ក្រោយពីមានភាពស្និទ្ធស្នាល កាន់តែខុសប្លែកពីធម្មតា និងសកម្មភាពមួយចំនួន ដែលបានបង្ហាញអ្នកគាំទ្រឲ្យដឹងកាន់តែស៊ីជម្រៅថា តារាចម្រៀង ស្តេប និង កញ្ញា រ៉េត ស៊ូហ្សាណា មានទំនាក់ទំនងលើសពីដៃគូចម្រៀង និងមិត្តភក្តិទៅទៀត។

យ៉ាងណាមិញ ថ្មីៗនេះលោក ស្តេប បានបញ្ចេញអារម្មណ៍នឹកដល់ដៃគូរបស់លោក តាមរយៈការបង្ហោះពាក្យសម្តី នៅក្នុងគណនីហ្វេសប៊ុករបស់លោក ដោយលោកមិនបានបញ្ចេញឈ្មោះមនុស្សដែលលោកនឹក នោះឡើយ តែអ្នកគាំទ្រ និងទស្សនិកជនស្ទើរតែទាំងអស់ អាចដឹងយ៉ាងច្បាស់ថា លោកនិយាយដល់ដៃគូរបស់លោក គឺ រ៉េត ស៊ូហ្សាណា ។ លោកបានសរសេរថា “ទោះបីជាបងនៅដើរលេងនៅក្រៅពិតមែន តែចិត្តបងនៅតែគិតដល់អូន មែនទេ? សុំទោសដែលដើរចោលអូន” ។

សារមួយឃ្លានេះ បានធ្វើឲ្យនារីៗជាច្រើន នឹកច្រណែនដល់កញ្ញា រ៉េត ស៊ូហ្សាណា ដែលមានមានបុរសសង្ហារ និងជាតារាល្បី ថែមទាំងរៀនពូកែទៀតនោះ សរសេរពាក្យពេចន៍ដ៏គួរឲ្យរំភើប ដែលមនុស្សស្រីទូទៅចង់បាន ។ តែទោះជាយ៉ាងណាក៏ដោយ អ្នកគាំទ្រនិងទស្សនិកជនទាំងអស់ រឹតតែបានដឹងច្បាស់ ពីទំនាក់ទំនងរបស់ពួកគេទាំងពីរ ដែលនឹងប្រែក្លាយពីភាពជាដៃគូ ទៅកាន់ភាពជាមិត្ត១០០ឆ្នាំ ក្នុងពេលឆាប់ៗនេះផងដែរ ៕