ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងនៅក្នុងឱកាសចែកសញ្ញាបត្រដល់និស្សិតជាង២ពាន់នាក់ និងសម្ពោធអគារទេព្យកោសល្យវិស្វកម្ម នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នាព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨នេះថា លោក សម រង្ស៉ី គឺជាមេភេរវកម្មដ៏ធំមួយ ដែលមានចេតនា បង្កនូវអសន្តិសុខមកដល់ប្រទេសកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានព្រមានធ្ងន់ៗថា លោក សម រង្ស៉ី សូមកុំចូលមកក្នុងប្រទេសណាមួយ នៅក្នុងតំបន់អាស៊ីឱ្យសោះ បើមិនដូច្នោះទេ លោកអាចនឹងត្រូវអាជ្ញាធរកម្ពុជា សហការជាមួយនឹងប្រទេសផ្សេងៗនោះ ចាប់ខ្លួន ពីព្រោះលោក សម រង្ស៉ី ជាមេចលនាសង្រ្គោះជាតិ ហើយត្រូវបានរដ្ឋាភិបាលចាត់ទុកថា ជាចលនាឧទ្ទាម។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា បើទណ្ឌិតរូបនេះបង្ហាញខ្លួន នៅក្នុងតំបន់អាស៊ី អាចនឹងត្រូវចាប់ខ្លួន។ សម្តេចបានប្រកាសយ៉ាងដូច្នេះថា៖ «អ្នកខ្លះ អាអ្នករត់ចោលស្រុកហ្នឹង​ថា សម្ពាធៗៗ អញ្ជើញមកសម្ពាធ វាត្រូវក្បាលហ៊ុន សែនហើយ។ សម្ពាធ តិចប៉ះលើខ្លួនឯង ហើយខ្ញុំសូមផ្តាំថា កុំមកអាស៊ីឱ្យសោះ សូមកុំមកក្បែរអាស៊ី បើអ្នកឯង តាំងខ្លួនជាភេរវករហើយ ខ្ញុំនឹងតាមយកអ្នកឯងឲ្យទាល់តែបាន។ ឥឡូវនេះគេកំពុងប្រកាសខ្លួនជាមេភេរវករហើយ មិនមែនត្រឹមតែជាអង្គការក្រៅច្បាប់ ប៉ុន្តែជាភេរវករតែម្តង ជាអង្គការភេរវកម្ម សូមអញ្ជើញចុះ»។

សម្តចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ខ្ញុំគ្រាន់តែប្រាប់ទេ អ្នកឯងគួរតែកុំបង្ខំ ឱ្យគេវាយដែកគោលទៅលើក្តាមមឈូសរបស់អ្នក​ឯង​បន្ថែមទៀត កុំសង្ឃឹមឱ្យសោះ បើនៅក្នុងដៃតុលាការ វាជារឿងមួយ។ ប៉ុន្តែបើចូលក្នុងកម្រិតអបគមន៍ហើយ សូម្បីតែ BM21 ក៏គេហ៊ានវាយចូលទៅកន្លែងហ្នឹងដែរ គេមិនអាចឱ្យប្រទេសនេះ មានអបគមន៍សាជាថ្មីទៀតទេ សូមទោស!»។

សម្តេចនាយករដ្ឋមន្រ្ដី បានបន្ថែមថា «ខ្ញុំអត់និយាយទេ ប៉ុន្មានថ្ងៃនេះ ប៉ុន្តែចលនាឯណា សូមអញ្ជើញចុះ អញ្ជើញមក ហើយមកខ្លួនឯង​ គឺល្អបំផុតហើយ។ អត់អីទេ ហ៊ុន សែន បើទោះបីជាមិនកាន់ទ័ពផ្ទាល់ក៏ដោយ ប៉ុន្តែបញ្ជាកម្លាំងប្រដាប់អាវុធទាំងអស់ ក្នុងក្របខ័ណ្ឌជាអនុប្រធានឧត្តមក្រុមប្រឹក្សាការពារជាតិ ដូច្នេះអ្នកត្រូវយល់ថា មេទ័ពមួយនេះ គឺមិនមែនជាមេទ័ពទន់ជ្រាយទេ»។

សម្តេចតេជោ បានបន្តថា «នៅចាំទេ! មានមួយនោះ គេហៅ “អាឆ្កែ” កាលពីជំនាន់សតវត្សទី២០ ឥឡូវដល់សតវត្សទី២១ កូនអាមនុស្សដដែលហ្នឹង គេហៅ “អាឆ្កែ”ទៀត»។

ស្របគ្នានោះ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងការពារជាតិ បានថ្លែង កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ កន្លង​ទៅនេះ នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថឆ្នាំ២០១៧ និងទិសដៅការងារឆ្នាំ២០១៨ ក៏ បានព្រមានថា លោកនឹងកម្ទេចចលនាសង្គ្រោះជាតិ ដែលបង្កើតឡើង ដោយបុគ្គល សម រង្ស៊ី ប្រសិនបើកើតមាននៅកម្ពុជា។ ស្របជា​មួយគ្នាដែរ ក្រសួងមហាផ្ទៃក៏បានព្រមានថា នឹងកម្ចាត់ចលនានេះចោល បើសិនជាកើតមាននៅក្នុងប្រទេសកម្ពុជា៕

លោក សម រង្ស៉ី កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ កន្លងទៅនេះ បានប្រកាសជាផ្លូវការនូវការបង្កើតចលនាសង្រ្គោះជាតិ នៅក្នុង​ទីក្រុង​ឡុចប៊ិច រដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក។ លោក សម រង្ស៊ី ក៏បានអះអាងថា ការបង្កើតចលនានេះ គឺដើម្បីស្តារនូវលទ្ធិប្រជាធិបតេយ្យ ទាមទារឱ្យដោះលែងលោក កឹម សុខា និងទាមទារឱ្យគណបក្សសង្រ្គោះជាតិ ដែលត្រូវបានតុលាការកំពូលរំលាយចោល កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧នោះ អាចចូលរួមក្នុងការបោះឆ្នោតឡើងវិញ។ ជាមួយគ្នានេះ លោក សម រង្ស៉ី បានអំពាវនាវឱ្យមានចលនាសង្រ្គោះជាតិ នៅក្នុងជួរកងទ័ព និងនៅក្នុងគណបក្សប្រជាជនកម្ពុជា ផង​ដែរ។