ខេត្តកំពង់ចាម៖ ភ្លើងឆេេះភ្នក់ភ្លើងក្នុងវត្ត រាលឆាបដាលដល់វាលស្បូវ នៅតាមមាត់ទន្លេ ឆេះចេញអណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅ ផ្អើលសមត្ថកិច្ច និងអាជ្ញាធរចេញទៅពន្លត់ កាលពី​ព្រលប់ ​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅក្នុង​សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម។

លោក ខ្ច​ង អូន ចៅសង្កាត់​បឹង​កុក បាន​ឲ្យ​ដឹង​ថា កាលពីវេលា​ម៉ោង​២​ និង​៣០​នាទី​រសៀល ថ្ងៃដដែល ភ្លើង​បាន​ឆេះ​​ភ្នក់ភ្លើង​តូចមួយ នៅក្បែរចេតិយ ក្នុង​បរិវេណ​វត្ត​បឹង​កុក។ ប៉ុន្តែដោយសារមិន​មាន​អ្នក​ណា​ម្នាក់​ចាប់អារម្មណ៍​ ទើបធ្វើឲ្យ​ភ្លើង​នោះ បាន​ឆេះ​រាលដាល​បន្តិច​ម្តង​ៗមក​ដល់​ស្មៅ ​នៅ​មាត់បឹង​កុក​ ហើយឆេះ​រាល​ទៅដល់​ស្បូវ​ ដែល​ដុះ​នៅ​ក្នុង​បឹងយ៉ាងសន្ធោសន្ធៅតែម្ដង។

លោក​ចៅសង្កាត់​បឹង​កុក បានបន្ត​ថា ក្រោយ​ពី​ទទួល​បាន​នូវព័ត៌មាន​បែបនេះ សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​សង្កាត់​បឹង​កុក រូប​លោក និង​លោក ចាន់ ផ​ល្លី អភិបាលក្រុង​កំពង់ចាម បាន​ដឹកនាំ​កម្លាំង​ ចុះ​មក​ដល់​មាត់បឹង​ជា​បន្ទាន់ ដើម្បី​ពិនិត្យ​មើល​ស្ថានភាព​ដែល​បាន​កើតឡើង។ ភ្លាម​ៗ​នោះដែរ លោកស្នងការ​នគរបាល​ខេត្តកំពង់ចាមក៏បាន​បញ្ជា​ឲ្យ​មន្រ្ដីបង្ការ និងពន្លត់អគ្គិភ័យ បើករថយន្ត​ពន្លត់​អគ្គិ​ភ័យ​ចំនួន​១០​គ្រឿង ​ចេញ​មក​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ ដើម្បី​ការពារ​កុំ​ឲ្យ​ឆេះ​រាល​ដល់​ផ្ទះ​ប្រជាពលរដ្ឋ។

លោក ចាន់ ផ​ល្លី អភិបាលក្រុង​កំពង់ចាម បានឲ្យដឹងថា ក្នុង​ពេល​កើតមានគ្រោះ​អគ្គិភ័យ​នោះ ​លោក​បាន​បានដឹកនាំ​កម្លាំង​សមត្ថកិច្ច​ជា​ច្រើននាក់ រួមមាន​ នគរបាល និងអាវុធហត្ថ ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ដោយ​​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​១០​គ្រឿង​ បាញ់​ទឹក​អស់​ចំនួន​៣០​រថយន្ត ទើប​ភ្លើង​រលត់​ទៅ​វិញ និង​គ្រប់​គ្រង់​ស្ថាន​ការ​បាន​ទាំងស្រុង។

បើតាមសម្ដីរបស់ប្រជាពលរដ្ឋ បានឲ្យដឹងថា នៅ​មុខ​វិទ្យាល័យ ហ៊ុន សែន បឹង​កុក មាន​ស្ថានីយ​ប្រេងឥន្ធនៈ​មួយ​កន្លែង​ ដែល​ភ្លើង​ស្ទើរ​តែភ្លើង​ឆេះ​ដល់ តែ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ទាន់ពេល ទើបមិនមានបង្កឲ្យរងនូវការខូចខាត និងរងគ្រោះដល់មនុស្ស៕