពោធិ៍សែនជ័យ បានចុះមកមើលនិងឃាត់ជនសង្ស័យ តែដោយកន្លែងកើតហេតុ ស្ថិតក្នុងទឹកដីខណ្ឌសែនសុខ ទើបនគរបាល ខណ្ឌពោធិ៍សែនជ័យ រាយការណ៍ទៅ នគរបាលខណ្ឌសែនសុខមកពិនិត្យ និងទទួលយកជនសង្ស័យទៅសួរនាំ លុះមួយសន្ទុះក្រោយមក ក៏មាននគរបាលមូលដ្ឋានម្នាក់ ប៉ុស្តិ៍អូរបែកក្អម មកដល់ស្រាប់តែមាន ប៉េអឹមស្លៀកស៊ីវិល ២នាក់មកចាប់យកជនសង្ស័យវាយខ្នោះ ដណ្តើមពីនគរបាល ដោយនិយាយថា ពួកគេជាអ្នកទទួលបានមុន ព្រោះមេគេជាអ្នកឲ្យ​មកយក មហាជនរាប់រយនាក់ បានចោមរោមមើលហេតុការណ៍ ធ្វើអោយគេសន្និដ្ឋានថា «ប៉េអឹមនិងប៉ូលីស ដណ្តើមគ្នាយកជនសង្ស័យ គួរអោយអស់សំណើចមែន »។

ក្រោយពេលកើតហេតុ ជនសង្ស័យខាងលើ ត្រូវកំលាំងកងរាជអាវុធហត្ថ ខណ្ឌសែនសុខ នាំយកទៅសាកសួរនិងចាត់ការតាមនីតិវិធី ៕