ភ្នំពេញ៖ បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជំរុញឲ្យស្ថាប័នពាក់ព័័ន្ធស្រាវជ្រាវពីមូលហេតុ នៃការដួលសន្លប់របស់កម្មករ-កម្មការិនីនោះមក នៅពេលនេះ រដ្ឋមន្រ្ដីក្រសួងសុខាភិបាល និងក្រសួងពាក់ព័ន្ធ បានសហការគ្នាបង្កើតគណៈកម្មការចម្រុះ ចុះស្រាវជ្រាវស្វែងរកពីមូលហេតុ នៃការដួលសន្លប់របស់កម្មករ-កម្មការិនី។

លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានឱ្យដឹងថា នៅពេលនេះ ក្រសួងសុខាភិបាលបានសម្រេចបង្កើតគណៈកម្មការមួយដឹកនាំដោយ លោក អេង ហួត រដ្ឋលេខាធិការក្រសួងសុខាភិបាល ដោយសហការជាមួយនឹងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង អង្គការសុខភាពពិភពលោក ចុះស្រាវជ្រាវអំពីមូលហេតុ នៃការដួលសន្លប់របស់កម្មករ-កម្មការិនីខ្មែរ នៅតាមរោងចក្រនានា។

ការបង្កើតក្រុមការងារនេះ គឺធ្វើឡើង បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែង នៅក្នុងពិធីសំណេះសំណាលជាមួយកម្មករ-កម្មការិនីតំបន់កប់ស្រូវ ខណ្ឌពោធិ៍សែនជ័យ ប្រមាណ១៥១០៩នាក់ កាលពីព្រឹក ថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយជំរុញឲ្យស្ថាប័នពាក់ព័ន្ធស្រាវជ្រាវពីមូលហេតុនេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា៖ «គួរតែសិក្សាមើល ដើម្បីស្រាវជ្រាវពីបញ្ហានេះ ហើយបើសិនជាយើងខ្វះស​មត្ថភាព យើងអាចទាក់​ទងអ្នកឯកទេសខាងសុខាភិបាល ខាងវិស័យការងារឱ្យគេមកជួយមើល ជាពិសេសអង្គការសុខភាពពិភពលោកតែម្តង ដើម្បីពិនិត្យមើលបាតុភូត នៃការដួលសន្លប់នេះ មកពីបញ្ហាអ្វីពិតប្រាកដ ដើម្បីយើងស្រាវជ្រាវបញ្ហាហ្នឹង ហើយយើងបញ្ចៀសនូវបញ្ហាហ្នឹង»។

យោងតាមរបាយការណ៍របស់ក្រុមការងារទប់ស្ដាត់ករណីសន្លប់ និងបង្ការគ្រោះថ្នាក់ការងារ (ទ.ស.ប.ក) របស់ក្រសួងការងារ ប្រចាំឆ្នាំ២០១៧ បានឲ្យដឹងថា នៅក្នុងឆ្នាំ២០១៧ កម្ពុជាមានកម្មករប្រមាណ១៦០៣នាក់ បានដួលសន្លប់ ក្នុងនោះភាគច្រើនបំផុត ជាស្ដ្រី។ របាយការណ៍ដដែលនោះ បានបញ្ជាក់ថា៖ «ក្នុងឆ្នាំ២០១៧ កន្លងទៅនេះ មានករណីកម្មករសន្លប់ ចំនួន២២រោងចក្រ ស្មើនឹងចំនួន ១៦០៣នាក់ ក្នុងនោះមានកម្មការិនី ចំនួន១៥៩៩នាក់»៕