ភ្នំពេញ៖ បន្ទាប់ពីលោក សម រង្ស៊ី បបួលឲ្យឈប់ធ្វើនយោបាយត្រឹមអាយុ៦៥ឆ្នាំនោះមក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះ​រាជាណាចក្រកម្ពុជា បានថ្លែងប្រតិកម្ម នៅក្នុងឱកាសបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គថ្មីមួយទៀត ដោយតភ្ជាប់ទឹកដី នៃខេត្តកំពង់ចាម ទៅកាន់ទឹកដីនៃខេត្តត្បូងឃ្មុំ កាលពីព្រឹក ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយចាត់ទុកថា ការលើកឡើងបែបទណ្ឌិតនេះ គឺជាទស្សនៈឆ្កួតឡប់ ដែលមិនស្របទៅតាមច្បាប់រដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍មិនបញ្ចេញចំឈ្មោះ តែទំនងជាសំដៅទៅលើលោក សម រង្ស៊ីិ ថា៖ «មានអន្ទិតមួយនោះ វាធ្វើអីមិនបាន ស្រាប់តែម្សិលម្ង៉ៃ វាស្រែក ឥឡូវដាក់កំណត់ទៅ ដាក់កំណត់ជាមួយគ្នាថា អាយុ៦៥ឆ្នាំ ត្រូវឈប់ធ្វើនយោបាយទាំងអស់គ្នា។ អុញ! ហ្អែងជាប់​គុក​សោះ មកបបួលអញធ្វើនាយករដ្ឋមន្រ្តី ឱ្យអញចុះពីតំណែងទៅជាប់គុងជាមួយហ្អែង។ ហ្អែងជាប់គុកតែឯង ជាប់គុកទៅ គ្មានច្បាប់​ឯណា​មកហាមឃាត់អារឿងហ្នឹងទេ សិទ្ធិធ្វើនយោបាយ អ្នកឯងទៅមើលក្នុងរដ្ឋធម្មនុញ្ញមើល… គេចង់ដាក់រដ្ឋធម្មនុញ្ញថា ធ្វើនាយករដ្ឋមន្រ្តី ត្រូវធ្វើត្រឹមអាយុ៦៥ឆ្នាំបានហើយ។ បើថាឆ្កួត គឺឆ្កួតតែម្នាក់ឯងទៅ បើថាឡប់ ក៏ឡប់តែម្នាក់ឯងទៅ!»។

លោក សម រង្ស៊ី មេចលនាសង្រ្គោះជាតិ បានសរសេរបង្ហោះតាមបណ្តាញសង្គម Twitter កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅថ្មីៗនេះ ដោយបបួលសម្តេចតេជោ ហ៊ុន សែន ធ្វើច្បាប់កំណត់ មិនឱ្យនាយករដ្ឋមន្រ្តីខ្មែរ មានអាយុលើសពី៦៥ឆ្នាំ។ លោក សម រង្ស៊ី បានបញ្ជាក់​យ៉ាងដូច្នេះថា៖ «ខ្ញុំយល់ស្របជាមួយលោក ហ៊ុន សែន ពីព្រោះគាត់ (សម្ដេច) និងខ្ញុំ មានអាយុចាស់ហើយ។ យើងទាំងពីរគួរ​តែ​ជួយដល់ការអនុ​ម័ត​ច្បាប់ថ្មីមួយ ដែលនាយករដ្ឋមន្ត្រីកម្ពុជាម្នាក់ មិនត្រូវមានអាយុលើសពី៦៥ឆ្នាំទេ»។

សាររបស់លោក សម រង្ស៊ីខាងលើនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ចាត់ទុកថា ការបបួល​​របស់ទណ្ឌិតរូបនេះ ប្រៀបបីដូចជាយកគ្រឿងអលង្ការកាឡៃ ទៅដូរយកមាសសុទ្ធអ៊ីចឹង គឺនរណាៗក៏មិនអាចធ្វើបានដែរ។ ជា​មួយនឹង​ការចំអកដ៏ខ្លាំងក្លានោះ សម្តេចបានបញ្ជាក់ទៀតថា លោក សម រង្ស៊ី ជាមនុស្សឆ្លាតជ្រុល ប៉ុន្តែភាពឆ្លាតជ្រុលរបស់ទណ្ឌិតរូបនេះ បាន​ធ្វើឱ្យលោក សម រង្ស៊ី ចាញ់សម្តេចរហូតមក។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា៖ «ណែ! បើថាឯងឆ្លាតជ្រុលអ៊ីចឹង ឆ្លាតតែម្នាក់ឯងទៅ មកពីឯងឆ្លាតអ៊ីចឹងហើយ បានជាឯង ចាញ់អញរហូតហ្នឹង!។ បញ្ហា គឺអ្នកឯងមានភាពឆ្លាតវៃគ្រប់គ្រាន់ ដើម្បីដឹកនាំប្រទេសនេះឬអត់? មានសមត្ថភាពឬអត់? តែប៉ុណ្ណឹងទេ ត្រង់អ្នកឯងមកពីណា គឺជារឿងមួយផ្សេង។ ប៉ុន្តែណ្ហើយ! វាឆ្កួតទៅហើយ ឆ្កែព្រុស យើងព្រុសដាក់ឆ្កែ ក៏វាពិបាក ឆ្កែខាំជើង យើងយកមាត់យើងទៅខាំជើងឆ្កែ ក៏វាពិបាកដែរ»។

