ភ្នំពេញ៖ បន្ទាប់ពីលោក សឺន ស៊ូប៊ែរ្ដិ៍ ប្រធានគណបក្សសិទ្ធិមនុស្ស ដាក់ពាក្យជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្ដីពីការប្រកាសរំលាយគណបក្សរបស់ខ្លួន កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨នោះមក ទើបនៅថ្ងៃទី១ ខែកុម្ភៈនេះ សម្តេចក្រឡាហោម បានឆ្លើយតបមក​វិញថា ការប្រកាសរំលាយខ្លួនរបស់គណបក្សសិទ្ធិមនុស្ស មិនទាន់ត្រឹមត្រូវតាមច្បាប់ ស្ដីពីគណបក្សនយោបាយ និងលក្ខន្តិកៈគណបក្សសិទ្ធិមនុស្ស ដែលតម្កល់ទុក នៅក្នុងក្រសួងមហាផ្ទៃ នៅឡើយ។

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ ដែលចុះហត្ថលេខា ដោយសម្ដេចក្រឡាហោម បានផ្ញើជូន លោក សឺន ស៊ូប៊ែរ្តិ៍ ប្រធានគណបក្សសិទ្ធិមនុស្ស បានឲ្យដឹងថា ក្រសួងមហាផ្ទៃបានទទួលរួចហើយ នូវលិខិតជូនដំណឹង ស្ដីអំពីការរំលាយគណបក្សសិទ្ធិមនុស្ស ដូចមានចុះក្នុងយោងខាងលើ។ ផ្អែកតាមបទប្បញ្ញត្តិ មាត្រា៣៣ នៃច្បាប់ ស្តីពីគណបក្សនយោបាយ និងលក្ខន្តិកៈរបស់គណបក្សសិទ្ធិមនុស្ស ដែលបានតម្កល់ទុក នៅក្នុងក្រសួងមហាផ្ទៃ ក្រសួងមហាផ្ទៃសូមស្នើឲ្យគណបក្សសិទ្ធិមនុស្ស អនុវត្តនីតិវិធីពាក់ព័ន្ធ នឹងការរំលាយគណបក្សសិទ្ធិមនុស្ស ឲ្យបានត្រឹមត្រូវ តាមប្រការ៥០(ថ្មី)​ កថាខណ្ឌទី២ នៃលក្ខន្តិកៈគណបក្សសិទ្ធិមនុស្ស ដែលបានចែងថា (រួចដាក់ជូនសមាជដើម្បីសុំការអនុម័ត តាមសំឡងគាំទ្រភាគច្រើន ២/៣ នៃសមាជិកដែលមានសិទ្ធិ សម្រេចរបស់អង្គសមាជ ទាំងមូល)”។

​យោង​តាម​លិខិត​របស់​លោក សឺ​ន ស៊ូ​បែ​រ្តិ៍ ត្រូវបាន​បង្ហោះ​តាម​រយៈ​ផេ​ក​ផ្លូវការ​របស់​លោក កឹ​ម សុខា នៅ​ម៉ោង​២ និង​៣៨​នាទី​រសៀល ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០១៨ ​នេះ បាន​បញ្ជាក់​ថា «​តាម​សម័យប្រជុំ​ នៃ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ នៃគណបក្ស​សិទ្ធិ​មនុស្ស បាន​សម្រេច​ជា​ឯកច្ឆន្ទ​ រំលាយ​គណបក្ស​សិទ្ធិ​មនុស្ស ចាប់ពី​ថ្ងៃនេះ​តទៅ​»។

