ភ្នំពេញ៖ បុរសម្នាក់ទើបតែចេញមកពីធ្វើការនៅម្តុំផ្សារអូរឫស្សី ជិះម៉ូតូត្រឡប់​ទៅផ្ទះវិញ​អត់សូវស្រួលខ្លួន បានឈប់ម៉ូតូក្អួតចង្អោរនៅម្តុំដើមពោធិ៍ទន្លេសាប ត្រូវជនសង្ស័យជាភេទទី៣ បន្លំលួចយកកាបូបលុយទៅបាត់ស្រមោល បាន ៣ថ្ងៃក្រោយត្រូវសមត្ថកិច្ចប៉ុស្តិ៍វត្តភ្នំក្របួចជាប់ ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២ រំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ តាមបណ្តោយផ្លូវ១៣កែងផ្លូវ៩៤ នៅចំណុចម្តុំរង្វង់មូលដើមពោធិ៍ទន្លេសាប ស្ថិតនៅក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។

ជនសង្ស័យជាភេទទី៣ មានឈ្មោះ ស៊ុយ សុហួរ ភេទប្រុស អាយុ ២២ឆ្នាំ ​មុខរបររកស៊ីផ្លូវភេទ ស្នាក់នៅផ្លូវជាតិលេខ៥ សង្កាត់ព្រែកភ្នៅ ខណ្ឌដូនពេញ ។
តាមប្រភពពត៌មានពីជនរងគ្រោះ បានឱ្យដឹងថា មុនពេលកើតហេតុកាលពី ៣ ថ្ងៃមុន គាត់ជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយសុគីនិច ពណ៌ត្រួយចេក មិនចាំស្លាកលេខ ទើបតែចេញមកពីម្តុំកន្លែងធ្វើការនៅផ្សារអូរឫស្សី គោលបំណងទៅផ្ទះនៅម្តុំទួលសង្កែ ។

លុះដែលដល់ចំណុចកើតហេតុខាងលើ បានឈប់ម៉ូតូក្អូតចង្អោរ ​ស្រាប់តែមានជនសង្ស័យជាភេទទី៣មកបន្លំលួចយកកាបូបលុយបានសម្រេច ហើយរត់គេចខ្លួនបាត់ស្រមោល ។ មួយសន្ទុះក្រោយមក ក៏មានខ្ទើយ ២នាក់ទៀតជិះម៉ូតូមួយគ្រឿងម៉ាកអាយអាយខុន ពណ៌ទឹកក្រូច មិនចាំស្លាកលេខ មកចង់បំន្លលួចយកទូរស័ព្ទម៉ាកiPhone 6 ពណ៌ខ្មៅទៀត ប៉ុន្តែគាត់ដឹងខ្លួនទាន់ ក៏ដេញឱ្យជនសង្ស័យទៅបាត់ ។ នៅក្នុងកាបូបរបស់ជនរងគ្រោះបាត់លុយ៣៥$ និងសម្ភារះមួយចំនួនទៀត ។

ប្រភពដដែលបានបន្តទៀតថា បន្ទាប់ពីជនសង្ស័យជាខ្ទើយលួចកាបូបបានសម្រេចរយៈពេល៣ថ្ងៃក្រោយមក ស្រាប់តែប្រទះឃើញ​ជនសង្ស័យនៅផ្លូវ១០៦ម្តុំវត្តភ្នំ ក៏ឃាត់ខ្លួនយកទៅ​សួរនាំនៅប៉ុស្តិ៍នគរបាលវត្តភ្នំ ។
ក្រោយពេលកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍វត្តភ្នំ តែនឹកឃើញថាអាណិតជនសង្ស័យ បានដកពាក្យបណ្តឹងវិញដើម្បីទុកឱកាសឱ្យកែប្រែឡើងវិញ ៕