សម្តេចបានបន្តថា «គេមិនល្ងង់ដូចហ្អែងទេ ដោយសារតែគេមិនល្ងង់ដូចហ្អែងហ្នឹងហើយ ទើបគេកាន់អំណាចបានជិត៤០ឆ្នាំនោះ កុំឆ្ងល់ពេក ហើយបើគិតតាំងពីដំណាក់កាល នៃការតស៊ូរំដោះប្រទេសជាតិ គឺ៤០ឆ្នាំជាងទៅហើយ»។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា៖ «រឿងមួយដែលខ្ញុំចង់ឱ្យអ្នកឯងភ្លឺភ្នែកនោះ គឺកាលពី១៥ឆ្នាំមុន អ្នកឯងបាននិយាយអ្វី? អ្នក​ឯងបាននិយាយថា “បើមានស៊ីអត់សែន មានសែនអត់ស៊ី” មានន័យថា បើមានគេអត់ខ្ញុំ មានខ្ញុំអត់គេ។ ឥឡូវខ្ញុំធ្វើឱ្យដូច ខ្ញុំធ្វើអាហ្នឹងឱ្យដូច ធ្វើឱ្យដូចមួយជីវិត រហូតទាល់តែងាប់រៀងៗខ្លួន គឺមានឯងអត់អញ មានអញអត់ឯង»។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា «ខ្ញុំធ្វើតាមអ្នកឯងទេ អត់ធ្វើតាមនរណាទេ ព្រោះអ្នកឯងបានដាក់ចេញនូវគោលនយោបាយឃោសនា មានសែនអត់ស៊ី មានស៊ីអត់សែនៗ ហើយអ្នកឯងអនុវត្តជារៀងរហូតមក បើអ៊ីចឹង គឺចាប់បង្ខំឱ្យខ្ញុំ មិនអាចអត់ធ្មត់បានទៀតទេ ហើយអនុវត្តផ្លូវច្បាប់ ខ្ញុំអត់ធ្វើអីទេ ខ្ញុំអនុវត្តផ្លូវច្បាប់តែប៉ុណ្ណឹង»។

ដោយឡែក ការសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គថ្មី ដោយតភ្ជាប់ពីទឹកដី នៃខេត្តកំពង់ចាម ទៅកាន់ទឹកដីនៃខេត្តត្បូងឃ្មុំ ដែលបាន​បើកការដ្ឋាន កាលពីព្រឹក ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨នេះ គឺគ្រោងនឹងចំណាយថវិកាជិត៥៧លានដុល្លារ ហើយការសាងសង់នេះ នឹងត្រូវបញ្ចប់ នៅក្នុងឆ្នាំ២០២១ ដោយចំណាយពេលប្រហែល៤២ខែ។

សូមជម្រាបថា ឥស្សរជននយោបាយដ៏ល្បីល្បាញរបស់ខ្មែរទាំង២រូបនេះ មានប្រវត្តិ និងចេញមកពីដើមកំណើតខុសៗគ្នា។ លោក សម រង្ស៊ី កើតនៅឆ្នាំ១៩៤៩ ហើយរហូតមកទល់ពេលនេះ លោកមានអាយុ៦៩ឆ្នាំ។ ចំណែកសម្តេចតេជោ ហ៊ុន សែន កើតនៅឆ្នាំ​១៩៥១ មានអាយុ៦៧ឆ្នាំ គិតត្រឹមឆ្នាំ២០១៨។ លោក សម រង្ស៊ី គឺជាកូនមន្រ្តីជាន់ខ្ពស់ម្នាក់ តែក្រោយមក ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហ​នុ ឲ្យងារជាជនក្បត់​ជាតិ និងជាឆ្កែបរទេស។ ចំណែកសម្តេចតេជោ ហ៊ុន សែន គឺជាកូនកសិករ បានរត់ចូលព្រៃម៉ាគី តស៊ូតាម​ការអំពាវនាវរបស់អតីតព្រះមហាវីរក្សត្រ សម្តេចឪ។ ប៉ុន្តែក្រោយមកសម្ដេចបានប្រមូលកម្លាំង ក្រោមកិច្ចសហការជាមួយវៀតណាម រំដោះកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត។

សម្តេចតេជោ ហ៊ុន សែន បានទទួលតំណែងជានាយករដ្ឋមន្រ្តី តាំងពីឆ្នាំ១៩៨៥ និងបានឈ្នះ នៅក្នុងការបោះឆ្នោតជាតិ រយៈពេល៥អាណត្តិកន្លងមក។ ចំណែកលោក សម រង្ស៊ី នៅអាណត្តិដំបូង គ្រាន់តែជាមន្រ្ដីជាន់ខ្ពស់របស់គណបក្សហ៊្វ៊ុនស៊ិនប៉ិច ជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ក្នុងអំឡុងឆ្នាំ១៩៩៣ ហើយក្រោយមកក៏បានបង្កើតគណបក្សជាតិខ្មែរ។ បន្ទាប់​មកដោយសារមានការប្ដឹងប្ដល់គ្នា ក៏បង្កើតគណបក្ស សម រង្ស៊ី ហើយចុងក្រោយ គណបក្សសម រង្ស៊ី និងសិទ្ធិមនុស្ស ក៏បានច្របាច់បញ្ជូលគ្នាបង្កើតជាគណបក្សសង្រ្គោះជាតិ។ គណបក្សនេះត្រូវបានតុលាការកំពូល សម្រេចរំលាយចោល កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រោយពេលចោទប្រកាន់លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ក្រោមការចោទប្រកាន់ ពីបទក្បត់ជាតិ៕