ភ្នំពេញ៖ ជនសង្ស័យចំនួន ៣៣នាក់ ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ សហការណ៍ជាមួយសមត្ថកិច្ចប្រទេសថៃចុះមកបង្ក្រាបដោយសង្ស័យជាប់ពាក់ព័ន្ធ ចាប់ជំរិតតាមប្រព័ន្ធ internet ។ ប្រតិបត្តការណ៍នេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ នៅទីតាំងចំនួន២ក្នុងខណ្ឌសែនសុខ។

ប្រភពបានឱ្យដឹងថា ក្នុងការចុះបង្ក្រាបនេះ មានចំនួន ២ទីតាំងដោយក្នុងនោះទីតាំងទីមួយ នៅភូមិរោងចក្រទី១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ដោយឃាត់បានបុរស ម្នាក់និងឈានមកឆែកទីតាំងទី ២ទៀតនៅភូមិឧកញ៉ាវាំងសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ បានចំនួន ៣២នាក់បន្តទៀតសរុប ៣៣នាក់ ដោយក្នុងនោះមានជនជាតិខ្មែរ ០៤នាក់ ស្រី០៣នាក់ ជនជាតិចិនតៃវ៉ាន់មានប្រុស០៤នាក់ និងជនជាតិថៃ ២៥នាក់ ស្រី០៨នាក់ ព្រមទាំងដកហូតសម្ភារៈពាក់ព័ន្ធល្មើសច្បាប់មួយចំនួនធំ ។

បច្ចុប្បន្នក្រុមជនសង្ស័យខាងលើ ត្រូវបានបញ្ជូនយកទៅធ្វើការសាកសួរបណ្តោះអាសន្ន នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ៕