ទោះ​យ៉ាង​ណា ​លិខិត​ដែល​ដាក់​ជូន​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃនេះ មិន​បាន​បញ្ជាក់​អំ​ពី​មូលហេតុ នៃការ​សម្រេច​រំលាយ​គណបក្ស​សិទ្ធិមនុស្សនោះឡើយ ប៉ុន្តែលោក សឺន ស៊ូប៊ែរ្តិ៍ បាន​ប្រាប់អ្នកសារព័ត៌មានក្នុងស្រុកថា គណបក្ស​នេះមាន​គម្រោង​រំលាយជា​យូរ​មក​ហើយ ពោលគឺតាំងពី​គណបក្ស ​សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស បាន​ច្របាច់បញ្ចូល​គ្នាម​កម្ល៉េះ។ លោក​បន្ត​ថា គ្មាន​ហេតុផល​នៅ​ពីក្រោយ ​ទាក់​ទង​នឹង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ​កាលពី​ថ្ងៃទី១៦ ខែ​វិច្ឆិកា ឆ្នាំ២០១៧​នោះ​ទេ ប៉ុន្តែ​បើទោះ​ជាចង់​បន្ត ក៏​«គ្មាន​ប្រជា​ពលរដ្ឋ​គាំទ្រ» នោះ​ដែរ។

ការ​ប្រកាស​រំលាយ​គណ​បក្ស​សិទ្ធិមនុស្ស​​ នៅ​ពេល​នេះ គឺ​ធ្វើ​ឡើង​ស្រប​ពេល​ដែល លោក កឹម សុខា ​​អតី​ត​ប្រធាន​​គណ​បក្ស​នេះ កំពុង​ជាប់​ឃុំ​​ក្នុង​ពន្ធ​នាគារ ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ «ក្បត់​ជាតិ» និង​​ធ្វើ​ឡើង​ស្រប​ពេល​ដែល​​មាន​ការ​ប្រកាស​ពីបង្កើត​ចលនា​សង្គ្រោះ​ជាតិ ដែល​​​កំពុង​តែ​មាន​ភាព​ចម្រូង​ចម្រាស​ នៅ​ក្នុង​អតី​ត​គណ​បក្ស​សង្គ្រោះ​ជាតិ រវាង​ភាគី​មក​ពី​គណ​បក្ស​ សម​ រង្ស៊ី និង​គណ​បក្ស​សិទ្ធិ​មនុស្ស។

សូមបញ្ជាក់ថា គណបក្សសិទ្ធិមនុស្សបានបង្កើតឡើង នៅឆ្នាំ២០០៧ ដោយមានប្រជាពលរដ្ឋ ប្រមាណជា២០ម៉ឺននាក់ បានផ្តិតមេដៃ ដើម្បី​​ឲ្យលោក កឹម សុខា ដែលជាអតីតប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ធ្វើជាប្រធានគណបក្ស។ ក្រោយពេលបង្កើតគណបក្សសិទ្ធិមនុស្ស បានរយៈពេល១ឆ្នាំ លោក កឹម សុខា ក៏បានឈរឈ្មោះជាបេក្ខភាព​នាយករដ្ឋមន្រ្តី សម្រាប់ការបោះឆ្នោតសភា នាខែកក្កដា ២០០៨។ នៅឆ្នាំនោះ គណបក្សកាន់អំណាចបានឈ្នះសំឡេង៩០អាសនៈ គណបក្សសម រង្ស៊ី ទទួលបាន២៦អាសនៈ និងគណបក្សសិទ្ធិមនុស្ស ទទួលបាន៣អាសនៈ។

ក្រោយពីការបង្កើតគណបក្សសិទ្ធិមនុស្ស មិនបានប៉ុន្មានឆ្នាំផង គណបក្សនេះក៏បានចាប់ដៃគ្នាជាមួយនឹងគណបក្ស សម រង្ស៊ី​ បានប្រកាសរួបរួមគ្នា បង្កើតគណបក្សសង្រ្គោះជាតិ កាលពីអំឡុងឆ្នាំ២០១២ ហើយបានចូលរួមប្រកួតប្រជែងការបោះឆ្នោតថ្នាក់ជាតិ នៅឆ្នាំ២០១៣ ដោយទទួលបាន៥៥អាសនៈ និងគណបក្សប្រជាជនកម្ពុជា បានទទួល៦៨អាសនៈ។ លុះមកដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ គណបក្សសង្រ្គោះជាតិ ​ត្រូវបានតុលាការកំពូលរំលាយចោល ក្រោយពេលចាប់ខ្លួនលោក កឹម សុខា ក្រោមការចោទប្រកាន់ពីអំពើក្បត់ជាតិ៕

សូមអានសេចក្ដីជូនដំណឹងទាំងស្រុងដូចខាងក្រោម៖