ភ្នំពេញ៖ បន្ទាប់ពីបើកសវនាការពេញមួយព្រឹកនោះមក ទើបនៅ​វេលា​ម៉ោង​១១ និង​២៥​នាទីព្រឹក ​ថ្ងៃ​ទី​១ ខែកុម្ភៈ ឆ្នាំ​២០១៨​នេះ ​សាលាឧទ្ធរណ៍បាន​សម្រេច នៅតែបន្ត​ឃុំខ្លួន​លោក កឹ​ម សុខា ដាក់ក្នុង​ពន្ធនាគារ​ដដែល។

នៅក្នុងសវនាការលើសំណុំរឿងសុំនៅក្រៅឃុំជាបណ្ដោះអាសន្ន​របស់​ជន​ត្រូវ​ចោទ កឹ​ម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ បានធ្វើ​ឡើងជា​អសាធារណៈ ​នៅ​វេលា​ម៉ោង​៨​ព្រឹក​ ថ្ងៃទី១ ខែកុម្ភៈនេះ នៅ​បន្ទប់​លេខ​៣ នៃ​សាលាឧទ្ធរណ៍ ប្រឆាំង​នឹង​ការ​សម្រេចរបស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ។ ជន​ត្រូវ​ចោទ កឹ​ម សុខា ត្រូវ​បាន​សមត្ថកិច្ចនាំ​ខ្លួន​នៅ​កាន់​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ខេត្ត​ត្បូងឃ្មុំ​វិញ ក្រោម​ការ​យាមកាម​យ៉ាង​ខ្លាំង​ពី​កម្លាំង​សមត្ថកិច្ច។

លោក​មេធាវី ជូ​ង ជូ​ងី ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​ថា សភា​ស៊ើបសួរ នៃ​សាលាឧទ្ធរណ៍ មិន​ព្រម​ដោះ​លែង​លោក កឹ​ម សុខា ទេ ពោល​គឺ​សាលាឧទ្ធរណ៍ នៅបន្ត​ឃុំខ្លួនកូនក្ដីរបស់លោក ដាក់នៅ​ក្នុង​ពន្ធនាគារ​ដដែល ដើម្បី​រង់ចាំ​តុលាការ​បន្ត​នីតិវិធី។

លោក អេង ឆៃអ៊ាង អតីតអនុប្រធានគណបក្សសង្រ្គោះជាតិ បានសរសេរនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា លោកប្រធាន (លោក កឹម សុខា) មិនបានធ្វើអ្វីខុសច្បាប់ទេ ឬធ្វើអ្វីឲ្យកំហុសចំពោះជាតិ និងប្រជាពលរដ្ឋខ្មែរនោះទេ ដូច្នេះសូមឲ្យតុលាការដោះលែងលោកឲ្យមានសេរីភាពឡើងវិញ។

ក្នុងឱកាសបើកសវនាលើសំណុំរឿងសុំនៅក្រៅឃុំជាបណ្ដោះអាសន្នរបស់ជនត្រូវចោទ កឹម សុខា នៅក្នុងសាលាឧទ្ធរណ៍នោះ គឺឃើញមាន​វត្តមានលោក កឹម សុខា ជាលើកដំបូងនេះ ចាប់តាំងពីលោកត្រូវបានចាប់ខ្លួន ក្រោមការចោទប្រកាន់ពីបទ ក្បត់ជាតិ ។ នៅពេលនោះដែរ គេក៏សង្កេតឃើញមានអ្នកគាំទ្រលោក និងម្តាយ ព្រមទាំងភរិយារបស់លោក កឹម សុខា បានមកឈរ នៅមុខសាលាឧទ្ធរណ៍ ដើម្បីរង់ចាំលទ្ធផល នៃសវនការនោះ។ ដោយឡែកតាមបណ្តោយ ផ្លូវជុំវិញសាលាឧទ្ធរណ៍ ត្រូវសមត្ថកិច្ចបិទបារ៉ាស់ជាច្រើនកន្លែង ហើយមានដាក់​កងកម្លាំងការពារសន្តិសុខយ៉ាងប្រយ័ត្នបំផុត។ លុះមកដល់វេលាម៉ោងជាង១០ព្រឹក ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ទើបសមត្ថកិច្ចអនុញ្ញាតឲ្យប្រពន្ធ និងម្តាយបង្កើតរបស់លោក កឹម សុខា ​ចូលទៅក្នុងបរិវេណសាលាឧទ្ធរណ៍ ដើម្បីទៅជួប និងយកបាយទៅឲ្យលោក កឹម សុខា ហូប។

 

សូមរំឭកថា លោក កឹ​ម សុខា ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន កាលពី​​រំលង​អ​ធ្រា​ត្រ ​ឈាន​ចូលថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០១៧ បន្ទាប់​ពី​មានការ​បែកធ្លាយ​វី​ដេ​អូមួយ​ បង្ហាញ​ថា លោក​បាន​អនុវត្ត​តាម​ការ​បង្គាប់បញ្ជា​របស់​សហរដ្ឋអាមេរិក ក្នុង​គោលបំណង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា អស់រយៈពេលជា​យូរណាស់​មក​ហើយ។ លុះមកដល់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧ លោក កឹម សុខា ត្រូវ​បាន​តុលាការ​ឃុំខ្លួនដាក់​ក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុះ ជា​បណ្តោះអាសន្នដោយ​ការចោទប្រកាន់​ពី​បទ «​ក្បត់ជាតិ​»។ បទ «សន្និដ្ឋិភាពជាមួយបរទេស» នេះ បើតាមមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌរបស់ព្រះរាជាណាចក្រកម្ពុជា លោក កឹម សុខា ​អាច​ប្រឈម​មុខ​នឹងការ​ជាប់​ពន្ធនាគារ​ពី​១៥​ឆ្នាំទៅ​៣០​ឆ្នាំ៕